23/02/22 13:41 PM
(បាត់ដំបង)៖ មនុស្សប្រុស ស្រី ចំនួន២នាក់ទៀត ក្នុងចំណោម ៦៩នាក់ ជាពលករទើបវិលត្រឡប់មកពីប្រទេសថៃ ត្រូវបានមន្ត្រីជំនាញរបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង ប្រចាំការនៅតំបន់ព្រំដែន ត្រង់ភូមិសាស្ត្រ ភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន រកឃើញវិជ្ជឋមានវីរូសកូវីដ១៩ ។ នេះបើតាមការផ្តល់ព័ត៌មានពីលោកវរសេនីយ៍ឯក សួន ស៊ីរ៉ា នាយការិយាល័យផ្សព្វផ្សាយអប់រំនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២នេះ ។
លោកបានបញ្ជាក់ថា អ្នកជំងឺកូវីដ១៩ ចំនួន២នាក់ ដែលរកឃើញថ្មី ជាករណីនាំចូលពីប្រទេសថៃ ត្រូវបានបញ្ជូនទៅកាន់មណ្ឌលនៅជាប់ព្រំដែននៃស្រុកសំពៅលូន ដើម្បីព្យាបាលជំងឺរួចហើយដែរ ។
លោក វរសេនីយ៍ឯក សួន ស៊ីរ៉ា បានបន្តថា កិច្ចប្រតិបត្តិការនេះ បានធ្វើឡើងជាប់ជាប្រចាំតាមបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ក្នុងកិច្ចការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលករចេញចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ទើបលោកវរសេនីយ៍ឯក ប្រាក់ សាយ មេបញ្ជាការវរសេនាតូចនគរបាល ការពាព្រំដែនគោក លេខ៨១៧ បានដឹកនាំបញ្ជាដោយផ្ទាល់ ដោយសហការជាមួយកម្លាំងពាក់ព័ន្ធ ចុះទៅទទួលប្រជាពលរដ្ឋ ដែលវិលត្រឡប់ចូលមកប្រទេសកម្ពុជាវិញ ត្រង់ភូមិសាស្ត្រ ភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ចំនួន៦៩នាក់ ។
លោកបានបញ្ជាក់ថា ក្រោយពីបានធ្វើការអប់រំណែនាំអំពីវិធានការសុវត្ថិភាពនិងការយល់ដឺងអំពីផលប៉ះពាល់នៃជំងឺកូវីដ១៩ រួចមក ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកស្រុកសំពៅលូនបានយកសំណាកធ្វើតេស្ត និងពិនិត្យសុខភាពនៅនឹងប៉ុស្តិ៍ ជាលទ្ធផលគឺមានវិជ្ជមានចំនួន២នាក់ ក្នុងនោះស្រី១នាក់ ត្រូវបានបញ្ជូនទៅកាន់មណ្ឌលព្យាបាលនៅជិតព្រំដែននៃស្រុកសំពៅលូន ខេត្តបាត់ដំបង ។
លោក សួន ស៊ីរ៉ា បានបន្តថា ចំពោះពលករចំនួន៤៦នាក់ ដែលមានកាតចាក់វ៉ាក់សាំងត្រឹមត្រូវ ក្រុមគ្រូពេទ្យបានអនុញ្ញាតឲ្យវិលត្រឡប់ទៅមូលដ្ឋានរៀងៗខ្លួនវិញ ។
ចំណែកអ្នកមានប័ណ្ណចាក់វ៉ាក់សាំងតែស្កែនអត់ចេញទិន្នន័យ ចំនួន២៣នាក់ ត្រូវបានបញ្ជូនទៅកាន់មណ្ឌលចត្តាឡីស័ក ស្ថិតក្នុងភូមិអូរល្វា ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង តាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ។
តាមរយៈនេះដែរ លោកវរសេនីយ៍ឯក ប្រាក់ សាយ មេបញ្ជាការវរសេនាតូចនគរបាលការពាព្រំដែនគោកលេខ៨១៧ បានអំពាវនាវដល់ពលករខ្មែរទាំងអស់ សូមចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ ជាមួយអាជ្ញាធរគ្រប់ជាន់ថ្នាក់ បើមានបំណងវិលមកស្រុកកំណើតវិញ សូមចូលមកតាមច្រកព្រំដែនឱ្យបានត្រឹមត្រូវចៀសវាងមកតាមមេខ្យល់ ដែលនាំឱ្យជួបនូវហានិភ័យចំពោះខ្លួនឯង គ្រួសារ និងសង្គមជាតិ ឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ ជាពិសេសប្រភេទវីរូសបំប្លែងខ្លួនថ្មីអូរមីក្រុង ៕