25/02/22 09:19 AM
បាត់ដំបង៖ ជម្រកសត្វស្លាបបឹងទន្លេសាបខេត្តបាត់ដំបង មានវត្តមានសត្វស្មោញជាប្រភេទសត្វកម្រ កំពុងបន្តរស់នៅច្រើនជាងគេនៅតំបន់អាស៊ីអាគ្នេយ៍។
មន្ត្រីអង្គការអភិរក្សបឹងទន្លេសាបបានបង្ហាញឲ្យដឹងថា ចាប់តាំងពីឆ្នាំ២០០៨មក គេសង្កេតឃើញមានសត្វស្លាបចំនួន១០ប្រភេទដែលជាសត្វរងគ្រោះខ្លាំងបំផុតបាននឹងកំពុងរស់នៅក្នុងដែនអភិរក្សជីវ:ចម្រុះរ៉ាមសារព្រែកទាល់ ក្នុងខេត្តបាត់ដំបង ហើយត្រូវបានមន្ត្រីជំនាញ រួមជាមួយអង្គការដៃគូរួមគ្នាទប់ស្កាត់ និងអភិរក្សឡើងវិញ។
ជាមួយគ្នានេះ ប្រភេទសត្វកម្រដដែលនេះក៏ប្រឈម និងរងគ្រោះដោយការយាយីខ្លាំងពីមនុស្ស តាមប្រមាញ់ធ្វើម្ហូបផងដែរនៅអំឡុងឆ្នាំ២០០៨ មានដូចជា: សត្វស្មោញ, សត្វត្រដក់តូច, ត្រដក់ធំ, សត្វទុងប្រផេះ, សត្វចង្កៀលខ្យង, រនាលពណ៌, ពពូលទឹក, សត្វក្ងខ្លួនស សត្វអង្កត់ខ្មៅ និងសត្វអកត្រីប្រផេះជាដើម ដោយបច្ចប្បុន្នសត្វស្លាបដែលកំពុងបន្តវត្តមានរស់នៅក្នុងដែនអភិរក្សបឹងទន្លេសាប ចែកចេញជា ៣ប្រភេទ ក្នុងនោះមានប្រភេទសត្វដោយអំបូរ ប្រភេទសត្វដោយបង្គួរ និងប្រភេទសត្វដ៏កម្រនៅប៉ែកអាស៊ីអគ្នេយ៍។
លោក តុន ណៃ ប្រធានសហគមន៍អេកូទេសចរណ៍តំបន់បឹងទន្លេសាបបានបញ្ជាក់ឲ្យដឹងកាលពីថ្ងៃម្សិលមិញថា ប្រភេទសត្វស្មោញក្នុងចំណោមសត្វស្លាបដែលរងគ្រោះទាំង១០ប្រភេទខាងលើ បន្ទាប់ពីមានគោលការណ៍អភិរក្សពីរាជរដ្ឋាភិបាលចាប់តាំងពីឆ្នាំ២០០១មក មន្ត្រីជំនាញបានរកឃើញជម្រកសត្វស្មោញរស់នៅលើដើមឈើតែ២ដើមប៉ុណ្ណោះ ស្មើនឹងមេពូជចំនួន ៥០០ក្បាល ហើយធម្មជាតិរបស់សត្វស្មោញវាកាច់សំបុកពងកូននៅរៀងរាល់អំឡុងខែតុលា។
លោក តុន ណៃ បានបន្ថែមថា ក្រោយរាជរដ្ឋាភិបាល ក៏ដូចជាអង្គការដៃគូបានផ្តោតយកចិត្តទុកដាក់លើការថែរក្សា និងអភិរក្សសត្វស្លាបទាំងអស់មក ក្រៅពីសត្វស្មោញ ក៏មានពូជសត្វចំនួន ៩ប្រភេទទៀត មានចំនួនកើនឡើងជាបន្តបន្ទាប់ផងដែរ ថែមទាំងបានក្លាយជាមេដែកមួយក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ឲ្យចាប់អារម្មណ៍ចូលមកទស្សនាដែនទឹកភូមិសាស្ត្រខេត្តបាត់ដំបង យ៉ាងច្រើនគួរឲ្យគាត់សម្គាល់ផងដែរ៕