លោកជំទាវ ឱ វណ្ណឌីន មានប្រសាសន៍ថា យើងត្រូវរួមគ្នាលុបបំបាត់ជំងឺគ្រុនចាញ់ប្រភេទហ្វាល់ស៊ីរ៉ូម នៅឆ្នាំ២០២៣


ត្រលប់ក្រោយ

25/02/22 14:54 PM

ចំនួនទស្សនា៖

214

ប្រភព៖

សៀមរាប

សៀមរាប៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបិទសន្និបាតបូកសរុប ការងារបស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ នៅខេត្តសៀមរាប នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២២ ម្សិលមិញនេះ។ 


លោកជំទាវរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ សម្រាប់កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ថា៖

• សូមជំរុញការអនុវត្តវិធីផ្តល់ថ្នាំបង្ការទុកជាមុន (IPTf) ទៅដល់ក្រុមគោលដៅប្រឈមខ្ពស់ (ចូលព្រៃ) ដើម្បីបង្ការការលេចចេញនូវករណីចម្លងថ្មីៗ ឬ បង្ការការចម្លងទៅអ្នកដទៃដែលនៅជិតខាង ឬតំបន់ក្បែរៗក្រុមគោលដៅប្រឈមខ្ពស់នោះ។

• បង្កើតក្រុមការងារអន្តរខេត្ត ឬអន្តរតំបន់ដែលមានហានិភ័យខ្ពស់ ឬនៅមានករណីគ្រុនចាញ់នៅឡើយ ដើម្បីរួមគ្នាសហការទប់ស្កាត់ និងលុបបំបាត់ជំងឺគ្រុនចាញ់ ជាក្របខណ្ឌតំបន់ នៅតាមតំបន់ផ្សេងៗគ្នាទូទាំងប្រទេស។

• ត្រូវពន្លឿនការបង្កើតក្រុមការងារខាងលើ ដោយធ្វើកិច្ចសហការណ៍ជាមួយក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន ក្រសួងកិច្ចការនារី ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ និងផ្នែកពាក់ព័ន្ធផ្សេងៗទៀត ជាបែបអន្តរវិស័យ ដើម្បីទប់ស្កាត់ការឆ្លងដល់ភ្ញៀវទេសចរណ៍ធ្វើដំណើរកំសាន្តតាមបែបផ្សងព្រេងនៅតាមតំបន់ដែលមានការចម្លងជំងឺគ្រុនចាញ់។

• ត្រូវបង្កើនការងារផ្សព្វផ្សាយ អប់រំសុខភាព ជាពិសេសអំពីផលប្រយោជន៍នៃការចូលរួមអនុវត្តន៍ទទួលថ្នាំបង្ការទុកជាមុន និងវិធានការការពារផ្សេងៗទៀត ឱ្យបានទូលំទូលាយនៅតាមតំបន់ហានិភ័យនានា។

• ត្រូវបន្តការងារគ្រប់គ្រងព័ត៌មានអ្នកជំងឺគ្រុនចាញ់ ឱ្យបានហ្មត់ចត់ ដោយមានការតាមដានជាប់ជាប្រចាំ និងធ្វើការវាយតម្លៃវឌ្ឍនភាពការងារ ឱ្យបានទាន់ពេលវេលា។


លោកជំទាវរដ្ឋលេខាធិការ បានលើកឡើងថា ចំពោះជំងឺគ្រុនឈាម និងគ្រុនឈីក ឬជំងឺផ្សេងៗដែលឆ្លងតាមរយៈមូសខាំ៖

• ត្រូវបង្កើនការផ្សព្វផ្សាយពីចំណេះដឹងអំពីរោគសញ្ញា វិធីបង្ការ និងការស្វែងរកព្យាបាលឱ្យបានទាន់ពេលវេលា។

• ពង្រីកសមត្ថភាពការគ្រប់គ្រងជំងឺគ្រុនឈាម គ្រុនឈីក ឬជំងឺផ្សេងៗដែលអាចកើតមានដោយសារមូសខាំ ជូនដល់មន្រ្តីសុខាភិបាលនៅគ្រឹះស្ថានសុខាភិបាលសាធារណៈនិង សេវាឯកជន។

• ការលុបបំបាត់ជម្រកមូសខ្លា នៅតែជាចំណុចសំខាន់ដែលត្រូវយកចិត្តទុកដាក់ខ្ពស់ នៅតាមមូលដ្ឋាននៃ បណ្តាខេត្តនានា ដើម្បីកាត់បន្ថយការកកើតឡើងច្រើនពេកនូវភ្នាក់ងារចម្លងជំងឺគ្រុនឈាម និងគ្រុនឈីក ព្រមទាំងជំងឺផ្សេងៗទៀត ដែលអាចកើតមានឡើងជាយថាហេតុ។


គូរបញ្ជាក់ផងដែរថា ដើម្បីលុបបំបាត់នូវជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ ឬក៏ជំងឺផ្សេងៗត្រូវមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា។ ហើយជំងឺទាំងអស់នេះមិនមែនទើបតែមានក្នុងពេលបច្ចុប្បន្ននោះទេ អ្វីដែលសំខាន់ និងព្រួយបារម្ភខ្លាំងនោះគឺយើងត្រូវតែរួបរួមគ្នាទប់ស្កាត់ជំងឺផ្សេងៗ ពិសេសគឺជំងឺកូវីដ-១៩ ដែលជាជំងឺដ៏កាចសាហាវ និងជាកង្វល់របស់រដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាលផងដែរ៕ អត្ថបទ: ប្រសិទ្ធ




dd
Bottom Ad