28/02/22 10:00 AM
កំពង់ចាម៖ ដោយមើលឃើញការលំបាករបស់លោកតា-យាយភាគច្រើនជាអ្នកមានជំងឺប្រចាំកាយ និងមានកូនក្មួយ និងចៅៗកំព្រារស់នៅក្នុងបន្ទុក ខណៈពេលដែលឪពុកម្តាយពួកគេបានធ្វើចំណាកស្រុក និងប្រកបរបររកស៊ីនៅទីឆ្ងាយៗ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅនេះ លោកជំទាវ ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍សាខា តំណាងដ៏ខ្ពង៎ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា អមដំណើរដោយសហការីក្រោមឱវាទ និងអនុសាខាស្រុក បានអញ្ជើញចុះជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនជនចាស់ជរា ខ្វះខាតក្នុងជីវភាពចំនួន ៣៤គ្រួសារ នៅស្រុកកោះសូទិន ដែលក្នុងនោះ មកពីឃុំពាមប្រធ្នោះ ០៨គ្រួសារ និងឃុំកំពង់រាប ២៦គ្រួសារ។
នាឱកាសនោះ លោកជំទាវ ប៉ាង ដានី បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា និង ឯកឧត្តម ហ៊ុន ណេង ប្រធានកិត្តិយសសាខា ពិសេសពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់តា-យាយ ទាំងអស់ ដោយក្តីនឹករលឹក និងអាណិតអាសូរជាទីបំផុត ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ពិសេស ជនចាស់ជរាគ្មានទីពឹង ដោយមិនរើសអើងឡើយ ហើយតែងបានចាត់តំណាងឲ្យចុះអន្តរាគមន៍ដោះស្រាយ ផ្តល់ជំនួយសង្រ្គោះ ជួយសម្រាលទុក្ខលំបាកបានទាន់ពេលវេលា ស្របតាមទិសស្លោក «កាកបាទក្រហមមាននៅគ្រប់ទីកន្លែង សម្រាប់យើងគ្រប់ៗគ្នា ដោយមិនទុកនរណាម្នាក់ចោល» ។ លោកជំទាវ អនុប្រធានអចិន្ត្រៃយ៍សាខា បានសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ពិសេស តា-យាយ ចាស់ៗ សូមយកចិត្តទុកដាក់ ក្នុងការថែទាំសុខភាព និងសុវត្ថិភាពផ្ទាល់ខ្លួន ហើយកត្តាដែលសំខាន់នោះ គឺត្រូវប្រកាន់ខ្ជាប់នូវអនាម័យរស់នៅស្អាត ហូបស្អាត ពិសារទឹកដាំពុះ ពិសារអាហារ ដែលចម្អិនឆ្អិនល្អ និងត្រូវសម្រាន្តក្នុងមុង ហើយសូមជូនពរលោកតា-យាយ មានសុខភាពរឹងមាំ អាយុយឺនយូរ បន្តរស់នៅក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍ។
ជាមួយគ្នានោះដែរ លោកជំទាវ បានក្រើនរំលឹកដល់លោកតា-យាយ អ្នកចូលរួមទាំងអស់ សូមអនុវត្តរបៀបរស់នៅ តាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទ នៃជម្ងឺកូវីដ-១៩ ដោយអនុវត្តឲ្យបានខ្ជាប់ខ្ជួន វិធានការ «៣ការពារ ៣កុំ» និងនាំគ្នាទៅទទួលការចាក់វ៉ាក់សាំងទាំងដូសមូលដ្ឋាន ទាំងដូសជំរុញឲ្យបានគ្រប់ៗគ្នា ព្រោះថា វីរុសបម្លែងថ្មី ប្រភេទ Omicron នេះ មានកម្រិតឆ្លងរាលដាលលឿន និងសកម្មជាងប្រភេទDelta ហើយអត្រា នៃការឆ្លងក្នុងសហគមន៍ កំពុងមានការកើនឡើង ពិសេស លើមនុស្សវ័យចាស់ កុមារ និងអ្នកដែលមានប្រព័ន្ធការពារខ្លួនខ្សោយ ដែលករណីនេះ យើងមិនត្រូវមើលស្រាលជាដាច់ខាត។
នាឱកាសនោះដែរ លោកជំទាវ ប៉ាង ដានី និងក្រុមការងារ បាននាំអំណោយមនុស្សធម៌ ចែកជូនលោកតា-យាយ ទាំង ៣៤គ្រួសារ ក្នុង ១គ្រួសារមាន៖ អង្ករ ២៥គ.ក្រ ទឹកត្រី ១យួរ មី ១កេស ទឹកស៊ីអ៊ីវ ១យួរ ត្រីខ ១០កំប៉ុង សាប៊ូ ៤ដុំ ឃីត ១កញ្ចប់ អាវយឺត ៤ ម៉ាស់ ១០បន្ទះ និងថវិកាចំនួន ៣ម៉ឺនរៀល ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវ ប៉ាង ដានី ក៏បានប្រគេនព្រះចៅអធិការវត្តកោះចិន នូវ ៖ អង្ករ ១០០គក្រ មី ៤កេស ត្រីខ ៤យួរ និងបច្ច័យ ២០ម៉ឺនរៀល ផងដែរ៕