អភិបាលខេត្តបាត់ដំបង ណែនាំមន្ត្រីមូលដ្ឋានត្រូវយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋក្នុងការទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩


ត្រលប់ក្រោយ

28/02/22 10:20 AM

ចំនួនទស្សនា៖

209

ប្រភព៖

បាត់ដំបង

បាត់ដំបង៖ នាឱកាសដែលអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលស្រុកបវេល ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង មានប្រសាសន៍ថា មន្ត្រីមូលដ្ឋានយើងទាំងអស់ត្រូវតែចុះស្រង់ស្ថិតិរបស់ប្រជាពលរដ្ឋ ថាតើប្រជាពលរដ្ឋណាខ្លះដែលមិនទាន់បានចាក់វ៉ាក់សាំង និងពលរដ្ឋណាខ្លះដែលបានចាក់វ៉ាក់សាំងហើយ មិនទាន់គ្រប់ដូសដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។  



ការមានប្រសាសន៍បែបនេះ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ បន្ទាប់ពីប្រគល់ជូនអនុក្រឹត្យ និងត្រារដ្ឋបាលស្រុករួច លោក លួត សាលី ដែលទើបតែប្រកាសតែងតាំងមុខតំណែងជាអភិបាល នៃគណៈអភិបាលស្រុកបវេលថ្មី បានឡើងប្ដេជ្ញាចិត្ត ជូនចំពោះគណៈអធិបតី និងអង្គពិធីទាំងមូល ក្នុងន័យបន្តការបម្រើប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាព។



ឯកឧត្តមអភិបាលខេត្តបាត់ដំបង មានប្រសាសន៍បន្ថែមទៀតថា មន្ត្រីយើងទាំងអស់ត្រូវបន្តពង្រឹងសមាគ្គីភាពផ្ទៃក្នុង ចេះគោរពគ្នាទៅវិញទៅមក ដើម្បីប្រសិទ្ធភាពការងារនៅក្នុងអង្គភាពមានភាពប្រសើរឡើង និងគុណភាព ក្នុងន័យបម្រើសេវាជនប្រជាពលរដ្ឋកាន់តែល្អប្រសើរ។ ពិសេសត្រូវបន្តពង្រឹងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ប្រភេទបម្លែងខ្លួនថ្មី អូមីក្រុង ដែលបច្ចុប្បន្ននេះ កំពុងតែមានការផ្ទុះរីករាលដាលជាសហគមន៍កាន់តែធ្ងន់ធ្ងរនៅលើបណ្ដាប្រទេសក្នុងពិភពលោក ក៏ដូចជាប្រទេសកម្ពុជាក៏កំពុងរីករាលដាលដែរ។ ត្រូវពន្យល់ណែនាំប្រជាពលរដ្ឋឱ្យបានទូលំទូលាយនូវអត្ថប្រយោជន៍នៃការចាក់វ៉ាក់សាំង ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ក្រុមគ្រួសារ និងខ្លួនឯងផងដែរ។



គួរបញ្ជាក់ផងដែរថា ការចាក់វ៉ាក់សាំងជូនដល់ពលរដ្ឋកម្ពុជានៅទូទាំងប្រទេស គិតត្រឹមថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ នេះបាន៖

-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០២.៣៤% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់

-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៩.៨២% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់

-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៦.៥៧% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់

-លើកុមារអាយុ ០៥ឆ្នាំ មាន ១១១.៧៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់

-លើកុមារអាយុ ០៣ឆ្នាំ ដល់ក្រោម ០៥ឆ្នាំ មាន ១០.៦៣% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់

-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាននាក់ មាន ៩០,៥៣% ៕ អត្ថបទ: ប្រសិទ្ធ




dd
Bottom Ad