28/02/22 10:54 AM
(ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ នេះលោក យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រួមដំណើរដោយលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញចុះពិនិត្យទីតាំង និងបើកកិច្ចប្រជុំត្រៀមរៀបចំប្រារព្ធពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ និងសាលាបឋមសិក្សា-វិទ្យាល័យតេជោសែនត្បូងឃ្មុំ ដែលនឹងប្រព្រឹត្តទៅនាដើមខែមីនា ឆ្នាំ២០២២ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ក្នុងនោះក៏មានការ អញ្ជើញចូលរួមពីសំណាក់រដ្ឋលេខាធិការក្រសួងសុខាភិបាល ប្រតិភូក្រសួង-ស្ថាប័នពាក់ព័ន្ធ អភិបាលរងខេត្ត ប្រធាន-អនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត ព្រមទាំងថ្នាក់ដឹកនាំ និងក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ ស្ថិតក្នុងឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ទីរួមខេត្តត្បូងឃ្មុំ។
បន្ទាប់ពីដើរត្រួតពិនិត្យជុំវិញទីត្រៀមប្រារព្ធពិធីរួចមក ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានបង្ហាញពីផែនការ និងការរៀបចំនានាយ៉ាងម៉ត់ចត់គ្រប់ជ្រុងជ្រោយទាំងសោភណ្ឌភាព និងសុវត្ថិភាពជូនថ្នាក់ដឹកនាំ និងអ្នកចូលរួមនាថ្ងៃប្រារព្ធពិធី។
មានប្រសាសន៍នាឳកាសនោះ ឯកឧត្ដម យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានណែនាំឲ្យក្រុមការងារទាំងអស់សហការគ្នា ធ្វើយ៉ាងណាការពារឲ្យបានតឺងរឹងបំផុត ធានាសុខសុវត្ថិភាព ទប់ស្កាត់ទាំងសត្រូវដែលមើលឃើញដោយកងកម្លាំងទាំង០៣ និងសត្រូវដែលមើលមិនឃើញ គឺមេរោគកូវីដ-១៩ ដោយក្រុមគ្រូពេទ្យកងទ័ពអាវស ចំពោះអ្នកចូលរួមគ្រប់ជាន់ថ្នាក់ត្រូវធ្វើតេស្តរកមេរោគកូវីដ-១៩ ឲ្យបានច្បាស់លាស់ពិតប្រាកដថា អវិជ្ជមានជាមុនសិន ទើបអាចចូលក្នុងទីប្រារព្ធពិធី។
បើតាមលោកវេជ្ជបណ្ឌិត អេក ឃាង ប្រធានមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំឲ្យដឹងថា មន្ទីរពេទ្យនេះបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងបញ្ចប់ការសាងសង់នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ដោយចំណាយថវិកាអស់ប្រមាណ ៥០លានដុល្លាអាមេរិក ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។ លោកបន្ថែមថា ផ្ទៃក្រឡាមន្ទីរពេទ្យ មានទំហំ៥៥,៨១៤ ម៉ែត្រការ៉េ និងក្រឡាផ្ទៃអគារ មានទំហំ២៤,៣០០ ម៉ែត្រការ៉េ មានកំពស់២៤ម៉ែត្រ ចែកចេញជា០៥ជាន់។ មន្ទីរពេទ្យនេះ បំពាក់នូវឧបករណ៍ទំនើបៗ និងមានគ្រែសរុបចំនួន៣០០គ្រែ រួមទាំងមានទទួលព្យាបាល វះកាត់ ពិគ្រោះយោបល់ជំងឺទូទៅ ដែលមានក្រុមគ្រូពេទ្យជំនាញប្រមាណជាង៤០០នាក់ ដែលជាមន្ទីរពេទ្យប្រចាំតំបន់ភូមិភាគ គ្រប់ដណ្តប់ប្រជាជនមួយចំនួននៃខេត្តក្រចេះ រតនគិរី ស្ទឹងត្រែង និងមណ្ឌលគិរី។
ជាមួយនឹងការសម្ពោធសាលាបឋមសិក្សា-វិទ្យាល័យតេជោសែនត្បូងឃ្មុំដូចគ្នានេះដែរ បើតាមលោក អ៊ិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តត្បូងឃ្មុំ បានឲ្យដឹងថា សាលារៀននេះ បានដាក់ឲ្យដំណើរការសិក្សាជាបណ្តោះអាសន្ន ទាំងថ្នាក់បឋមសិក្សា និងថ្នាក់វិទ្យាល័យ ដោយមានអគារសិក្សាចំនួន២ខ្នង កំពស់០៣ជាន់ មាន៣៦បន្ទប់ អគារទីចាត់ការចំនួន០២ខ្នង ១០បន្ទប់ អគារស្នាក់នៅគ្រូបង្រៀន២ខ្នង ៤០បន្ទប់ មានសិស្សានុសិស្ស ៥៥៧នាក់ និងគ្រូបង្រៀនសរុប ១៨នាក់៕