01/03/22 09:43 AM
សម្រួលផ្សាយ៖SR276
បាត់ដំបង៖ មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តបាត់ដំបង បានធ្វើការបណ្តុះបណ្តាលការអនុវត្តកសិកម្មល្អ(GAP)ដល់ប្រជាកសិករនៅតាមសហគមន៍កសិកម្មនានាក្នុងខេត្តបាត់ដំបង ដើម្បីបង្កើនការយល់ដឹងពីសុវត្ថិភាពចំណីអាហារ និងកាត់បន្ថយភាពគ្រោះថ្នាក់ សុវត្ថិភាពចំណីអាហារឱ្យនៅទាបបំផុត ក្នុងការបំពេញនូវតម្រូវការរបស់ទីផ្សារក្នុងស្រុកនឹងក្រៅប្រទេស ក៏ដូចជាធានាសុវត្ថិភាពដល់អតិថិជនផងដែរ ។
ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម លោក ខាត់ បូរិន បានបញ្ជាក់ថា ការបណ្តុះបណ្តាលការអនុវត្តន៍កសិកម្មល្អកម្ពុជា ជូនប្រជាកសិករបានចំនួន១,៣០០ គ្រួសារ ក្នុងស្រុកគោលដៅនៃខេត្តបាត់ដំបង ។ លោក បានបញ្ជាក់ថា ក្នុងនោះផ្ទៃដីដាំដំណាំបន្លែចំនួន ១,៤៤០ហ.ត ទិន្នផលសរុប ២៦,៤៥៤ តោន ដំណាំស្វាយកែវល្មៀត ១៧,១៨៤ ហ.ត ទិន្នផលសរុប ២៧៣,៨០៧តោន ។ ដំណាំមៀនប៉ៃលិនឬតាង៉ែន ៦,១៨៣ ហ.ត ទិន្នផល ៨១,១៨១ តោន ។ ដំណាំទុរេន៣៩០ហ.ត ទិន្នផល៤,៧៩៣ តោន និងដំណាំឈើហូបផ្លែជាច្រើនទៀត ។ ជាលទ្ធផលកសិករទទួលបានវិញ្ញាបនប័ត្រសរុបចំនួន៨០នាក់ ស្មើ២៤% នៅទូទាំងប្រទេសដែលនេះគឺជាមោទនភាពមួយសម្រាប់ខេត្តបាត់ដំបង ។
ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ លោក ឈឹម វជិរា បានចាត់ទុកថា ការចុះបញ្ជីចម្ការនេះនិងការបិទរូបសញ្ញានៃការអនុវត្តកសិកម្មល្អកម្ពុជា គឺពិតជាមានសារសំខាន់ណាស់ ដើម្បីរក្សាលំនឹងទីផ្សារកសិកម្ម ដោយសារតែកសិករទាំងនោះបានចុះបញ្ជីការ និងរូបសញ្ញានៃការអនុវត្តកសិកម្មល្អ បានត្រឹមត្រូវដែលជាកម្មសិទ្ធិបញ្ញាដ៏សំខាន់របស់អ្នកផលិត ក្នុងការរក្សាបាននូវតម្លៃលើទីផ្សារ មិនមានការបញ្ចុះតម្លៃតាមតែចិត្តរបស់ឈ្មួញ ។
អភិបាលរងខេត្តបាត់ដំបង លោក សឿម ប៊ុនរិទ្ធិ បានណែនាំដល់កសិករដែលទើបទទួលបានការចុះបញ្ជីចម្ការ Cam GAP និងការបិទរូបសញ្ញានៃការអនុវត្តកសិកម្មល្អកម្ពុជា រួចហើយ ត្រូវតែបង្កើនគុណភាព លើផលិតផលរបស់ខ្លួនឲ្យបាន ដើម្បីកុំឱ្យខូចតម្លៃនៃផលិតផលកសិកម្មរបស់ខ្លួន ក្នុងការបង្កើនទីផ្សារមានតម្លៃល្អកើនប្រាក់ចំណូលសម្រាប់គ្រួសារ និងសហគមន៍មានការរីកចម្រើន ។
ទន្ទឹមនឹងនេះដែរ លោកអភិបាលរងខេត្តបាត់ដំបង បានលើកទឹកចិត្តដល់កសិករឲ្យបន្តការខិតខំប្រឹងប្រែងឱ្យអស់លទ្ធភាព និងសមត្ថភាព ដើម្បីការផលិតដំណាំកសិកម្មឱ្យកាន់តែល្អ មានគុណភាព ស្តង់ដានិងអនាម័យល្អ ដើម្បីនាំចេញទៅកាន់ទីផ្សារលើសកល
លោក កាន់តែបានចំនួនច្រើន ខណៈដែលទីផ្សារសម្រាប់នាំចេញនេះ ត្រូវការបំផុតអំពីគុណភាព តាមស្តង់ដា ពិសេសគឺមានអនាម័យខ្ពស់ មិនប្រើនប្រើប្រាស់ជីគីមីច្រើន ៕