អង្គការសម្រេចសុបិនកុមារកម្ពុជាផ្តល់អគារសិក្សាមួយខ្នង សម្រាប់បណ្តុះចំណេះដឹងមូលដ្ឋាន ក្នុងសហគមន៍នៃឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង


ត្រលប់ក្រោយ

01/03/22 09:49 AM

ចំនួនទស្សនា៖

466

ប្រភព៖

បាត់ដំបង

សម្រួលផ្សាយ៖SR276


បាត់ដំបង៖ ដើម្បីឆ្លើយតបតាមតម្រូវការនិងភាពចាំបាច់ផ្ទាល់សម្រាប់ធ្វើការបណ្តុះបណ្តាលធនធានចំណេះដឹងមូលដ្ឋានក្នុងសហគមន៍ ស្របពេលដែលកំណើនសិស្សានុសិស្សកំពុងតែមានការកើនឡើងជារៀងរាល់ឆ្នាំនោះអង្គការសម្រេចសុបិនកុមារកម្ពុជា ផ្តល់អគារសិក្សាមួយខ្នងជូនដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងមាតា បិតាសិស្ស ស្ថិតក្នុងឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ដែលពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារបឋមសិក្សាថ្មីមួយអគារនេះ ធ្វើឡើងក្រោមវត្តមានចូលរួមពី លោក ធូ ភា អភិបាលរងខេត្តបាត់ដំបង លោក ជា សម្បត្តិ អភិបាលស្រុកថ្មគោល និងមានការចូលរួមពីមន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋផងដែរ ។


អភិបាលរងខេត្តបាត់ដំបង លោក ធូ ភា បានធ្វើការវាយតម្លៃខ្ពស់ចំពោះអង្គការសម្រេចសុបិនកុមារកម្ពុជា ដោយមានការចូលរួមពីព្រះសង្ឃ និងសប្បុរសជននានា ដែលបានបរិច្ចាគនូវទ្រព្យសម្បត្តិផ្ទាល់ខ្លួន ក្នុងការកសាងអាគារសិក្សានេះ សម្រាប់ជួយសម្រួលដល់ការសិក្សារៀនសូត្ររបស់ក្មួយៗសិស្សានុសិស្ស និងលោកគ្រូ-អ្នកគ្រូក្នុងការបណ្តុះបណ្តាលកុមារ និងយុវជនជំនាន់ក្រោយឱ្យក្លាយទៅជាទំពាំងស្នងប្ញស្សីដ៏រឹងមាំ និងជាសសរទ្រូងរបស់ប្រទេសជាតិនាពេលអនាគត ។

លោក ធូ ភា បានអំពាវនាវដល់មាតាបិតា សិស្ស លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដែលទទួលបានសមិទ្ធផលទាំងនេះហើយ សូមប្រើប្រាស់ឲ្យចំគោលដៅ ដើម្បីជាប្រយោជន៍រួមក្នុងសហគមន៍របស់ខ្លួន និងសូមមេត្តាជួយថែរក្សាសម្បត្តិទាំងនេះ សម្រាប់ជាមរតកដល់កូនចៅជំនាន់ក្រោយៗទៀត ។


ប្រធានអង្គការសម្រេចសុបិនកុមារកម្ពុជា លោក ឃ្លោក យ៉ែម បានឡើកឡើងថា លោកពិតជាសប្បាយចិត្តយ៉ាងខ្លាំង ក្នុងការជួយឧបត្ថម្ភសាលារៀន១ខ្នងនេះដល់ប្រជាពលរដ្ឋ ក្នុងភូមិអូរតាគី ព្រោះលោកក៏ចង់រំលឹកនូវអនុស្សាវរីយ៍កាលពីនៅក្មេង គឺលោកធ្លាប់ជួបនឹងការលំបាកបែបនេះ ដោយសាលារៀននៅឆ្ងាយ អត់មានថវិកាគ្រប់គ្រាន់ក្នុងការចូលរៀននឹងគេ ព្រោះឪពុកម្តាយក្រីក្រពេលទៅរៀនម្តងៗ គ្មានលុយកាក់សម្រាប់ទិញអាហារហូបចុកនឹងគេនោះទេ ។


នាយកសាលាបឋមសិក្សាអូរតាគី លោក រៀម សូវៀត បានអោយដឹងថា សាលាចាប់ផ្តើមសាងសង់កាលពីឆ្នាំ១៩៨០ សាងសង់ដោយសហគមន៍អាគារ១ខ្នង មាន៥បន្ទប់ លុះដល់មើលឃើញពីខ្វះខាតបន្ទប់រៀន ទើបការសាងសង់បន្ថែមជាបន្តបន្ទាប់ មកដល់ពេលនេះសាលាមានអាគារ ៣ខ្នង មាន១០បន្ទប់ និងមានបង្គន់អនាម័យ២ខ្នង ០៨បន្ទប់ ។ សម្រាប់ ឆ្នាំសិក្សា ២០២១-២០២២ សិស្សសរុបចំនួន ៤៣៣ នាក់ស្រី ២២២ នាក់ មានបុគ្គលិកសិក្សាសរុប ១៧នាក់ ស្រី១៤ នាក់ ៕


dd
Bottom Ad