សំណង់អគារបេតិកភណ្ឌ ក្នុងក្រុងបាត់ដំបងជាង៨០០អគារ ត្រូវបានអាជ្ញាធរខេត្តបាត់ដំបងធ្វើការអភិរក្ស និងអភិវឌ្ឍន៍ ដើម្បីកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ


ត្រលប់ក្រោយ

02/03/22 10:20 AM

ចំនួនទស្សនា៖

1772

ប្រភព៖

បាត់ដំបង

(បាត់ដំបង)៖ ក្រុងបាត់ដំបងត្រូវបានចាត់ទុកថា ជាទីក្រុងមួយរបស់ខេត្តបាត់ដំបង ដែលមានសំណង់អគារផ្ទះល្វែងបានបន្សល់ទុកតាំងពីសម័យអាណានិគមបារាំង បច្ចុប្បន្នសំណង់ទាំងនេះកំពុងត្រូវបានធ្វើការអភិរក្សឲ្យក្លាយទៅជាតំបន់ការពារបេតិកភណ្ឌជាតិដ៏មានតម្លៃ ក្នុងកិច្ចការថែរក្សាការពារនូវវប្បធម៌ដ៏សម្បូរបែប និងតម្លៃប្រវត្តិសាស្ត្ររបស់ក្រុងបាត់ដំបង ក៏ដូចជាប្រទេសកម្ពុជា ហើយការងារអភិរក្សតំបន់បេតិកភណ្ឌនេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់មនុស្សជំនាន់ក្រោយបានយល់ និងបានរៀនសូតអំពីប្រវត្តិសាស្ត្រ ដើមកំណើត និងវប្បធម៌របស់ទីក្រុងបាត់ដំបង ។ 


ដើម្បីចូលរួមលើកកម្ពស់សោភណ័ភាព សណ្តាប់ធ្នាប់ របៀបរៀបរយ និងគុណតម្លៃនៃសំណង់អគារអភិរក្ស ក្នុងទីប្រជុំជនក្រុងបាត់ដំបង ខណៈដែលភ្ញៀវទេសចរកំពុងត្រូវការទីតាំងសម្រាប់ការដើរលំហែកាយ និងការទស្សនា អគារបុរាណក្នុងក្រុងបាត់ដំបងនេះ រដ្ឋបាលខេត្តនឹងត្រៀមរៀបចំបន្តទៀតអំពីសណ្តាប់ធ្នាប់ក្នុងតំបន់អគារអភិរក្សចាប់ពីផ្លូវលេខ១ ដល់ផ្លូវលេខ៣ ចាប់ពីចំណុចវត្តដំរីស ដល់វត្តពិភិធធារាម និងលំនៅដ្ឋានជុំវិញផ្សារធំបាត់ដំបង ឬផ្សារណាត់ ដោយតម្រូវឱ្យម្ចាស់លំនៅឋាន និងអាជីវកម្មទាំងអស់ នៅក្នុងទីតាំងទាំងនេះ ចូលរួមអនុវត្តតាមការកំណត់របស់រដ្ឋបាលខេត្ត ។


នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តបាត់ដំបង កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងថ្មីៗនេះ ស្តីពីការកែលម្អ និងការរៀបចំសណ្តាប់ធ្នាប់ សោភ័ណភាព នៅក្នុងតំបន់អគារអភិរក្សក្រុងបាត់ដំបង ដែលក្នុងនោះតម្រូវឲ្យមានការដកបង្គោលផ្សព្វផ្សាយពាណិជ្ជកម្មទាំងអស់ចេញពីលើចិញ្ចើមផ្លូវ ការកាត់តម្រឹមសំយ៉ាប ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម និងស្លាកយីហោគ្រប់ប្រភេទឱ្យសមស្របតាមបទប្បញ្ញត្តិ ស្តីពីការដាក់តាំងស្លាកផ្សព្វផ្សាយពាណិជ្ជកម្ម និងស្លាកយីហោតាមមុខផ្ទះក្នុងតំបន់អភិរក្ស ដោយមិនអនុញ្ញាតឱ្យអាជីវករយកទំនិញគ្រប់ប្រភេទដាក់តាំងលក់លើចិញ្ចើមផ្លូវមុខផ្ទះឡើយ ។


សូមបញ្ជាក់ថា បើតាមប្លង់គោលរបស់រដ្ឋបាលក្រុងបាត់ដំបង បានបញ្ជាក់ថា សំណង់អគារផ្ទះល្វែងដែលជាសំណង់អភិរក្សដែលមានក្នុងក្រុងបាត់ដំបង ចំនួនប្រហែល៨០០អគារ ដែលបានសាងសង់ក្នុងដំណាក់កាលបីផ្សេងគ្នា ហើយវាបានឆ្លុះបញ្ចាំងពីប្រវត្តិនៃការអភិវឌ្ឍក្រុងបាត់ដំបង ។ ការថែរក្សានូវតម្លៃបេតិកភណ្ឌវប្បធម៌ និងស្នាដៃស្ថាបត្យកម្មដែលជាមរតកដ៏កម្រនេះ សម្រាប់ទាក់ទាញកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យមកទស្សនា និងធ្វើការស្រាវជ្រាវ ដើម្បីលើកកម្ពស់ដល់ការអភិវឌ្ឍវិស័យទេសចរណ៍ ដែលជាផ្នែកមួយដ៏សំខាន់នៃប្រភពចំណូលសម្រាប់សេដ្ឋកិច្ចមូលដ្ឋាន និងការថែរក្សានូវផលប្រយោជន៍របស់ម្ចាស់ផ្ទះបច្ចុប្បន្ន និងផលប្រយោជន៍របស់សហគមន៍ប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងតំបន់អភិរក្សនេះ ព្រោះភ្ញៀវទេសចរមានការចាប់អារម្មណ៍ខ្លាំង ក្នុងការស្វែងរកទីតាំងប្រវត្តិសាស្ត្រ ដែលត្រូវបានទាក់ទាញដោយសំណង់បេតិកភណ្ឌ័ដែលនៅល្អៗជាច្រើនក្នុងក្រុងបាត់ដំបង ៕




dd
Bottom Ad