03/03/22 10:21 AM
សម្រួលផ្សាយ៖SR276
ខេត្តបាត់ដំបង៖ កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុកសង្កែ បានចុះប្រតិបត្តិការស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ក្រោយបានធ្វើសកម្មភាពកាប់ផ្តាច់សោរផ្ទះចូលលួចយកទូរសព្ទដៃ។
លោក ឈូក ប៊ុនធឿន នាយផ្នែកនគរបាលយុត្តិធម៌បានអោយដឹងថា កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង ០៧និង៣០នាទីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ នៅចំណុចភូមិស្វាយជ្រុំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង ក្រោមបទបញ្ជាផ្ទាល់ពីលោក វរសេនីយ៍ឯក ស៊ុន សុវណ្ណ អធិការនគរបាលស្រុកសង្កែ។
ជាមួយកិច្ចប្រតិបត្តិការនេះដែរ ក្នុងបទល្មើសជាក់ស្តែងសមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ឈ្មោះ ខា សុផាន់ណាត ភេទប្រុសអាយុ ២០ឆ្នាំ មានទីលំនៅភូមស្វាយជ្រុំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង ជាមួយវត្ថុតាងរួមមាន៖ ទូរសព្ទដៃម៉ាកអាយហ្វូនហ្វាយចំនួន០១គ្រឿង និងម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាពចំនួន០១គ្រឿងផងដែរ។
លោកនាយផ្នែកដដែលបានបញ្ជាក់ថា នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ១៣និង០០នាទី ចំណុចក្រុម០៥ ភូមិស្វាយជ្រុំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង មានករណីអំពើលួចមានស្ថានទម្ងន់ទោសមួយកើតឡើងបង្កដោយជនសង្ស័យមិនស្គាល់ និងមិនដឹងចំនួនបានធ្វើសកម្មភាព យកពូថៅនិងកាំបិត កាប់ វាយផ្ដាច់សោរបន្ទប់ផ្ទះលួចយកទូរស័ព្ទម៉ាកអាយហ្វូនហ្វាយចំនួន០១គ្រឿងរបស់ជនរងគ្រោះឈ្មោះ ថុន ថៃ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅចំណុចកើតហេតុខាងលើ ។
ក្រោយពេលទទួលពាក្យបណ្ដឹងផ្ទាល់មាត់រួចកំលាំងអធិការដ្ឋានបានចុះធ្វើការស្រាវជ្រាវស៊ើបអង្កេតរហូតឈានដល់បង្ក្រាបឃាត់ខ្លួនជនសង្ស័យកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕