03/03/22 11:10 AM
(បាត់ដំបង)៖ អភិបាលខេត្តបាត់ដំបង ឯកឧត្ដម សុខ លូ បានក្រើនរំលឹក និងធ្វើការណែនាំបន្ថែមដល់មន្ត្រីរាជការទាំងអស់ត្រូវចេះរៀនរស់នៅជាមួយមេរោគកូវីដ១៩ ពិសេសត្រូវអនុត្តឲ្យបានតាមវិធានការសុវត្ថិភាព ៣កុំ ៣ការពារឱ្យបានខ្ជាប់ខ្ជួន ខណៈមន្ត្រីរាជការក្នុងខេត្តបាត់ដំបង កំពុងមានការឆ្លងជំងឺនេះជាបន្តបន្ទាប់ ដោយការរកឃើញពីការធ្វើតេស្តរហ័ស ដោយឧបករណ៍ (Rapid Test) ។
ការក្រើនរំលឹករបស់អភិបាលខេត្តបាត់ដំបង បែបនេះក្នុងពេលដែល ឯកឧត្ដម សុខ លូ បានចូលរួមក្នុងពិធីប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការចំណុះក្នុងរចនាសម្ព័ន្ធ មន្ទីររ៉ែ និងថាមពលខេត្ត មន្ទីរបរិស្ថានខេត្ត មន្ទីរទេសចរណ៍ខេត្ត មន្ទីរកិច្ចការនារីខេត្ត និងមុខតំណែងគ្រប់គ្រង ក្នុងវិស័យអប់រំមធ្យមសិក្សាក្នុងស្រុកឯកភ្នំ នៅសាលាខេត្តបាត់ដំបង នាថ្ងៃទី០២ ខែមិនា ឆ្នាំ២០២២នេះ ។
ឯកឧត្ដម បានបញ្ជាក់ទៀតថា ដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រភេទបម្លែងថ្មី អូមីក្រុង ទើបធ្វើឲ្យការរៀបចំកម្មវិធីត្រូវបានកាត់បន្ថយចំនួនអ្នកចូលរួម ដោយត្រូវចូលរួមតាមរយៈផ្ទាល់ផង និងតាមរយៈប្រព័ន្ធបញ្ជូនរូបភាពនិងសម្លេងផង ដើម្បីគោរពតាមវិធានការរបស់ក្រសួងសុខាភិបាល ។
ឯកឧត្ដម បានបន្តទៀតថា ទោះបីមានការផ្ទុះក្នុងសហគមន៍ច្រើនក៏ដោយ ក៏មិនមានផែនការក្នុងការបិទអាជីវកម្មមួយចំនួនដូចកាលពីមុនឡើយ ដោយសាររាជរដ្ឋាភិបាលកម្ពុជាបានចេញយុទ្ធសាស្រ្ដស្រោចវ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋទូទាំងប្រទេស ដើម្បីឲ្យមានភាពស៊ាំនឹងជំងឺនេះ ដូចនេះសូមមន្រ្ដីរាជការចូលរួមធ្វើការណែនាំបន្ថែមទៀតដល់ប្រជាពលរដ្ឋ ដោយជំរុញគាត់ទៅទទួលការចាក់វ៉ាក់សាំងដូសជំរុញឬដូសទី៣បន្ថែមទៀត ដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់ការឆ្លងជាសហគមន៍ ព្រោះវ៉ាក់សាំងជួយប្រជាពលរដ្ឋឲ្យឆ្លងផុតពីការឆ្លងផង ឬជួយសង្រ្គោះប្រជាពលរដ្ឋនូវអត្រាស្លាប់ឲ្យកាន់តែទាប និងឆាប់ជាសះស្បើយពេលដែលឆ្លងនូវជំងឺនេះផងដែរ ។
ឯកឧត្ដម អភិបាលខេត្តបាត់ដំបង បានលើកឡើងថា សម្រាប់មន្រ្ដីរាជការ ដែលទើបតែប្រកាសចូលកាន់មុខតំណែងនិងភារកិច្ចថ្មី សូមបន្តការខិតខំប្រឹងប្រែងបំពេញការងាររបស់ខ្លួន ជាពិសេសបន្តរក្សាសាមគ្គីភាពផ្ទៃក្នុង គោរពថ្នាក់ដឹកនាំរបស់ខ្លួន និងត្រូវគេចឲ្យឆ្ងាយនូវគំនិតញ៉ុះញ៉ុងអុចអាលអ្នកដទៃក្នុងចេតនាបង្កភាពបែកបាក់សាមគ្គីផ្ទៃក្នុង ។
ឯកឧត្ដម បានបន្តទៀតថា សព្វថ្ងៃនេះមន្រ្ដីរាជការនៅតាមស្ថាប័ននានាមិនខ្វះទេ តែអ្នកធ្វើការខ្លះមិនខិតខំប្រឹងប្រែង ខ្វះការយកចិត្តទុកដាក់ក្នុងការងារ ឬអវត្តមានជាដើម ដែលជាហេតុធ្វើឲ្យខ្វះអ្នកធ្វើការ ដូចនេះថ្នាក់ដឹកនាំនៃស្ថាប័ននីមួយៗ ត្រូវពង្រឹងឥរិយាបថមន្រ្ដីរបស់ខ្លួន ពិសេសត្រូវពង្រឹងនូវសមត្ថភាពមន្រ្ដី ក្នុងការបង្កើននូវធនធានមនុស្ស ដើម្បីបម្រើសេវារដ្ឋបាលសាធារណៈជូនប្រជាពលរដ្ឋឱ្យបានត្រឹមត្រូវច្បាស់លាស់ មានតម្លាភាព ប្រសិទ្ធភាព ដើម្បីទទួលបានមកវិញនូវការពេញចិត្តពេញថ្លើមពីប្រជាពលរដ្ឋ ដែលមកទទួលសេវាកម្មរដ្ឋបាលគ្រប់ប្រភេទពីយើងជាអ្នកផ្តល់សេវាជូនពួកគាត់ ៕