03/03/22 13:17 PM
បាត់ដំបង៖ អាជ្ញាធរស្រុកតាមបណ្តោយព្រំដែនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង រួមសហការជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ មន្ត្រីជំនាញរបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង ដែលប្រចាំការនៅតំបន់ច្រកទ្វារព្រំដែនត្រង់ភូមិសាស្ត្រភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង បានបន្តរកឃើញអ្នកវិជ្ជមានវីរុសកូវីដ១៩ ចំនួន ៦ នាក់ថ្មីបន្ថែមទៀត បន្ទាប់ពីបានធ្វើតេស្តរហ័ស ដោយឧបករណ៍ Rapid Test ទៅលើពលករខ្មែរនៅប្រទេសថៃ ដែលទើបបានវិលត្រឡប់មកស្រុកកំណើតវិញសរុបទាំងអស់ចំនួន១១៨នាក់ ។
នេះបើតាមការផ្តល់ព័ត៌មានមកភ្នាក់ងារប្រចាំខេត្តបាត់ដំបង ដោយលោកវរសេនីយ៍ឯក សួន ស៊ីរ៉ា នាយការិយាល័យផ្សព្វផ្សាយអប់រំនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នាថ្ងៃទី៣ ខែមិនា ឆ្នាំ២០២២ មុននេះបន្តិច ។
លោក បានបញ្ជាក់ទៀតថា នៅក្នុងការដឹកនាំប្រតិបត្តិការបំពេញការងារនេះ បានធ្វើឡើងដោយលោកវរសេនីយ៍ឯក ប្រាក់ សាយ មេបញ្ជាការវរសេនាតូចនគរបាលការពាព្រំដែនគោក លេខ៨១៧ រួមសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធក្រុមគ្រូពេទ្យជំនាញដែលនៅប្រចាំការច្រកព្រំដែន ត្រង់ភូមិសាស្ត្រ ភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ។
លោកវរសេនីយ៍ឯក ប្រាក់ សាយ បានឱ្យដឹងថា កិច្ចប្រតិបត្តិការនេះធ្វើឡើងតាមបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបងនិងលោកវរសេនីយ៍ឯក ហាត ឡៃឡែ ស្នងការរងផែនការងារវរសេនាតូចនគរបាលការពារព្រំដែនគោក ដែលបានដាក់ការណែនាំជាប់ជាប្រចាំ ក្នុងកិច្ចការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលករចេញចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីធានាសន្តិសុខជូនប្រជាពលរដ្ឋ ជាពិសេសការទប់ស្កាត់ការនាំយកវីរុសកូវីដ១៩ ពីប្រទេសថៃ ចូលមកក្នុងប្រទេសកម្ពុជា ទើបថ្ងៃនេះក្រុមការងារសម្រេចទទួលពលករខ្មែរចំនួន១១៨នាក់ ស្រី៣១នាក់ ក្មេង១៤នាក់ ដែលចូលមកតាមច្រកទ្វារព្រំដែន ។
លោកវរសេនីយ៍ឯក បានឱ្យដឹងផងដែរថា ក្រោយពីទទួលបាន កម្លាំងយើងបានធ្វើការកត់ឈ្មោះ ចុះកំណត់ហេតុប្រចាំថ្ងៃ អប់រំណែនាំ និងសុំឱ្យមានកិច្ចសហការជាមួយកម្លាំងយើង ដើម្បីត្រួតពិនិត្យសម្ភារៈហាមឃាត់ (ចំពោះអ្នកត្រូវបញ្ជូនទៅមណ្ឌលចត្តាឡីស័ក) បានដកហូតកាំបិតចំនួន៨ដើម រួចបានប្រគល់ពួកគាត់ទៅក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន យកសំណាកធ្វើតេស្ត និងពិនិត្យសុខភាពនៅនឹងប៉ុស្តិ៍ ។ ជាលទ្ធផល៖ មានអ្នកវិជ្ជមានចំនួន៦នាក់ ស្រី៣នាក់ បន្ទាប់មកក្រុមគ្រូពេទ្យបានបញ្ជូនអ្នកវិជ្ជមានទាំង៦នាក់ ទៅកាន់មណ្ឌលព្យាបាលកូវីដ-១៩ ស្ថិតក្នុងភូមិអូរកណ្តោល ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ហើយក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យពលករ ដែលមានប័ណ្ណចាក់វ៉ាក់សាំងត្រឹមត្រូវ ចំនួន៦២នាក់ ត្រឡប់ទៅមូលដ្ឋានរៀងៗខ្លួន ។
ដោយឡែកចំពោះអ្នកមានប័ណ្ណចាក់វ៉ាក់សាំងតែស្កេនអត់ចេញ ចំនួន៥០នាក់ ត្រូវបានបញ្ជូនទៅកាន់មណ្ឌលចត្តាឡីស័ក ស្ថិតក្នុងភូមិអូរល្វា ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបងផងដែរ៕