04/03/22 11:32 AM
សម្រួលផ្សាយ៖SR276
ខេត្តបាត់ដំបង៖ មានករណីឃាតកម្មគិតទុកជាមុន( កាប់ដោយពូថៅ ) មួយបានកើតឡើងនៅថ្ងៃទី០៣ ខែមិនាឆ្នាំ២០២២នៅចំណុចក្រុមទី១៩ ភូមិអូរស្រឡៅ ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង វេលាម៉ោងប្រមាណជាង១១ថ្ងៃត្រង់ ដែលករណីនេះបង្កដោយជនសង្ស័យឈ្មោះ មាស ហុក ភេទប្រុស អាយុ៤៨ ឆ្នាំមានទីលំនៅក្រុមទី១៩ ភូមិអូរស្រឡៅ ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ដោយបានធ្វើសកម្មភាពយកពូថៅ កាប់ទៅលើជនរងគ្រោះឈ្មោះ ឡៅ លុន ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅក្រុមទី០៥ ភូមិបែកចានថ្មី សង្កាត់ ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង បណ្ដាលជនរងគ្រោះស្លាប់នៅកន្លែងតែម្តង។
ភ្លាមៗបន្ទាប់ពីកេីតហេតុនេះ តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក ស៊ុន សុវណ្ណ អធិការនគរបាលស្រុកសង្កែ បានដឹកនាំកម្លាំងធ្វើបង្រ្កាបដោយឃាត់ខ្លួនជនសង័្សយខាងលេីមកកាន់អធិការដ្ឋាន នគរបាលស្រុកដេីម្បីសាកសួរស្រាវជ្រាវ។
លោកវរសេនីយ៍ឯក ស៊ុន សុវណ្ណ អធិការនគរបាលស្រុកសង្កែ បានឱ្យដឹងថា មូលហេតុដែលឈានដល់ករណីឃាតកម្មនេះ គឺកាលពីប៉ុន្មានថ្ងៃមុនជនរងគ្រោះឈ្មោះ ឡៅ លុន ដែលជាបុគ្គលិករបស់អង្គការចិត្តសង្គម អន្តរវប្បធម៌ កម្មវិធីសុខភាពផ្លូវចិត្ត PTO បានចុះទៅជួបជនសង័្សយនេះម្តងមកហេីយ ដេីម្បីសុំឱ្យគាត់ជាឪពុកអនុញ្ញាតឱ្យកូនស្រីបង្កេីតរបស់គាត់បានទៅសិក្សារៀនសូត្រក្នុងអង្គការ ត្បិតជនសង័្សយនេះគាត់មានកូនស្រីម្នាក់អាយុប្រមាណ ៧ឆ្នាំ តែគាត់មិនព្រមឱ្យកូនស្រីនេះចូលរៀនសូត្រដូចឪពុក ម្តាយគេដ៍ទៃទេ ហេីយការជួបស្នេីសុំនេះ មិនទទួលបានលទ្ធផលនោះទេ។
នៅថ្ងៃកេីតហេតុជនរងគ្រោះបានទៅម្តងទៀត តែគាត់ទៅតែម្នាក់ឯងទេ លុះនិយាយដល់រឿង សុំឱ្យជនសង័្សយជាឪពុកអនុញ្ញាតឱ្យកូនទៅរៀន សូត្រនៅកន្លែងអង្គការក៏ស្រាប់តែជនសង័្សយ ទាញពូថៅ ដេញកាប់ជនរងគ្រោះរហូតដល់ស្លាប់នៅក្នុងបរិវេណផ្ទះនោះតែម្តង។
លោកអធិការបន្តថា ជនសង័្សយមានមុខរបរដេីរ ស៊ីឈ្នួលកាត់ស្មៅចំការឱ្យគេដេីម្បីចិញ្ចឹមជីវិត មានកូនស្រីតូចមួយនៅក្នុងបន្ទុក ហេីយប្រពន្ធ បានលែងលះគ្នាក្នុងរយៈពេលកន្លងមកហេីយ។ ជាទូទៅជនសង័្សយរូបនេះគេថា គាត់ជាមនុស្សមានសតិមិនល្អ ហេីយពេលសាកសួរពីមូលហេតុ ដែលឈានដល់ការប្រព្រឹត្តបែបនេះ ជនសង័្សយនិយាយថា ជនរងគ្រោះមកនិយាយឱ្យគាត់ព្រមប្រគល់កូនស្រីគាត់ឱ្យទៅរៀននៅអង្គការ ដែលគាត់យល់ថា នេះជាល្បិចចង់នាំយក កូនស្រីគាត់ ចាកចេញពីគាត់ ទេីបគាត់ប្រព្រឹត្ត បែបនេះទៅ លេី ជនរងគ្រោះ។
នៅពេលនេះសមត្ថកិច្ចនគរបាលបានរៀបចំកសាងសំណុំរឿងបញ្ជូនជនសង័្សយរួមនឹងវត្ថុតាងមានពូថៅដងឈេីជាមធ្យោបាយ មកកាន់ការិយាល័យជំនាញអនុវត្តតាមផ្លូវច្បាប់ រីឯសពជនរងគ្រោះសមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារ ដេីម្បីធ្វេីបុណ្យតាមប្រពៃណី ក្រោយពេលពិនិត្យធ្វេីកោសល្យវិច័យរួច៕