ឯកឧត្តម សុខ លូ ចុះពិនិត្យការងារ ចាក់កៅស៊ូប្រភេទAC បន្ថែមពីលើ(OverlayAC )ប្រវែង ២,០០០ម៉ែត្រ នៅលើកំណាត់ផ្លូវជាតិលេខ៥


ត្រលប់ក្រោយ

07/03/22 14:41 PM

ចំនួនទស្សនា៖

222

ប្រភព៖

បាត់ដំបង

(បាត់ដំបង) ៖ នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២នេះ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង អមដំណើរដោយឯកឧត្តម ព្រួញ រិទ្ធថា ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង និងជាប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូន ឯកឧត្តម អ៊ុត ក្លឹង ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង រួមជាមួយមន្ត្រីជំនាញពាក់ព័ន្ធ បានអញ្ជើញចុះតាមដានពិនិត្យការងារគម្រោងធ្វើអោយប្រសើរឡើងវិញនៅកំណាត់ផ្លូវជាតិលេខ៥ ដោយធ្វើការចាក់កៅស៊ូប្រភេទ AC បន្ថែមពីលើ (Overlay AC ) មួយចំហៀងប្រវែងសរុប ២០០០ម៉ែត្រ និងទទឹង ៩ ម៉ែត្រកន្លះ ចាប់ពីចំណុចរង្វង់មូលលោកតាដំបងក្រញូង រហូតដល់ចំណុចវង្វង់មូលព្រាបស ស្ថិតក្នុងក្រុង និងខេត្តបាត់ដំបង។


ឯកឧត្តម ព្រួញ រិទ្ធថា ទីប្រឹក្សាសម្តេចក្រឡាហោម សខេង ជាប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបងបានលើកឡើងថា ក្នុងការចុះតាមដានពិនិត្យការងារOverlay បេតុងកៅស៊ូAC នៅលើកំណាត់ផ្លូវជាតិលេខ៥ នាពេលនេះគោលបំណងជម្រុញដល់ក្រុមការងារអោយអនុវត្តសកម្មភាពការងារស្របតាមលក្ខណៈបច្ចេកទេសដើម្បីអោយផ្លូវមួយខ្សែនេះមានភាពស្រស់ស្អាត និងអាចប្រើប្រាស់បានយូរអង្វែងផងដែរ ដែលគម្រោងនេះគឺយើងបានពង្រីកបន្តដោយសារឆ្នាំមុនយើងបានមួយចំហៀងនៅខាងស្ដាំដៃ ហើយឥឡូវនៅឆ្នាំ២០២២នេះរាជរដ្ឋាភិបាលបានអនុម័តឲ្យបន្តភ្ជាប់មួយចំហៀងទៀតដែលមានប្រវែង ២០០០ម៉ែត្រ និងទទឹង ៩ម៉ែត្រកន្លះ និងការងារបន្តត្រូវពង្រីកចិញ្ចើមពីគោលដៅរង្វង់មូលព្រាបស ទៅភ្ជាប់នឹងផ្លូវហៃវ៉េជប៉ុន ដែលមានប្រវែង (៥គីឡូ ៥០០មែត្រ) ដោយយើងហែក ២ម៉ែត្រសងខាង មានន័យថាខាងស្ដាំ ២ម៉ែត្រ ខាងឆ្វេង ២ម៉ែត្រ សរុបការពង្រីកថែមសរុប ៤ម៉ែត្រ សម្រាប់អោយបងប្អូនប្រជាពលរដ្ឋធ្វើដំណើរបួនលិញ ពីរទៅ ពីរមក ដែលជាកញ្ចប់ថវិកា របស់ក្រសួងសាធារណការ តាមរយៈមន្ទីរសាធារណការខេត្ត។


ឯកឧត្តមបន្តថា ក្នុងនាមមន្ទីរសាធារណៈការ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន សម្តេចក្រឡាហោម សខេង ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ក្រោយបញ្ចប់ការងារអ៊ុតកៅស៊ូACផ្លូវជាតិលេខ៥ហើយ មន្ទីរនិងមានគម្រោងបើកការដ្ឋាននៅផ្លូវលេខ ១៥៧A ខាងរាំងកេសី ដែលមានប្រវែង ៣គីឡូ ២០០ម៉ែត្របន្តទៀត ហើយក៏មានផ្លូវគ្រួសក្រហមផ្សេងៗទៀតផងដែរដែលត្រូវតែស្តារដើម្បីអោយវាមានលក្ខណ:ល្អប្រសើរឡើងវិញ។


ជាមួយគ្នានេះ ឯកឧត្តមប្រធាន ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវនេះសូមមេត្តាកុំដឹកលើសទម្ងន់ដែលមន្ទីរក៏ដូចជាក្រសួងបានកំណត់ ដែលជាការងារចាំបាច់បំផុតមែនទែន បើកាលណាយើងកាត់បន្ថយការដឹកលើសទម្ងន់ វាជួយអោយអាយុជីវិតផ្លូវរបស់យើងវាអាចថែរក្សាបានយូរអង្វែង ហើយក៏សូមអោយបងប្អូនចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ក្នុងការប្រើប្រាស់ផ្លូវមិនថាផ្លូវនៅបាត់ដំបងឬផ្លូវនៅតាមបណ្តាខេត្តផ្សេងៗនោះទេ ព្រោះថាបើយើងចូលរួមគោរពច្បាប់ចរាចរណ៍បាន យើងនឹងកាត់បន្ថយនូវការគ្រោះថ្នាក់ជាបន្តបន្ទាប់ និងត្រូវពិនិត្យផ្លាកសញ្ញាដែលបានដាក់កំណត់ ពិសេសល្បឿន និងមួយទៀតពេលស្រវឹងសូមកុំបើកបរ។



dd
Bottom Ad