07/03/22 15:12 PM
ត្បូងឃ្មុំ៖ មន្ទីរពេទ្យធំតូចគឺមានសារៈសំខាន់ណាស់សម្រាប់មនុស្សគ្រប់រូប ពិសេសគឺនៅថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០២២ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន នាខេត្តត្បូងឃ្មុំ។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ទៀតថា ដោយកម្ពុជានិងចិន គឺជាមិត្តដែកថែបដ៏យូរលង់មកហើយហើយមិត្តចិនតែងតែជួយដល់កម្ពុជា ជាបន្តបន្ទាប់។ មិនថាតែសំណង់អាគាររដ្ឋ ផ្លូវថ្នល់ មន្ទីរពេទ្យសាលារៀន ប៉ុណ្ណោះទេ។ សូម្បីតែនៅក្នុងអន្តរការណ៍នៃការរីករាលដាលនៃជំងឺកូវីដ-19 មិត្តចិនក៏តែងតែផ្ដល់នូវវ៉ាក់សាំងដល់កម្ពុជា ដើម្បីចាក់ជូនដល់ប្រជាពលរដ្ឋកម្ពុជាក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-19។ ហើយសម្ដេចក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនចិន ដែលបានជួយសាងសង់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ដែលសមត្ថិផលថ្មីនេះ គឺមានការយកចិត្តទុកដាក់ដោយផ្ទាល់ពីលោក ស៊ី ជិនពីង ប្រធានាធិបតីចិនផ្ទាល់តែម្ដង។
សម្ដេច លើកឡើងទៀតថា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ គឺជាមន្ទីរពេទ្យដ៏ទំនើបលើកដំបូងនៅលើទឹកដីជនបទ។ ដែលនេះគឺជាសមិទ្ធផលថ្មីបន្ថែមមួយទៀតរបស់កម្ពុជា ក្រោមចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជានិងចិន ហើយមន្ទីរពេទ្យខេត្តត្បូងឃ្មុំមិនត្រឹមតែបំរើប្រជាពលរដ្ឋនៅខេត្តត្បូងឃ្មុំប៉ុណ្ណោះទេ តែក៏ជាមន្ទីរពេទ្យបំរើ និងផ្ដល់សេវាជូនប្រជាពលរដ្ឋក្នុងខេត្តជាប់ខេត្តត្បូងឃ្មុំនិងខេត្តជិតចិត្តនេះផងដែរ។
ក្នុងនោះផងដែរ សម្ដេច ក៏បានកោតសរសើរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលជាប្រធានគណៈកម្មការកសាងខេត្តត្បូងឃ្មុំ ដែលបានប្រឹងប្រែងសាងសង់សមិទ្ធផលនានានៅក្នុងខេត្តត្បូងឃ្មុំនេះ។ ពិសេសគឺអគារដ៏ស្កឹមស្កៃនៃមន្ទីរពេទ្យកម្ពុជា-ចិន ដែលឆ្លើយតបកាន់តែប្រសើរសម្រាប់គាំពារសុខុមាលភាពប្រជាពលរដ្ឋទាំងមូល។
គួររំលឹកផងដែរថា ខេត្តត្បូងឃ្មុំត្រូវបានរាជរដ្ឋាភិបាលកម្ពុជាសម្រេចបង្កើតនៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៣ ហើយត្រូវបានចេញប្រកាសនៅដើមខែមករា ឆ្នាំ ២០១៤។ ខេត្តត្បូងឃ្មុំមានក្រុងចំនួន ១ និងស្រុកចំនួន ៦ ដែលបានកាត់ចេញពីខេត្តកំពង់ចាម គឺក្រុងសួង ស្រុកត្បូងឃ្មុំ ស្រុកអូររាំងឪ ស្រុកក្រូចឆ្មារ ស្រុកតំបែរ ស្រុកពញាក្រែក និងស្រុកមេមត់៕ អត្ថបទ: ប្រសិទ្ធ