ស្នងការនគរបាលខេត្តត្បូងឃ្មុំ បង្កើនការការពារសុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈជូនពលរដ្ឋ ខណៈឯកឧត្តមបណ្ឌិតអភិបាលខេត្ត បន្តលើកទឹកចិត្តកងម្លាំងនូវថវិកា ០៥លានរៀល


ត្រលប់ក្រោយ

07/03/22 15:15 PM

ចំនួនទស្សនា៖

425

ប្រភព៖

ត្បូងឃ្មុំ

(ត្បូងឃ្មុំ)៖ ដើម្បីបង្កើនការការពារធានាសុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈជូនពលរដ្ឋ នៅស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ នាថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានធ្វើការរៀបចំប្រជុំជួរ និងត្រួតពិនិត្យកម្លាំង ដាក់បទបញ្ជា ផែនការ យុទ្ធសាស្ត្រថ្មីៗបន្ថែមទៀត ធ្វើយ៉ាងណា បន្តរឹតបន្តឹងវិន័យកងកម្លាំង ក្នុងគោលដៅធានាបាននូវសេចក្តីសុខជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ស្របតាមគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោហ៊ុនសែន ជាប្រមុខដឹកនាំដ៏ឆ្នើម ក៍ដូចជាក្រោមការណែនាំចង្អុលបង្ហាញពីសំណាក់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ 


ថ្លែងទៅកាន់កងកម្លាំងនគរបាលខេត្តប្រមាណជាង៣០០នាក់ នាឳកាសនោះ លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៍ា បានក្រើនរំលឹកឡើងវិញ ដល់កងកម្លាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ នូវរាល់បញ្ហាសំខាន់ៗទាក់ទងនឹង ការថែរក្សាសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈឲ្យបានល្អ និងជួយសម្រួលចរាចរណ៍ តាមដងផ្លូវនានា ជូនដល់បងប្អូនជនរួមជាតិ និងភ្ញៀវអន្តរជាតិ ក្នុងខេត្តត្បូងឃ្មុំ ។


បន្ថែមពីនេះ លោកឧត្តមសេនីយ៍ស្នងការ ក៏បានដាក់បទបញ្ជាបង្ក្រាបរាល់បទល្មើសខុសច្បាប់នានា លុបបំបាត់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទឲ្យខានតែបាន ដូចដែលលទ្ធផលនាពេលកន្លងមក កងកម្លាំងមានសមត្ថិច្ចបង្ក្រាបបាន ព្រមទាំងផ្តល់រង្វាន់ជូនអ្នកដែលមានស្នាដៃបង្ក្រាបបានផងដែរ។ ជាពិសេសបានណែនាំបន្ថែមដល់នគរបាលទាំងអស់ត្រូវបន្តយកចិត្តទុកដាក់អនុវត្តវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីថែរក្សាសុខភាព និងជៀសផុតពីជំងឺឆ្លងកូវីដ19 (មេរោគបំប្លែងថ្មី អូមីក្រុង) ។


បន្ទាប់ពីត្រួតពិនិត្យកម្លាំងបានចប់សព្វគ្រប់ហើយ លោកឧត្តមសេនីយ៍ស្នងការ បានដឹកនាំក្បួនកងកម្លាំង ម៉ូតូ រថយន្ត ល្បាតតាមភូមិសាស្ត្រសំខាន់នៃតំបន់រដ្ឋបាលខេត្ត និងសាលាខេត្តត្បូងឃ្មុំ ក៏ដូចជាទទួលនូវអនុសាសន៍ដឹកនាំ និងការលើកទឹកចិត្តពីឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ ដើម្បីពិនិត្យ និងទទួលបទបញ្ជា ក្នុងការថែរក្សា ការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសថែរក្សាសុវត្ថិភាពជូនថ្នាក់ដឹកនាំជាន់ខ្ពស់ដែលមក និងឆ្លងកាត់ខេត្តត្បូងឃ្មុំ។


នាឱកាសនោះឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងនូវការកោតសរសើរ ដល់ស្នងការដ្ឋាននគរបាលខេត្ត ដែលតែងតែយកចិត្តទុកដាក់ក្នុងការថែរក្សាសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈបានល្អ ខិតខំអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនយ៉ាងល្អប្រសើរ ជាពិសេសក្នុងកិច្ចប្រតិបត្តិការបង្រ្កាបបទល្មើសផ្សេងៗ បានទាន់ពេលវេលា ដោយផ្ដល់នូវភាពកក់ក្ដៅ និងបង្កើននូវជំនឿទុកចិត្ត ពីសំណាក់ប្រជាពលរដ្ឋមកលើកម្លាំងសមត្ថកិច្ច។


ឯកឧត្តមបណ្ឌិតអភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់កម្លាំងនគរបាលទូទាំងខេត្ត ត្រូវបន្តខិតខំប្រឹងប្រែងផ្តល់សេវាសាធារណៈជូនពលរដ្ឋ ថែរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ឲ្យបានកាន់តែល្អប្រសើរថែមទៀត ដោយត្រូវត្រៀមកម្លាំង មធ្យោបាយ និងសម្ភារប្រើប្រាស់ឲ្យបានគ្រប់គ្រាន់ សម្រាប់ជួយអន្តរាគមន៏ដោះស្រាយឲ្យបានទាន់ពេលវេលា នៅពេលមានបទល្មើស ឬហេតុការណ៏ណាមួយកើតឡើង ជាយថាហេតុ។


ជាចុងក្រោយឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានបន្តឧបត្ថម្ភថវិកាលើកទឹកចិត្តចំនួន ៥,០០០,០០០ រៀល ដល់ស្នងការនគរបាលខេត្តត្បូងឃ្មុំ ខណៈដែលកន្លងមកលោកបណ្ឌិត អភិបាលខេត្តត្បូងឃ្មុំ តែងតែចូលរួមឧបត្ថម្ភគាំទ្រទាំងស្មារតី ថវិកា សម្ភារ និងគ្រឿងឧបភោគបរិភោគ ជាការជួយជម្រុញលើកទឹកចិត្តដល់កងកម្លាំងទាំងអស់ ក្នុងការបំពេញភារកិច្ចជូនជាតិមាតុភូមិ៕




dd
Bottom Ad