09/03/22 13:28 PM
បាត់ដំបង៖ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកបាណន់ សន្តិបណ្ឌិត សុខ ផល បានថ្លែងថា ស្ត្រីនៅតែដើរតួនាទីដ៏សំខាន់ ដោយបានធ្វើជាឪពុកផង ជាម្តាយផង និងបម្រើការងារសង្គមបានល្អផងដែរ ។
ការថ្លែងរបស់សន្តិបណ្ឌិត សុខ ផល យ៉ាងដូច្នេះ ក្នុងពេលដែលរដ្ឋបាលស្រុកបាណន់ បានរៀបចំធ្វើពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី១១១ ទិវាអន្តរជាតិ៨មិនា ឆ្នាំ២០២២ ក្រោមប្រធានបទ សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត។ ពិធីនេះមានការចូលរួមពីស្ត្រីជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ នៅក្នុងស្រុកបាណន់ នៃខេត្តបាត់ដំបង ។
សន្តិបណ្ឌិត សុខ ផល បានធ្វើការកោតសរសើរចំពោះស្ត្រីកម្ពុជា ដែលបានធ្វើការវិវឌ្ឍន៍ខ្លួនមានការរីកចម្រើនលឿន ដែលរហូតមកដល់នឹងពេលនេះមានស្ត្រីប្រមាណ៦០%ហើយ ។ ការវាយតម្លៃនេះធ្វើឡើង តាមរយៈនៃការប្រឡងធម្យមសិក្សាទុតិយភូមិហៅថាបាក់ឌុប ជារៀងរាល់ឆ្នាំឃើញភាគច្រើនជាស្ត្រីបានប្រឡងជាប់ និងមាននិទ្ទេសល្អច្រើនជាងបុរស ទន្ទឹមនឹងនោះក៏មានស្ត្រីជាច្រើនទៀត ដែលបាននឹងកំពុងទទួលបានការបណ្តុះបណ្តាលចំណេះវិជ្ជាជីវៈ និងការចូលសិក្សានៅថ្នាក់សាកលវិទ្យាល័យ ជាពិសេសការចូលរៀនជាអាហារូបករណ៍របស់សម្តេចក្រឡាហោមស ខេង នៅក្រុងបាត់ដំបង និងនៅរាជធានីភ្នំពេញ គួរឱ្យកត់សំគាល់ ។
ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកបាណន់ បានបញ្ជាក់ថា រហូតមកដល់នឹងពេលនេះស្ត្រីគ្រប់រូបក្រៅពីការមើលថែទាំកូន ពួកគាត់គឺជាមេចុងភៅដ៏ចំណានលើការធ្វើម្ហូបអាហារសម្រាប់គ្រួសារ តែស្ត្រីគឺជាកម្លាំងចលករមួយដ៏សំខាន់ក្នុងការចូលរួមចំណែកដល់ការងារសង្គមជាតិ ការធ្វើការងារតាមស្ថាប័ននានា ជាពិសេសទទួលបានការលើកកម្ពស់ពីប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់នូវមុខងារ និងតួនាទីក្នុងការដឹកនាំតាមស្ថាប័ន ក្រសួង មន្ទីរ រាជធានី ខេត្ត រាជធានី ពោលគឺមានតាំងពីថ្នាក់ជាតិ រហូតដល់ថ្នាក់ក្រោមជាតិ ។
ទន្ទឹមនឹងនោះ ឯកឧត្ដម សន្តិបណ្ឌិត សុខ ផល បានជំរុញធ្វើការណែនាំ និងលើកទឹកចិត្តបន្ថែមដល់ស្ត្រីទាំងអស់ បន្តការយកចិត្តទុកដាក់ក្នុងការសិក្សាស្រាវជ្រាវស្វែងរកចំណេះជំនាញផ្សេងៗទៀត ដើម្បីបំពេញសមត្ថភាពរបស់ខ្លួនលើផ្នែកធនធាន មនុស្ស ក្នុងការបំពេញការងារ ការប្រកបមុខរបរ និងការចូលរួមអភិវឌ្ឍន៍ជាតិយើងឱ្យកាន់តែមានការរីកចម្រើនថែមទៀត ។
ក្នុងឱកាសនោះ ឯកឧត្ដម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក៏បាននាំយកវត្ថុអនុស្សាវរីយ៍មកផ្តល់ជូនក្រុមស្ត្រីដែលបានចូលរួមក្នុងទិវាអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី១១១ ទិវាអន្តរជាតិ៨មិនា ឆ្នាំ២០២២ ផងដែរ ៕