09/03/22 14:07 PM
បាត់ដំបង៖ ដោយសារតែការកើនឡើងនៃចំនួនយានយន្តគ្រប់ប្រភេទ ជាពិសេសរថយន្ត ដែលជាកត្តាធ្វើឲ្យមានការកកស្ទះចរាចរណ៍បណ្តាលមកពីការចតរថយន្តគ្មានសណ្តាប់ធ្នាប់នោះ ទើបរដ្ឋបាលខេត្តបាត់ដំបង សហការជាមួយមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តបាត់ដំបង បានរៀបចំដាក់បង្គោលផ្លាកសញ្ញាចរាចរណ៍ ហាមចតថ្ងៃសេស និងថ្ងៃគូ នៅតាមបណ្តោយផ្លូវលេខ១ នៃក្រុងបាត់ដំបង ។
មន្ត្រីជំនាញរបស់មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តបាត់ដំបង បានបញ្ជាក់ថា ស្លាកសញ្ញាហាមចតថ្ងៃសេស និងថ្ងៃគូ ដែលត្រូវបានដាក់នេះ មានចំនួន១៦ផ្លាក ត្រូវបាននាំយកដាក់ដាំអមសង្ខាងដងផ្លូវលេខ១ និងមួយចំនួនទៀតយកទៅដាក់នៅត្រង់ចំណុចចំណតរថយន្តតូចផ្សារធំបាត់ដំបង ហើយតាមគ្រោងទុករបស់មន្ទីរនិងមានការដាក់ផ្លាកសញ្ញានេះជាបន្តបន្ទាប់ទៀតនៅតាមទីប្រជុំជនផ្សេងៗទៀតផងដែរ ។
អភិបាលខេត្តបាត់ដំបងឯកឧត្ដម សុខ លូ នៅក្នុងឱកាសនៃការដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីចុះពិនិត្យដំណើរការលើកផ្លាកសញ្ញាចរាចរណ៍ នៅតាមបណ្ដោយផ្លូវលេខ១ បានធ្វើការណែនាំបន្ថែមដល់មន្រ្ដីជំនាញ និងរដ្ឋបាលក្រុង ឲ្យបន្តការយកចិត្តទុកដាក់អប់រំណែនាំដល់ប្រជាពលរដ្ឋឲ្យយល់ដឹងអំពីស្លាកសញ្ញាចរាចរណ៍គ្រប់ប្រភេទឲ្យបានច្បាស់លាស់ និងជាពិសេសសម្រាប់ទីតាំងណា ដែលទើបតែដំឡើងផ្លាកសញ្ញាចរាចរណ៍ហាមចតថ្ងៃសេស និងថ្ងៃគូ ជាមុនសិន មុននឹងធ្វើការផាកពិន័យនាពេលក្រោយ ។
ឯកឧត្ដម សុខ លូ បានចាត់ទុកថា ការដាក់ស្លាកសញ្ញាហាមចតថ្ងៃសេស និងថ្ងៃគូនេះ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់សោភ័ណភាពទីក្រុងបាត់ដំបង ដើម្បីបញ្ចៀសបាននូវការកកស្ទះចរាចរណ៍ ស្របពេលដែលតម្រូវការក្នុងកំណើនភ្ញៀវទេសចរជាតិនិងអន្តរជាតិបានចូលមកលេងកម្សាន្តក្រុងបាត់ដំបង និងនៅតាមរមណីយដ្ឋានទេសចរណ៍នានាក្នុងខេត្ត កំពុងតែហូរមកជាបន្តបន្ទាប់ ទន្ទឹមនឹងនោះ ក៏ជាផ្នែកមួយទៀត ក្នុងការចូលរួមលើកកម្ពស់ដល់ចលនាប្រឡងប្រណាំងទីក្រុងស្អាត ផ្ការំដួលបីទង ដែលទីក្រុងបាត់ដំបងនៃខេត្តបាត់ដំបង ធ្លាប់ទទួលបានពានរង្វាន់កន្លងមក និងបន្តត្រៀមទទួលម្តងទៀត៕