ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ប្រមាណ ៤០០នាក់ ចុះពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅស្រុកស្រីសន្ធរ


ត្រលប់ក្រោយ

14/03/22 12:54 PM

ចំនួនទស្សនា៖

249

ប្រភព៖

កំពង់ចាម

កំពង់ចាម៖ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម លូ គឹមឈុន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្រីសន្ធរ អញ្ជើញជាគណៈអធិបតីក្នុងពិធី សំណេះសំណាល ពិនិត្យ និងព្យាបាលជំងឺទូទៅជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលពិធីនេះធ្វើឡើងនៅក្នុងបរិវេណវិទ្យាល័យ ព្រែកដំបូក។ 


ក្នុងពិធីដ៏មានអត្ថន័យនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម ឡេង ផល្លី ប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធានក្រុមការងារចុះជួយស្រុក, អភិបាលរងខេត្ត, ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត, អាជ្ញាធរមូលដ្ឋាន, ក្រុមការងារក្រុមគ្រូពេទ្យស្ម័គ្រចិត្ត និងបងប្អូនប្រជាពលរដ្ឋ ដែលអញ្ជើញមកទទួលសេវាពិនិត្យ និងព្យាបាលជំងឺ ប្រមាណជាង ១,០០០នាក់។


ក្នុងការអញ្ជើញចុះពិនិត្យ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ថា សម្រាប់ឆ្នាំ ២០២២ នេះ ខេត្តកំពង់ចាម ត្រូវបានឯកឧត្តម ហ៊ុន ម៉ានី អនុញ្ញាតឲ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះមកពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ ក្នុងស្រុកចំនួន ៤ ក្នុងនោះ លើកទី១ នៅស្រុកកងមាស , លើកទី២ នៅស្រុកស្រីសន្ធរនេះ , និងលើកទី៣ បន្តទៅស្រុកចំការលើ , លើកទី៤ ចុងក្រោយគឺស្រុកជើងព្រៃ ពោលគឺអនុវត្តតាមផែនការដែលលោក ហ៊ុន ម៉ានី បានឯកភាព ។


ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ផងដែរថា សកម្មភាពខាងលើនោះ បញ្ជាក់ឲ្យឃើញអំពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបានគិតគូរអំពីសុខមាលភាពរបស់ប្រជាពលរដ្ឋ។ ម្យ៉ាងទៀត បើទោះបីជា ក្នុងខេត្តកំពង់ចាមមានមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកយ៉ាងណាក្តី ប៉ុន្តែតម្រូវការ នៃការពិនិត្យ និងព្យាបាលជំងឺ របស់បងប្អូនប្រជាពលរដ្ឋ ចាំបាច់ត្រូវតែមានអន្តរាគមន៍បន្ថែមតាមរយៈក្រុមគ្រូពេទ្យជំនាញ មានបទពិសោធន៍ជាច្រើនឆ្នាំ ក្នុងការពិនិត្យ និងព្យាបាលជំងឺ និងបានសិក្សាមកពីបរទេសផងដែរ ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ផងដែរថា បន្ថែមពីលើការពិនិត្យ និងព្យាបាលជំងឺទូទៅរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នាពេលនេះ រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំបន្ថែម ក្រុមគ្រូពេទ្យ មួយក្រុមសម្រាប់ធ្វើការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋផងដែរ ។


ទន្ទឹមនឹងនោះ ឯកឧត្តមអភិបាលខេត្ត បានណែនាំឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អប្រសើរ តាមរយៈការបន្តអនុវត្តវិធានការ «៣កុំ និង៣ការពារ ដោយធ្វើអនាម័យជាប់ជានិច្ច ក្នុងការរស់នៅស្អាត ហូបស្អាត ដើម្បីចៀសផុតពីជំងឺផ្សេងៗ ជាពិសេសគឺជំងឺកូវីដ១៩។ ចំពោះប្រជាពលរដ្ឋ ដែលមិនទាន់បានចាក់វ៉ាក់សាំងដូសទី៣ និងដូសទី៤ សូមអញ្ជើញចាក់ឲ្យបានគ្រប់ៗគ្នា និងនាំកូនៗ ដែលមានអាយុចាប់ពី ៣ឆ្នាំ ដល់៥ឆ្នាំ ទៅចាក់វ៉ាកសាំងតាមកាលបរិច្ឆេទឱ្យបានគ្រប់ៗគ្នា ផងដែរ៕




dd
Bottom Ad