ផ្លូវក្រាលកៅស៊ូប្រភេទ DBST ចំនួន២ខ្សែ មានប្រវែងជាង ៧ពាន់ម៉ែត្រនៅខេត្តត្បូងឃ្មុំ ចាប់ផ្តើមបើកការដ្ឋានសាង់សង់ ដើម្បីផ្តល់ភាពងាយស្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ


ត្រលប់ក្រោយ

15/03/22 10:24 AM

ចំនួនទស្សនា៖

235

ប្រភព៖

ត្បូងឃ្មុំ

ត្បូងឃ្មុំ៖ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីបើកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូប្រភេទ DBST ចំនួន២ខ្សែ មានប្រវែង ៧,៤៨៧ម៉ែត្រ ទទឹងប្រវែង៦ម៉ែត្រ ស្ថិតនៅភូមិប្រស្រែក្រោម សង្កាត់វិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ ដើម្បីផ្តល់ភាពងាយស្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ 


ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានឱ្យដឹងថា ការស្ថាបនាផ្លូវ២ខ្សែថ្មី ក្រាលកៅស៊ូ DBST ដែលមានប្រវែង ៧,៤៨៧ម៉ែត្រ ទទឹងប្រវែង៦ម៉ែត្រ ឆ្លងកាត់ភូមិចំនួន០៥ រួមមានភូមិប្រស្រែក្រោម ភូមិវាលចារ ភូមិក្រឆាន ភូមិប្រស្រែលើ និងភូមិកៀនរូង ក្នុងសង្កាត់វិហារលួង គឺអាជ្ញាធរខេត្តមានគោលបំណងចង់ឱ្យប្រជាពលរដ្ឋក្នុងក្រុងសួង មានឱកាសលើកកម្ពស់ជីវភាព រស់នៅមានភាពស៊ីវិល័យដូចៗគ្នា ដូច្នេះអទិភាពក្នុងការអភិវឌ្ឍដំបូង គឺការស្ថាបនាផ្លូវនេះមុនគេ។


ឯកឧត្តមបន្តថា ផ្លូវ០២ខ្សែនេះ ពិតជានឹងចូលរួមជួយបង្កើននូវចរន្ដសសៃឈាមសេដ្ឋកិច្ច ជួយសម្រួលជីវភាពពលរដ្ឋ តាមរយៈកាន់តែងាយស្រួលធ្វើដំណើរទៅមកប្រកបមុខរបរដឹកកសិផល ទំនិញនានា ចំណេញពេលវេលា កាត់បន្ថយចំណាយធ្វើដំណើរ ពិសេសលើកកម្ពស់សោភ័ណភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវ នៅទីប្រជុំជននៃក្រុងសួង។ ម្យ៉ាងទៀត អាជ្ញាធរខេត្ត បានខិតខំប្រឹងប្រែងអភិវឌ្ឍន៍បន្តពីថ្នាក់ដឹកនាំមុនៗ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង ក៏ដូចជាខេត្តត្បូងឃ្មុំ និងអាចឈានទៅដណ្ដើមជ័យលាភីរំដួល ៣ទង នៃទីក្រុងស្អាត នាពេលខាងមុខ ដែលនឹងត្រូវវាយតម្លៃដាក់ពិន្ទុដោយក្រសួងទេសចរណ៍ផងដែរ។


ផ្លូវទាំង២ខ្សែនេះ ការស្ថាបនាមានទុកចំណីផ្លូវ រៀបចំប្រពន្ធលូ ទៅតាមគំនូសប្លង់របស់មន្ទីរដែនដី នគររូបនីយកម្ម ដោយលោកបានសំណូមពរដល់ប្រជាពលរដ្ឋនៅតាមដងផ្លូវ ចូលរួមសហការជាមួយនឹងអាជ្ញាធរ និងក្រុមការងារសាងសង់ផ្លូវ ដើម្បីរៀបចំឱ្យមានសណ្ដាប់ធ្នាប់នឹងមានសោភ័ណភាព នៅក្នុងមូលដ្ឋានក៏ដូចជាក្នុងក្រុងសួង


ក្នុងឱកាសនោះឯកឧត្តម ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់ប្រជាពលរដ្ឋ ក្រុងសួងទាំងអស់ដោយក្តីនឹករឭកបំផុត៕




dd
Bottom Ad