15/03/22 10:29 AM
ខេត្តក្រចេះ៖ ក្រុមមន្រ្តីជំនាញអភិរក្សនិយាយថា កូនផ្សោតមួយក្បាលថ្មីទៀតត្រូវបានគេ ប្រទះឃើញហែលកំពុងហែលក្នុងទឹកទន្លេក្នុងអន្លង់តាមដងមេគង្គ ជាមួយមេផ្សោតមួយហ្វូងធំ។ ការប្រទះឃើញកូនផ្សោតថ្មីមួយក្បាលនេះ ក៏ត្រូវបានក្រុមមន្រ្តីអ្នកស្រាវជ្រាវអះអាងថា គឺជាកូនផ្សោតទី១ ដែលបានចាប់កំណើតកើតដំបូងនៅដើមឆ្នាំ២០២២នេះ។
របាយការណ៍របស់អង្គការជាដៃគូរអភិរក្សបានឲ្យដឹងថា នៅឆ្នាំ២០២១កន្លងទៅយ៉ាងហោចមានកូនផ្សោតទឹកសាប៦ក្បាល ត្រូវបានចាប់កំណើតជាមួយនិងមេរបស់វានៅទន្លេមេគង្គខេត្តក្រចេះ។ ហើយសម្រាប់ឆ្នាំ២០២២គឺទើបតែមានកូនផ្សោតមួយក្បាលកើតដំបូងគេ ដែលត្រូវបានក្រុមមន្រ្តីជំនាញប្រទះឃើញនៅព្រឹកថ្ងៃទី៧ ខែមិនា នេះ ខណះកូនផ្សោតតូចមួយនេះ កំពុងតែហែលលេងក្នុងទឹកទន្លេជាមួយនិងហ្វូងផ្សោតតូចធំចំនួនជាង៨ក្បាលនៅអន្លង់កោះផ្តៅ ក្នុងស្រុកសំបូរ ខេត្តក្រចេះ។
នាយខណ្ឌរដ្ឋបាលជលផល និងជាប្រធានឆ្មាំអភិរក្សលោក ម៉ុក ពន្លក បានថ្លែងឲ្យដឹងថា តាមការធ្វើជំរឿន សព្វថ្ងៃសត្វផ្សោតញីឈ្មោលមានចំនួនជិត៩០ក្បាល កំពុងតែរស់នៅតាមអន្លង់ នៅតាមដងទន្លេមេគង្គកម្ពុជា។ លោកថា សម្រាប់ទន្លេមេគង្គខេត្តក្រចេះ មានអន្លង់ផ្សោតរស់នៅចំនួន៥កន្លែងធំៗ រួមមានអន្លង់ខ្សាច់ម្កាក់ អន្លង់កន្ទុយកោះរងាវ អន្លង់កោផ្តៅ អន្លង់កោហដំបង និងអងន្លង់កាំពី។ លោកប្រធានខណ្ឌបញ្ជាក់ថា អន្លង់ទាំង៥នេះ សព្វថ្ងៃមានសត្វផ្សោតញីឈ្មោល តូចនិងធំរស់នៅចន្លោពី៥៥ទៅ៦២ក្បាល។
ទន្ទឹមនិងស្ថានភាពនៃការបង្កកំណើតនៃពពួកពពួកសត្វផ្សោតទឹកសាបអ៊ីរ៉ាវាឌី ដែលកំពង់តែមានកំណើតកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ លោក ម៉ុក ពន្លក បានអះអាងថា ថាលទ្ឋផលនេះគឺបានមកពីចូលរួមអភិរក្សពីក្រុមអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋក៏ដូចជាពលរដ្ឋ ដែលមិនសំដៅតែទៅលើពពួកសត្វផ្សោតនោះទេ គឺសំដៅលើគ្រប់មច្ឆជាតិក្នុងដងទន្លមេគង្គ។ ដើម្បីធានាបានថា កូនផ្សោតនេះបន្តរស់រានមានជីវិត និងវិវត្តន៍ទៅជាផ្សោតពេញវ័យនៅក្នុងចំនួនសរុប រដ្ឋបាលជលផលសូមអំពាវនាវដល់សូមបងប្អូនប្រជានេសាទមេត្តាចូលរួមការពារ និងបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពខុសច្បាប់ ពិសេសការនេសាទដោយប្រើឧបករណ៍មង និងគ្រឿងឆក់ជាដើម។