16/03/22 12:57 PM
សម្រួលផ្សាយ៖SR276
ក្រចេះ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងពិធីសម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានាក្នុងវត្តអម្ពរវ័នសិលារាម (ហៅវត្តព្រែកចំឡាក់) ស្ថិតនៅភូមិព្រែកចំឡាក់ ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ។
ក្នុងពីធីនេះដែរឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានសូមចូលរួមអបអរសាទរ និងអនុមោទនាត្រេកអរចំពោះសមិទ្ធផលជាច្រើនដែលមាននៅក្នុងវត្តព្រែកចំឡាក់ដ៏ចំណាស់មួយនេះ ក៏ដូចជាការអភិវឌ្ឍរីកចម្រើនជាលំដាប់ទាំងផ្នែកសាសនា, ផ្នែកអប់រំ, ផ្នែកសុខាភិបាល រួមទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធនានា នៅក្នុងស្រុកឆ្លូងខេត្តក្រចេះទាំងមូល ដោយទាំងនេះបានបង្ហាញអំពីភាពសុខដុមរមនា និងភាពសម្បូរសប្បាយរុងរឿងរបស់ប្រជាជននៅតាមមូលដ្ឋានភូមិស្រុកនៅទីនេះ ក្រោមការដឹកនាំរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងដោយមានការចូលរួមរបស់ព្រះតេជគុណព្រះសង្ឃ ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ក៏ដូចជាបងប្អូនប្រជាពលខ្មែរដែលរស់នៅក្រៅប្រទេសផងដែរ។ ដូចនឹងស្ថានភាពនៅទូទាំងប្រទេសផងដែរ អ្វីៗដែលត្រូវបានកសាងឡើងមកនេះ នឹងនៅស្ថិតស្ថេរគង់វង្សតទៅមុខសម្រាប់កូនចៅជំនាន់ក្រោយ ហើយក៏នឹងមានការបន្តអភិវឌ្ឍកាន់តែរីកចម្រើនបន្ថែមទៀត ដរាបណាប្រទេសជាតិយើងនៅរក្សាបានសុខសន្តិភាពដូចពេលបច្ចុប្បន្ន ពីព្រោះមានតែសន្តិភាពប៉ុណ្ណោះដែលអាចនាំមកនូវសេចក្តីសុខគ្រប់បែបយ៉ាង ហើយសង្គ្រាម និងជម្លោះបែកបាក់ ជាប្រភពនៃសេចក្តីវិនាសហិនហោច និងសោដនាដកម្មសម្រាប់ជាតិ និងប្រជាជនទោះជាកើតឡើងក្រោមហេតុផលអ្វីក៏ដោយ។
ឯកឧត្តម បានបញ្ជាក់ថាក្នុងរយៈពេលជាង ០២ ឆ្នាំកន្លងមកនេះ ជំងឺកូវីដ-១៩ ដែលជាជំងឺរាតត្បាតសាកល បានបំផ្លាញសុខភាពមនុស្សរាប់រយលាននាក់ និងសម្លាប់មនុស្សរាប់លាននាក់នៅលើពិភពលោក ដោយគ្មានការរើសអើង ហើយសូម្បីបុណ្យសពក៏មិនអាចរៀបចំតាមប្រពៃណីទំនៀមទម្លាប់សាសនាបាន។ កម្ពុជា ក៏បានទទួលរងនូវសោដនាដកម្មនេះដែរ ហើយក៏ប្រហាក់ប្រហែលនឹងសោដនាដកម្មដែលយើងធ្លាប់ឆ្លងកាត់រួចមកហើយនៅក្នុងរបប ប៉ុល ពត។ ប៉ុន្តែមកដល់ថ្ងៃនេះ អ្វីៗស្ថិតក្នុងស្ថានភាពដែលអាចគ្រប់គ្រងបាន។
ទោះបីករណីឆ្លងនៅបន្តមាន និងការវាយលុកពីប្រភេទមេរោគបំប្លែងថ្មីៗ ក៏យើងលែងសូវព្រួយបារម្ភអំពីករណីឈឺធ្ងន់ ឬស្លាប់ ដោយសារអត្រាចាក់វ៉ាក់សាំងនៅក្នុងប្រទេសយើងមានកម្រិតខ្ពស់ធៀបនឹងប្រទេសដទៃ។ ជោគជ័យនេះ មិនមែនជាការចៃដន្យឡើយ គឺកើតចេញពីសាមគ្គីភាព និងការចូលរួមរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កងទ័ពអាវស និងប្រជាជន ក្នុងការអនុវត្តគ្រប់វិធានការដែលរាជរដ្ឋាភិបាលបានដាក់ចេញ ជាពិសេសជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើការដឹកនាំរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលមានភាពជាអ្នកដឹកនាំអង់អាចម្ចាស់ការ មានទស្សនវិស័យ និងភាពឈ្លាសវៃក្នុងការប្រឈមដោះស្រាយវិបត្តិ រហូតស្ថានការណ៍អាចវិលមករកភាពប្រក្រតី និងការបើកប្រទេសឡើងវិញលើគ្រប់វិស័យដូចសព្វថ្ងៃនេះ។
ការសម្រេចចិត្តប្រកបដោយការទទួលខុសត្រូវ លឿនរហ័ស និងមានមូលដ្ឋានច្បាស់លាស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងជ្រើសរើសយកវ៉ាក់សាំង និងបើកយុទ្ធនាការចាក់វ៉ាក់សាំងនៅទូទាំងប្រទេស គឺពិតជាបាននាំមកនូវភាពកក់ក្តៅលើការធានាអាយុជីវិតរបស់ប្រជាពលរដ្ឋ។
ក្នុងនោះប្រជាពលរដ្ឋជាម្ចាស់ប្រទេស និងជាអ្នកកំណត់ជោគវាសនាប្រទេសជាតិ ហើយក៏ជាអ្នកដែលបានមើលឃើញ និងដឹងឮដោយផ្ទាល់អំពីអ្វីល្អអ្វីអាក្រក់។ហើយក្នុងរយៈពេលជាង ៤០ ឆ្នាំកន្លងមកនេះ គណបក្សប្រជាជនកម្ពុជាបានទទួលអម្រែកភារកិច្ច និងការផ្ទុកផ្តាក់ពីប្រជាពលរដ្ឋ ឱ្យដឹកនាំប្រទេស ដោយឈានចេញពីការសង្គ្រោះជាតិ ប្រជាជនចេញពីរបប ប៉ុល ពត អមដោយការស្តារកសាងជាតិចេញពីគំនរផេះផង់ និងការការពារការវិលត្រលប់នៃរបបខ្មែរក្រហម, ការបញ្ចប់ទាំងស្រុងនូវសង្គ្រាមផ្ទៃក្នុងដ៏រ៉ាំរ៉ៃ សម្រេចបាននូវសន្តិភាព ឯកភាពជាតិ ឯកភាពទឺកដី, និងជាក់ស្តែងក្នុងអាណត្តិភារកិច្ចឆ្នាំ២០១៨-២០២៣ នេះ គឺបានខិតខំសម្រេចបាននូវការជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋជាងមួយសែននាក់ និងការពាររាប់លាននាក់ឆ្លងផុតជ្រោះមរណៈនៃជំងឺកូវីដ-១៩។
ក្នុងន័យនេះ ក្នុងនាម សម្តេចតេជោ ប្រធានគណបក្ស សូមអរគុណចំពោះការទុកចិត្តមកលើគណបក្សប្រជាជនកម្ពុជាក្នុងរយៈកាលកន្លងមក និងសូមបន្តការគាំទ្រ ដើម្បីជាការផ្តល់ឱកាសឈានទៅបន្តបម្រើ រែកពន់ និងសម្រេចភារកិច្ចជូនជាតិ និងប្រជាជនបន្ថែមទៀត។
ភារកិច្ចដែលឥតកែប្រែរបស់គណបក្សប្រជាជនកម្ពុជា គឺការបម្រើ កសាង និងការពារជាតិ ប្រជាជន ដោយធ្វើយ៉ាងណាឱ្យប្រជាជនរស់នៅបានសេចក្តីសុខ និងសុភមង្គល ហើយគ្រប់ភូមិស្រុកនៅទូទាំងប្រទេស ទទួលបានការបន្តអភិវឌ្ឍរីកចម្រើនប្រកបដោយនិរន្តរភាព៕