17/03/22 10:56 AM
សម្រួលផ្សាយ៖SR276
ព្រះសីហនុ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នេះ បានអញ្ជើញទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះវត្តមាននាវាស្វ័យការពារជើងទឹកជប៉ុន និងនាវិក នៅកំពង់ផែ ខេត្តព្រះសីហនុ នៅនឹងកំពង់ផែដោយផ្ទាល់តែម្តង។
ថ្លែងក្នុងពិធីស្វាគមន៍វត្តមាននាវា និងនាវិកស្វ័យការពារជើងទឹកជប៉ុននេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងរំលឹកពីការចូលរួមចំណែកក្នុងបេសកកម្មរក្សាសន្តិភាពនៅកម្ពុជាដោយកងកម្លាំងស្វ័យការពារជប៉ុនកាលពី៣០ឆ្នាំមុន រហូតមានការពលីជីវិតរបស់ពលរដ្ឋជប៉ុនពីរនាក់លើទឹកដីកម្ពុជានាឆ្នាំ១៩៩៣ គឺលោក Atsuhiti Nakata និងលោក Haruyuki Takata ដោយសារការវាយប្រហាររបស់ខ្មែរក្រហម។
សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសរំលេចថា ទោះបីរយៈពេល៣០ឆ្នាំកន្លងផុត កម្ពុជាមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យហើយក្តី ប៉ុន្តែរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជានៅតែចងចាំ និងដឹងគុណជានិច្ចចំពោះការចូលរួមរបស់កងរក្សាសន្តិភាពនៃកងស្វ័យការពារជប៉ុន ដែលបានមកបំពេញបេសកកម្មនៅកម្ពុជាជាលើកដំបូង។
ឯកឧត្តម មិកាមិ ម៉ាសាហ៉ីរ៉ូ ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំនៅកម្ពុជា បានថ្លែងវាយតម្លៃ និងកោតសរសើរខ្ពស់ចំពោះកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដើម្បីរកបាននូវសុខសន្តិភាព និងការអភិវឌ្ឍនាពេលបច្ចុប្បន្នដោយឆ្លងកាត់អតីតកាលប្រកបដោយសោកនាដកម្ម និងផ្លូវដ៏សែនលំបាក។
វរនាវីឯក Nogochi មេបញ្ជាការកងពលធំបោសសម្អាតមីនទី១ នៃកងកម្លាំងស្វ័យការពារជើងទឹកជប៉ុន បានឱ្យដឹងថា ក្នុងឱកាសចូលនៅផែកម្ពុជារយៈពេល៣ថ្ងៃ នឹងមានគម្រោងហ្វឹកហ្វឺនបោសសម្អាតមីន ដែលជាលំហាត់សុច្ឆន្ទៈ ជាមួយកងទ័ពជើងទឹកកម្ពុជា ហើយក៏នឹងចូលជួបសម្តែងការគួរសមជាមួយមេបញ្ជាការមូលដ្ឋានទ័ពជើងទឹករាម ដើម្បីពង្រឹងការយល់ដឹងពីគ្នា និងទំនាក់ទំនងទៅវិញទៅមក ផ្អែកលើទំនុកចិត្តជាមួយកងទ័ពជើងទឹកកម្ពុជា។
សម្តេចពិជ័យសេនា ទៀ បាញ់ បានបង្ហាញការជឿជាក់ថា តាមរយៈការបំពេញទស្សនកិច្ចចូលចតនាវាស្វ័យការពារជើងទឹកជប៉ុន នៅកំពង់ផែខេត្តព្រះសីហនុនាពេលនេះ ភាគីជប៉ុន នឹងជំរុញផែនការកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ជប៉ុន កាន់តែសកម្មថែមទៀត ដូចជាការផ្លាស់ប្តូរទស្សនកិច្ចនាយទាហានវ័យក្មេង និងនាយទាហានថ្នាក់ដឹកនាំជាន់ខ្ពស់, បណ្តុះបណ្តាលលើកកម្ពស់សមត្ថភាពជូនដល់កងទ័ពជើងគោកកម្ពុជាលើការងារមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ, ផ្តល់វគ្គសិក្សានាយទាហានសកម្ម បញ្ជាការសេនាធិការវិស្វកម្ម និងសុខាភិបាល។
ប្រមុខការពារជាតិកម្ពុជា ក៏រំពឹងថា កងស្វ័យការពារជើងទឹកជប៉ុន នឹងបង្កើនចំនួននាវាកងទ័ពស្វ័យការពារជើងទឹកចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុកាន់តែច្រើន ដើម្បីហ្វឹកហ្វឺនរួមគ្នាលើកកម្ពស់សមត្ថភាព លើជំនាញជួយសង្គ្រោះគ្រោះមហន្តរាយ ប្រយុទ្ធប្រឆាំងភេរវកម្ម និងវិស័យមនុស្សធម៌។ ជាមួយគ្នានេះ ភាគីជប៉ុន ពិតជានឹងបន្តជួយផ្តល់ឧបករណ៍ សម្ភារៈ មធ្យោបាយ និងធ្វើការហ្វឹកហ្វឺនជំនាញដល់កងរក្សាសន្តិភាពកម្ពុជា ដើម្បីបំពេញបេសកកម្មរបស់អង្គការសហប្រជាជាតិទទួលបានជោគជ័យថ្មីៗបន្ថែមទៀត។
ឯកឧត្តម ឯកអគ្គរដ្ឋទូតជប៉ុន បានបង្ហាញការជឿជាក់របស់ខ្លួនថា ការចូលចតនៃនាវាស្វ័យការពាររបស់ជប៉ុននាពេល ជាកិច្ចសហប្រតិបត្តិការមួយដ៏សំខាន់ ដែលនឹងរួមចំណែកសម្រេចបាននូវ «នយោបាយឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហ»។
ឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្រ បានឱ្យដឹងថា គិតចាប់ពីឆ្នាំ២០០០ រហូតមកដល់ពេលបច្ចុប្បន្ននេះ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានទទួលស្វាគមន៍នាវាស្វ័យការពារជើងទឹកជប៉ុន ចំនួន ១២លើក ស្មើនឹង ២៧គ្រឿង៕