17/03/22 11:35 AM
ព្រៃវែង៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា “យើងមានមោទនភាពព្រោះយើងបានយកចិត្តទុកដាក់ មិនទុកអោយកុមារណាចោលនោះទេ ពួកគេបានទទួលការបណ្តុះបណ្តាលបានល្អ”។
សម្តេចតេជោ ហ៊ុន សែន ថ្លែងបន្តថា នៅលើពិភពលោកនេះមិនមានកុមារណារងគ្រោះជាងកុមារនៅកម្ពុជានោះទេ ព្រោះកម្ពុជាមានរបប ប៉ុល ពត បានសម្លាប់ឱពុកម្តាយរបស់ពួកគេ។ នេះជាការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ភូមិកុមារ SOS» ស្ថិតនៅក្នុងខេត្តព្រៃវែង។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «កុមារកំព្រារក្នុងរបប ប៉ុល ពតជាច្រើនយើងបានបណ្តាលបណ្តាលពួកគេរហូត ដល់ក្លាយជាធនធានមនុស្សនៅកម្ពុជា»។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា យើងតែងតែយកចិត្តទុកដាក់ចំពោះកុមារតាំងពីដើមរៀងមក ជាក់ស្តែងបច្ចុប្បន្នរាជរដ្ឋាភិបាលមានគោលនយោបាយគាំពារសង្គម ជួយដល់ស្រ្តីក្រីក្រមានផ្ទៃពោះ រហូតដល់កូនចាកផ្ទៃ ផ្តល់អាហាររូបត្ថមអោយពួកគេ។ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកទឹកចិត្តឲ្យកុមារ និងយុវជនត្រូវខិតខំកសាងសមត្ថភាពដើម្បីមានឱកាសក្លាយជាធនធានមនុស្សរហូតដល់ក្លាយជាមេដឹកនាំ ។
សម្តេចតេជោ បន្តថា នៅពេលដែលសេដ្ឋកិច្ចយើងកាន់តែកើនឡើងយើងត្រូវតែយកចិត្តទុកដាក់ផ្តល់ប្រាក់ឧបត្ថមបន្ថែមអោយកាន់តែច្រើន។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «យើងមិនទុកឲ្យកុមារ ឬយុវជនណាម្នាក់ចោលទេ ទាំងពិការ គថ្លង់ ទាំងកំព្រារ ដោយយកចិត្តទុកដាក់ផ្យល់ឱកាសឲ្យពួកគេចូលបំរើការងារនៅស្ថាប័នរដ្ឋ និងឯកជន»៕