17/03/22 11:50 AM
(ខេត្តស្វាយរៀង): ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង។
ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍ថា ក្នុងនាមក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត សូមសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការកិច្ចខិតខំប្រឹងប្រែងទាំងអស់របស់អាជ្ញាធរដែនដី មន្ទីរ-អង្គភាព មន្ត្រីរាជការ និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ ដែលក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ បានខិតខំយកចិត្តទុកដាក់បំពេញការងារស្របតាមតួនាទី ភារកិច្ចរបស់ខ្លួន ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ធ្វើឱ្យរដ្ឋបាលខេត្ដ សម្រេចបាននូវសមិទ្ធផលជាច្រើនគួរជាទីមោទន ទាំងការអភិវឌ្ឍន៍ខេត្ដ និងការធានាស្ថិរភាពនយោបាយ សន្ដិសុខសង្គម សុខសុវត្ថិភាពសណ្ដាប់ធ្នាប់សាធារណៈ បានយ៉ាងល្អប្រសើរ ជាពិសេសសូមថ្លែងអំណរគុណដល់មន្រ្ដីសុខាភិបាល និងមន្រ្ដីអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំយ៉ាងសកម្ម ក្នុងការពុះពារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយប្រើប្រាស់គ្រប់មធ្យោបាយដែលមានទាំងធនធានមនុស្ស ថវិកា បច្ចេកទេស វិធានការរដ្ឋបាល និងវិធានការច្បាប់នានាដែលមានជាធរមាន សំដៅធ្វើយ៉ាងណាឲ្យសម្រេចបានជោគជ័យ លើការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ។
នៅក្នុងឱកាសនោះឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត បានដាក់ចេញនូវទិសដៅសំខាន់ៗមួយចំនួនដូចខាងក្រោម៖
១- បន្តថែរក្សាការពារនូវស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គម ការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានាអោយបានជាអតិបរមា។
២- សូមអោយមន្ទីរ-អង្គភាព និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវបន្តខិតខំរួមគ្នាអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ (៣កុំ ៣ការពារ របស់សម្តេចតេជោ)ព្រមទាំងការស់នៅ និងបំពេញការងារតាមបែបគន្លងប្រក្រតីភាពថ្មី។
៣- ត្រូវបន្តពង្រឹង និងរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានតឹងរឹង និងម៉ឺងម៉ាត់បំផុត។
៤- ត្រូវបន្តអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ឲ្យបានម៉ឺងម៉ាត់ នឹងផុលផុស។
៥- ត្រូវបន្តខិតខំពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងអោយកាន់តែប្រសើរឡើង។
៦- ត្រូវបន្តខិតខំយកចិត្តទុកដាក់ផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលាប្រកបដោយគុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផល។
៧- ត្រូវមានវិធានការរដ្ឋបាល និងវិធានការច្បាប់អោយបានតឹងរឹងបំផុត ក្នុងការទប់ស្កាត់អោយបានទាន់ពេលវេលា រាល់សកម្មភាពរំលោភយកដីសាធារណៈ ការសាងសង់សំណង់ផ្សេងៗ រំលោភលើដីចំណីផ្លូវ និងការចាក់ដីចូល ព្រែក ទន្លេ បឹងបួរដែលជាទ្រព្យសម្បត្តិរបស់រដ្ឋមកធ្វើជាកម្មសិទ្ធិឯកជន។
៨- នៅពេលខាងមុខការបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ និងចូលមកដល់ដូច្នេះត្រូវបន្តយកចិត្តទុកដាក់ពង្រឹងការងារអភិវឌ្ឍន៍ និងរក្សាសន្តិសុខសណ្តាប់ធ្នាប់អោយបានល្អ និងមិនត្រូវអសកម្មឡើយ ត្រូវបំពេញការងារស្នូលរបស់ ឃុំ សង្កាត់ ទៅតាមតួនាទីភារកិច្ច ជាពិសេសការផ្តល់សេវារដ្ឋបាល ដែលជាតម្រូវការប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
៩- ត្រូវបន្តការផ្សព្វផ្សាយ និងជំរុញដល់ប្រជាពលរដ្ឋដែលគ្រប់អាយុចាក់វ៉ាក់សាំង ត្រូវទៅទទួលការចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នាទៅតាមពេលវេលានិងទីកន្លែងដែលរដ្ឋបាលខេត្តបានជូនដំណឹង៕