អាជ្ញាធរខេត្តបាត់ដំបង បន្តការស្ថាបនាផ្លូវកៅស៊ូ ជូនប្រជាពលរដ្ឋនៅស្រុកបាណន់ ដើម្បីតភា្ជប់សេដ្ឋកិច្ចជាតិពីទីប្រជុំជន ទៅកាន់តំបន់ជនបទ


ត្រលប់ក្រោយ

17/03/22 12:09 PM

ចំនួនទស្សនា៖

256

ប្រភព៖

បាត់ដំបង

សម្រួលផ្សាយ៖SR276


បាត់ដំបង៖ ទោះបីជាប្រទេសជាតិ ក៏ដូចជាខេត្តបាត់ដំបង កំពុងជួបវិបត្តិនៃការផ្ទុះជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ ក៏អាជ្ញាធរខេត្តបាត់ដំបង នៅតែបន្តសកម្មភាព ក្នុងការស្តារប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសង្គមជាតិ ជាពិសេសផ្លូវគមនាគមន៍នៅតាមតំបន់ជនបទ ដើម្បីដាក់ជូនប្រជាពលរដ្ឋប្រើប្រាស់ឡើងវិញ ជាក់ស្តែងផ្លូវខេត្តមួយខ្សែមានប្រវែងជាង ៣,២០០ម ស្ថិតក្នុងឃុំបាយដំរាំ និងឃុំកន្ទឺ២ នៃស្រុកបាណន់ ជាផ្លូវគ្រួសក្រហម ត្រូវបានធ្វើការជួសជុលក្លាយមកជាផ្លូវ DBST ក្រាលកៅស៊ូ៣ជាន់ ដែលពិធីបើកការដ្ឋានជួសជុលផ្លូវនេះធ្វើឡើងក្រោមវត្តមានចូលរួមពី ឯកឧត្ដម សុខ លូ អភិបាលខេត្តបាត់ដំបង មន្ត្រីរាជការជុំវិញខេត្ត និងតំណាងប្រជាពលរដ្ឋជាអ្នកទទួលផលនៃឃុំទាំង២បានចូលរួមផងដែរ នាថ្ងៃទី១៦ ខែមិនា ឆ្នាំ២០២២នេះ ។


ប្រធានមន្ទីរសាធារណៈការ និងដឹកនជញ្ជូនខេ្តតបាត់ដំបង លោក ព្រួញ រិទ្ធថា បានបញ្ជាក់ថា កំណាត់ផ្លូវមួយខ្សែនេះ គឺជាចំណងដៃដ៏ពិសិដ្ឋដែលឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋ ក្នុងការបម្រើឱ្យការដឹកជញ្ជូនកសិផល និងការផ្លាស់ប្តូរសេដ្ឋកិច្ចលើគ្រប់វិស័យកាន់តែប្រសើរឡើង សំដៅរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ និងកិច្ចអភិវឌ្ឍន៍សង្គមជាតិ ។

លោក បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅតាមដងផ្លូវ សូមចូលរួមជួយធ្វើការលះបង់ ក្នុងការរុះរើរបងនិងរោងផ្សេងៗនៅអមសង្ខាងដងផ្លូវ ដើម្បីឱ្យផ្លូវថ្នល់មានភាពធំទូលាយ ក៏ដូចជាបង្កលក្ខណៈឱ្យក្រុមការងារបច្ចេកទេសរបស់មន្ទីរជំនាញមានភាពងាយស្រួល ក្នុងការបំពេញភារកិច្ច និងបានឆាប់រហ័ស ក្នុងការដាក់ឲ្យប្រើប្រាស់នាពេលដ៏ខ្លីខាងមុខនេះ ។


អភិបាលខេត្តបាត់ដំបង ឯកឧត្ដម សុខ លូ បានចាត់ទុកថា នេះគឺជាសមិទ្ធផលថ្មីមួយទៀតរបស់ខេត្ត ដើម្បីសម្រួលដល់ការធ្វើដំណើរជូនប្រជាពលរដ្ឋ ក្នុងការឆ្លងកាត់ដឹកជញ្ជូនពីភូមិសាស្រ្ដស្រុកសង្កែ មកស្រុកបាណន់ និងតភ្ជាប់ទៅទីប្រជុំជនក្រុង ក្នុងប្រទេសកម្ពុជា ដោយប្រើរយៈពេលខ្លីជាងមុន ហើយទាំងនេះគឺកើតចេញពីសុខសន្ដិភាព ព្រោះបើគ្មានសន្ដិភាពទេ ក៏គ្មានការអភិវឌ្ឍបែបនេះ មិនថាផ្លូវថ្នល់ឬហេដ្ឋារចនាសម្ព័ន្ធនានាក្នុងខេត្តដូចនេះសូមប្រជាពលរដ្ឋទាំងអស់ មេត្តារក្សានូវសុខសន្ដិភាពទាំងអស់គ្នា ដើម្បីការអភិវឌ្ឍប្រទេសឲ្យកាន់តែរីកចម្រើនតទៅមុខ ។


ឯកឧត្ដម បានជំរុញដល់ប្រជាពលរដ្ឋរួសរាន់ចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ ព្រោះឥឡូវនេះ ការផ្ទុះរីករាលដាលជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង នៅតែជាបញ្ហាកំពុងគំរាមកំហែងនៅក្នុងសហគមន៍ ដែលត្រូវទាមទារប្រជាពលរដ្ឋទាំងអស់ត្រូវតែចូលរួមក្នុងការកាត់ផ្ដាច់ការឆ្លងជាសហគមន៍ តាមរយៈការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញនេះឲ្យបានគ្រប់គ្នា ព្រោះដូសជំរុញគឺជាអាវក្រោះការពារមិនឲ្យឆ្លង ឬមិនមានអាការៈធ្ងន់ធ្ងរកើតឡើង ឬឆាប់ជាសះស្បើយ កាត់បន្ថយអត្រាស្លាប់ឲ្យនៅកម្រិតទាបជាងមុនឬមិនមានការស្លាប់បន្ទាប់ពីបានឆ្លងហើយ ៕


dd
Bottom Ad