18/03/22 10:44 AM
ដោយ៖ ឈឿន តាយ
ព្រៃវែង៖ បើគ្មានអ្វីប្រែប្រួលទេ នៅខែមេសាខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងដឹកនាំប្រតិភូជាន់ខ្ពស់កម្ពុជា ធ្វើទស្សនកិច្ច និងប្រជុំនៅប្រទេសជប៉ុន ក្រោយបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដើម្បីចូលរួមក្នុងវេទិកាស្តីពី ទឹក។
សម្តេចតេជោ ហ៊ុន សែនថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ «ភូមិកុមារ SOS» ស្ថិតនៅក្នុងទីរួមខេត្តព្រៃវែង នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «បើគ្មានការប្រែប្រួលទេ នៅខែមេសាក្រោយចូលឆ្នាំខ្មែរ ខ្ញុំអាចទៅជប៉ុន ដើម្បីចូលរួមប្រជុំដោយផ្ទាល់អំពីបញ្ហាទឹក។ ដំបូងទម្រង់ដើមចង់ប្រជុំតាមអនឡាញទេ ក៏ប៉ុន្តែដោយសារតែសភាពការណ៍ ធូរស្រាល គេកំពុងគិតអំពីការប្រជុំតាមអនឡាញផង និងប្រជុំផ្ទាល់ផង។ ដោយឡែកកម្ពុជា វេទិកាផ្នែកទឹកនេះ អញ្ជើញទៅផ្ទាល់ ដូច្នេះលទ្ធភាពដែលខ្ញុំធ្វើដំណើរទៅកាន់ប្រទេសជប៉ុន ដើម្បីចូលរួមការប្រជុំនោះ»។
សម្តេចតេជោនាយករដ្ឋមន្ត្រីបញ្ជាក់ថា នៅឆ្នាំ២០២២នេះ សម្តេចមានភារកិច្ចច្រើន ក្នុងចេញទៅបំពេញការងារ នៅក្រៅប្រទេស។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា បន្ទាប់ពីបំពេញទស្សនកិច្ច នៅប្រទេសជប៉ុនរួចហើយ នៅខែឧសភា ឆ្នាំ២០២២ សម្តេចនឹងធ្វើដំណើរ ទៅចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក ដែលរៀបចំឡើងនៅប្រទេស្វីស។ នៅពេលត្រឡប់មកពីប្រទេសស្វីសវិញ សម្តេចក៏មានកិច្ចប្រជុំតាមអនឡាញ ជាមួយមេដឹកនាំបណ្តាប្រទេសផ្សេងៗ នៅលើពិភពលោក រួមទាំងនាយករដ្ឋមន្ត្រីជប៉ុនផងដែរ ស្តីអំពីអនាគតអាស៊ី ៕