កសិករប្រមូលផលផ្លែស្វាយចន្ទី ត្អូញត្អែរពីតម្លៃទីផ្សារធ្លាក់ចុះ ខណ:តម្លៃប្រេងសាំងឡើងថ្លៃខ្ពស់ និងលំបាករកកម្មករចូលទៅរើសគ្រាប់ស្វាយចន្ទី


ត្រលប់ក្រោយ

21/03/22 10:18 AM

ចំនួនទស្សនា៖

265

ប្រភព៖

ប៉ៃលិន

សម្រួលផ្សាយ៖SR276


ប៉ៃលិន ៖ គេសង្កេតឃើញកសិករមួយគ្រួសារ បានដាំដំណាំស្វាយចន្ទីចំនួន ៥ហិកតា នៅលើដីចម្ការមួយកន្លែង ស្ថិតនៅចំណុចអូរតាលី ក្នុងភូមិស្រង់មានជ័យ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ហើយកំពុងជួលកម្មករឱ្យចូលទៅប្រមូលផលជាបណ្តើរៗ។


តែគាត់ត្អូញត្អែរពីតម្លៃទីផ្សារមានការធ្លាក់ចុះ ខណ:តម្លៃប្រេងសាំងឡើងថ្លៃខ្ពស់ត្រដែត ហើយក៏លំបាករកកម្មករឱ្យចូលទៅរើសគ្រាប់ស្វាយចន្ទី។ ទោះបីជាយ៉ាងណា បន្ទាប់ពីប្រមូលផលចាប់ពីពេលព្រឹក រហូតដល់ពេលល្ងាច គាត់ថ្លឹងលក់ឱ្យឈ្មួញ ដើម្បីយកថវិកាដោះស្រាយ និងផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។


កសិករម្នាក់ ឈ្មោះ ហេង ម៉ៅ រស់នៅក្នុងក្រុងប៉ៃលិន បានឱ្យ ដឹងថា ៖ គាត់បានដាំ ដំណាំស្វាយចន្ទី ជាង ១,០០០ដើម នៅលើដីចម្ការ ៥ហិកតា ដោយយកពូជប្រភេទ (M23) មកពីខេត្តកំពង់ចាម។ គាត់បន្តទៀតថា ពេលកំពុងដាំដុះ គឺគាត់ប្រើបច្ចេកទេសខ្លួនឯង ចន្លោះពី ១ដើមទៅ១ដើមប្រវែង ៧ម៉ែត្រ រួមផ្សំជាមួយនឹងការសួរនាំពីកសិករដូចគ្នានៅក្នុងខេត្តកំពង់ចាម។ គាត់ក៏មិនធ្លាប់ឃើញមានខាងមន្ទីរកសិកម្មខេត្ត ចុះទៅអប់រំ ឬបង្រៀនពីរបៀបនៃការថែទាំដំណាំអ្វីនោះឡើយ។ បញ្ហាប្រឈមខ្លាំង គឺសត្វដង្កូវ សត្វល្អិត តែងតែស៊ីផ្កា និងត្រួយចន្ទី ដែលកំពុងលូតលាស់ ទើបគាត់ក៏ស្វះស្វែងរកថ្នាំពុលនៅទីផ្សារយកទៅបាញ់សម្លាប់ ដើម្បីឱ្យដំណាំរបស់ខ្លួនមានការលូតលាស់ល្អ បើមិនដូច្នេះទេ គឺមិនអាចទទួលបានទិន្នផល លក់ដូរបានឡើយ។


ការប្រមូលផល គាត់បានជួលកម្មករ ក្នុង១ថ្ងៃ៤ ទៅ៥នាក់ ឱ្យដើររើសគ្រាប់ស្វាយចន្ទីនៅក្នុងចម្ការរបស់ខ្លួន។ តែលំបាករកកម្មករ ខណ:អ្នកចូលទៅរើសគ្រាប់ចន្ទី គាត់ឱ្យថ្លៃឈ្នួល ១គីឡូក្រាម ៨០០រៀល។ ក្នុង១ថ្ងៃៗ អ្នកខ្លះ អាចប្រមូលផលបានចាប់ពី៤០ ទៅ៥០គីឡូក្រាមដែរ គឺទទួលបានប្រាក់កម្រៃចាប់ពី ៣០,០០០ ទៅ ៤០,០០០ រៀល ហើយការងារនេះមិនលំបាកនោះទេ។ គាត់ក៏សំណូមពរឱ្យប្រជាពលរដ្ឋ ដែលខ្វះការងារធ្វើ សូមនាំគ្នាចូលទៅរើសគ្រាប់ស្វាយចន្ទីរនៅក្នុងចម្ការរបស់ខ្លួន ទោះបីជា១ថ្ងៃ មានកម្មករ លើសពី១០នាក់ ក៏គាត់ទទួលយកដែរ ព្រោះបច្ចុប្បន្ន ការប្រមូផលចន្ទីរ បានតិច ខណ:មិនសូវមានកម្មករ ពោលគឺអាចទទួលបានផលត្រឹមតែជាង ១០០ ទៅ ២០០គីឡូក្រាមប៉ុណ្ណោះ ក្នុង១ថ្ងៃ។


គាត់បញ្ជាក់ថា កាលពីមុន តម្លៃទីផ្សារគ្រាប់ស្វាយចន្ទី ឈ្មួញទិញ១គីឡូក្រាម ចាប់ពី ៥, ០០០ រៀលទៅ ៦,០០០ រៀល តែរហូតមកដល់ពេលនេះ តម្លៃទីផ្សារមានការធ្លាក់ចុះ ដោយ១គីឡូក្រាម ឈ្មួញ ទិញត្រឹមតែ ៤,៧០០ ទៅ ៤,៨០០ រៀល ប៉ុណ្ណោះ ដោយឈ្មួញចូលទៅទិញដល់ចម្ការ លុះគាត់សួរនាំគេប្រាប់ថា ការទិញកសិផលក្នុងតម្លៃទាប ព្រោះតែប្រេងសាំងឡើងថ្លៃ មិនអាចឱ្យតម្លៃខ្ពស់បានឡើយ ព្រោះគេបើកបររថយន្តចូលទៅដឹកដល់ចម្ការ ត្រូវចំណាយអស់ច្រើន បើទិញក្នុងតម្លៃខ្ពស់គេមិនចំណេញនោះឡើយ៕


dd
Bottom Ad