22/03/22 09:57 AM
សម្រួលផ្សាយ៖SR276
បាត់ដំបង៖ ជនជាតិវៀតណាមប្រុសស្រីចំនួន ០៣នាក់ ត្រូវបាននគរបាលផែនជំនាញអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រៀបចំបែបបទបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃដើម្បីអនុវត្តតាមនីតិវិធី ក្រោយពួកគេបន្លំខ្លួនឆ្លងដែនដោយខុសច្បាប់ពីប្រទេសថៃចូលមកប្រទេសកម្ពុជា។
យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក គង់ ផុនដា នាយការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានអោយដឹងថា ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនកបាលខេត្ត ក៏ដូចជាយោបល់របស់លោកឧត្តមសេនីយ៍ត្រី ដាញ់ អេងប៊ុនចាន់ ស្នងការរងផែនការងារអន្តោប្រវេសន៍ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ នេះលោកបានរៀបចំបញ្ជូនជនជាតិវៀតណាម ចំនួន០៣នាក់ ដែលបន្លំខ្លួនឆ្លងដែនចូលមកប្រទេសកម្ពុជាដោយខុសច្បាប់ទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ អនុវត្តតាមនីតិវិធីច្បាប់។
របាយការណ៍ដដែលបានបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ កម្លាំងអធិការដ្ឋាននគរបាលស្រុកសំពៅលូន បានសហការជាមួយកម្លាំងនគរបាលវរៈព្រំដែនគោកលេខ ៨១៩ និងអាជ្ញាធរនៅចំណុចព្រំដែនបានទទួលពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃ វិញនៅចំណុចមាត់អូរព្រំដែនកម្ពុជា ស្ថិតក្នុងភូមិពោធិ៍ជ្រៃ ឃុំសេរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ហើយក្នុងពេលត្រួតពិនិត្យអត្តសញ្ញាណពលករខ្មែរក៏ ប្រទះឃើញជនជាតិវៀតណាមចំនួន០៣នាក់ ស្រី០១នាក់បន្លំខ្លួនដែលក្នុងនោះមាន
១-ឈ្មោះ DUONG VAN PHUONG ភេទប្រុស អាយុ ៣៥ឆ្នាំ កាន់លិខិតឆ្លងដែនលេខ C8797146
២-ឈ្មោះ LE THI HINE ភេទស្រី អាយុ ២៧ឆ្នាំ កាន់លិខិតឆ្លងដែនលេខ N2020433
៣-ឈ្មោះ VO ANH ភេទប្រុស អាយុ ២៩ឆ្នាំ កាន់លិខិតឆ្លងដែនលេខ C8887841 ទាំងបីនាក់ទិដ្ឋាការចូលប្រទេសឡាវ ទៅកាន់ប្រទេសថៃ ធ្វើការនៅខេត្តចាន់បូរី ហើយត្រូវសមត្ថកិច្ចថៃចាប់ខ្លួនរួមគ្នាជាមួយប្រជាពលរដ្ឋខ្មែរផ្សេងទៀតដោយសារការស្នាក់នៅធ្វើការមិនស្របច្បាប់ ហើយសមត្ថកិច្ចថៃបញ្ជូនមកប្រទេសកម្ពុជាតាមច្រកព្រំដែនស្រុកសំពៅលូន ។
នៅពេលចូលមកដល់ប្រទេសកម្ពុជាពិនិត្យដឹងថា អ្នកទាំង០៣នាក់ជាជនជាតិវៀតណាម ហើយបានរកឃើញថា គាត់មានផ្ទុកជម្ងឺឆ្លង Covid-19 ផងទើបសមត្ថកិច្ចបានបញ្ជូនគាត់ទៅព្យាបាលជម្ងឺនៅមណ្ឌលព្យាបាលស្រុកសំពៅលូន និងបានជាសះស្បើយ រហូតនៅពេលនេះសមត្ថកិច្ចនគរបាលផែនជំនាញអន្តោប្រវេសន៍បានរៀបចំបែបបទបញ្ជូនរូបគាត់ទាំង០៣នាក់ទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕