23/03/22 11:43 AM
សម្រួលផ្សាយ៖SR276
ខេត្តបាត់ដំបង៖ នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ អាជ្ញាធរនៃរដ្ឋបាលខេត្ត និងក្រុង រួមជាមួយក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តបាត់ដំបង បានចុះយុទ្ធនាការអប់រំសុខភាព រួមគ្នាទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ក្រោមប្រធានបទ ( រួមគ្នាប្រយុទ្ធវីរុសកូវីដ-១៩ បំប្លែងថ្មីអូមីក្រុង) ដែលឆ្លងលឿនខ្លាំងជាងមុន អាចបង្កឱ្យមានហានិភ័យធ្ងន់ធ្ងរដល់អ្នក និងគ្រួសារ ។
លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង បានមានប្រសាសន៍ថា ក្នុងយុទ្ធនាការនាពេលនេះដែរធ្វើឡើងនៅទូទាំងក្រុង និងតាមបណ្តាស្រុកមួយចំនួនក្នុងខេត្តបាត់ដំបង គោលបំណងដើម្បីក្រើនរំលឹក ពញ្ញាក់ស្មារតី និងបង្កើនជំរុញការចូលរួមរបស់បុគ្គល គ្រួសារ និងសហគមន៍ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ស្ថាប័ន-ក្រសួងពាក់ព័ន្ធ អង្គភាពសាធារណៈដទៃទៀត អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ មន្ទីរ អង្គភាពជំនាញនានា អង្គការជាតិ-អន្តរជាតិ អង្គការមិនមែនរដ្ឋាភិបាល និងសេវាឯកជនទាំងអស់ ពួតដៃគ្នាបន្តអនុវត្តវិធានការចាំបាច់នានា ដែលបានដាក់ចេញដោយការសម្រេចដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ស្តីពីការពង្រឹងការអនុវត្តវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍នៃវីរុសកូវីដ-១៩ ជាពិសេសវីរុសបំប្លែងថ្មីប្រភេទ "អូមីក្រុង"។
ជាមួយគ្នានេះ លោកអភិបាលក្រុង ក៏បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋត្រូវកុំភ្លេចនូវវិធានការ ៣កុំ ៣ការពារ ដោយត្រូវចូលរួមពាក់ម៉ាស់អោយបានជាប់ជាប្រចាំ និងមិនត្រូវជួបជុំគ្នាច្រើន មិនត្រូវនៅកន្លែងបិទជិតដែលមិនមានខ្យល់អាកាសចេញចូល ព្រោះពេលនេះលោកកត់សម្គាល់ឃើញថាមានប្រជាពលរដ្ឋមួយចំនួនហាក់ធ្វេសប្រហែស ភ្លេចខ្លួនក្នុងការអនុវត្តវិធានការសុខាភិបាលត្រឹមត្រូវ និងហ្មត់ចត់ ដែលជាឱកាសដ៏ល្អសម្រាប់វីរុសកូវីដ-១៩ធ្វើចរាចរយ៉ាងសកម្ម បង្កឱ្យមានការចម្លងជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ជាក់ស្ដែងចាប់តាំងពី ” អូមីក្រុង · ចូលមកប្រទេសកម្ពុជាយើងតាំងពីពាក់កណ្តាលខែធ្នូ ឆ្នាំ២០២១ មកដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២នេះ ករណីឈឺ និងស្លាប់ នៅតែរកឃើញមានជាបន្ត បន្ទាប់រៀងរាល់ថ្ងៃ ដែលធ្វើឱ្យមានកំណើនសរុបនៃករណីឈឺ និងស្លាប់នៅកម្ពុជា ហើយហានិភ័យនៃការកើនឡើងនៃករណីជំងឺកូវីដ-១៩ ដោយសាតែវីរុសកូវីដ-១៩ ប្រភេទ " អូមីក្រុង " គឺប្រហែលជាមានខ្ពស់ នៅក្នុងចំណោមសហគមន៍ ដោយសារពួកគាត់បានធ្វើតេស្តរហ័ស និងស្នាក់នៅព្យាបាលនៅតាមផ្ទះដោយខ្លួនឯង៕