សម្តេចក្រឡាហោម ស ខេង បានក្រើនរម្លឹកដល់មន្ត្រីរដ្ឋបាលសាធារណៈគ្រប់ជាន់ថ្នាក់ ត្រូវបម្រើប្រជាពលរដ្ឋ ដោយគ្មានការបែងចែកនិន្នាការនយោបាយអ្វីឡើយ


ត្រលប់ក្រោយ

23/03/22 16:36 PM

ចំនួនទស្សនា៖

255

ប្រភព៖

បាត់ដំបង

សម្រួលផ្សាយ៖SR276


បាត់ដំបង៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជា ចុះមូលដ្ឋានខេត្តបាត់ដំបង សម្តេចក្រឡាហោម ស ខេង នៅព្រឹកថ្ងៃទី២៣ ខែមិនា ឆ្នាំ២០២២ នេះ បានធ្វើការណែនាំនិងក្រើនរម្លឹកដល់មន្ត្រីរដ្ឋបាលសាធារណៈ ត្រូវបម្រើប្រជាពលរដ្ឋ ដោយគ្មានការបែងចែង ឬរើសអើងនិន្នាការនយោបាយអ្វីជាដាច់ខាត ប៉ុន្តែបើយើងជាសមាជិកគណបក្សណាមួយ យើងធ្វើអ្វីដែលជាផលប្រយោជន៍គណបក្សមួយ នោះជារឿងមួយដោយឡែក ។


សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ទៀតថា បើយើងជាមេឃុំ ក្រុមប្រឹក្សាឃុំ ជំទប់ ស្មៀន មេភូមិ អ្នកដឹកនាំភូមិ ប៉ុស្តិ៍នគរបាលរដ្ឋបាល ប៉ុស្តិ៍សុខភាព គណៈអភិបាលស្រុក ក្រុមប្រឹក្សាស្រុក ក្រុង ខេត្ត គឺជាមន្ត្រីមុខងារសាធារណៈ ជារដ្ឋបាលសាធារណៈ ឬជាមន្ត្រីសាធារណៈ យ៉ាងណាមិញវិស័យអភិវឌ្ឍន៍ ដូចជាសាលារៀន ផ្លូវថ្នល់មន្ទីរពេទ្យ ទំនប់ប្រឡាយទឹក អណ្តូងទឹកស្អាត ជាដើម គឺបម្រើឱ្យផលប្រយោជន៍ទាំងអស់គ្នា ដោយគ្មានការបែងចែកអ្វីឡើយ ។


សម្តេចក្រឡាហោម ស ខេង បានក្រើនរម្លឹកបែបនេះក្នុងពេល ដែលសម្តេចមានវត្តមាននៅក្នុងពិធីកាត់ខ្សែបូរណ៍សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សាសាលាមត្តេយ្យសិក្សាអេឌីនិងហាប៊ីសេន មួយកន្លែង ស្ថិតនៅភូមិអន្លក់កោង ឃុំឈើទាល និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារវិទ្យាល័យ ចំនួន១ខ្នង កម្ពស់២ជាន់ និងសមិទ្ធផលនានាក្នុងវិទ្យាល័យសម្តេចក្រឡាហោម ស ខេង កន្ទឺ២ ស្ថិតក្នុងភូមិចម្ការអូរ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង ដែលអគារសិក្សានិងសមិទ្ធផលក្នុងវិទ្យាល័យនេះ ចំណាយអស់ថវិការលើការសាងសង់ចំនួនជាង២៤ម៉ឺនដុល្លា ជាអំណោយដ៏ថ្លៃថ្លារបស់ សម្រេចក្រឡាហោម ស ខេង តាមរយៈក្រុមការងាររាជរដ្ឋាភិបាលកម្ពុជា ចុះមូលដ្ឋានស្រុកបាណន់ សម្រាប់ជាប្រយោជន៍ដល់លោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្សក្នុងការបង្រៀននិងការរៀន ដើម្បីបង្កើននូវធនធានចំណេះដឹងកាន់តែមានគុណភាព ។


សម្តេច បានលើកឡើងទៀតថា កាលពីអតីតកាល បាណន់ ជាស្រុកមួយ ដែលមានការប្រទាញប្រទង់គ្នាដ៏ស្រួចស្រាវ ដែលកម្ពុជា បានឆ្លងកាត់សង្រ្គាមអស់ជាច្រើនឆ្នាំ ហើយសង្រ្គាមនេះបានបំផ្លាញសមិទ្ធផលផ្សេងៗរបស់ជាតិអស់គ្មានសល់ ហើយធនធានមនុស្ស ក៏ត្រូវបានបំផ្លាញទាំងស្រុងផងដែរ តែក្រោយថ្ងៃរំដោះ៧មករា ១៩៧៩ កម្ពុជាមានឱកាសកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ ដោយត្រូវចាប់ផ្តើមតាំងពីចំណុចសូន្យ រហូតមកដល់ពេលនេះមានការអភិវឌ្ឍគ្រប់វិស័យ ។

ពាក់ព័ន្ធនឹងជំងឺកូវីដ១៩ សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ការសង្រ្គោះប្រជាពលរដ្ឋចេញពីជំងឺកូវីដ១៩ ប្រៀបបាននឹងការសង្រ្គោះប្រជាពលរដ្ឋចេញពីរបបប៉ុល ពត ដែរ ។


សម្តេច បានបន្តថា ការសង្រ្គោះប្រជាពលរដ្ឋពីបញ្ហាជំងឺកូវីដ១៩ គឺត្រូវធ្វើដោយគ្មានការបែងចែក គ្មានការរើសអើង និងមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ ព្រោះយើងជាអាជ្ញាធររដ្ឋបាលសាធារណៈ ត្រូវទទួលខុសត្រូវសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋទូទៅដោយមិនមានការបែងចែក ។


សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា រហូតមកដល់នឹងពេលនេះ កម្ពុជាបានខិតខំប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ទទួលបានជោគជ័យជាបន្តបន្ទាប់ ស្របតាមគោលដៅច្បាស់លាស់របស់ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា គឺការចាក់វ៉ាក់សាំង ដែលជាយុទ្ធសាស្ត្រមួយដ៏សំខាន់ក្នុងការសង្រ្គោះប្រជា ពលរដ្ឋចេញពីសេចក្តីស្លាប់ ៕


dd
Bottom Ad