យុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកក្នុងគោលបំណងផ្សព្វផ្សាយ លើកទឹកចិត្ត និងជំរុញឲ្យប្រជាពលរដ្ឋខ្មែរពាក់មួកសុវត្ថិភាពរាល់ពេលធ្វើចរាចរណ៍លើដងផ្លូវ


ត្រលប់ក្រោយ

24/03/22 10:09 AM

ចំនួនទស្សនា៖

321

ប្រភព៖

ប៉ៃលិន

សម្រួលផ្សាយ៖SR276


ប៉ៃលិន ៖ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ.) លោក គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្ត តំណាងលោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តប៉ៃលិន បានអញ្ជើញជាអធិបតីភាពក្នុងពិធីយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកំលាំងគ្រប់លំដាប់ថ្នាក់ ក្រុមប្រឹក្សាឃុំសង្កាត់ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស យុវជន ស.ស.យ.ក.ខេត្ត យុវជនកាកបាទក្រហមខេត្ត នឹងយុវជនកាយរឹទ្ធិ ផងដែរ។


លោកគោស៊ុម ប៊ុនសឿត អភិបាលរងខេត្ត បានប្រសាសន៍ថា៖យុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនាពេលនេះ រៀបចំឡើងក្នុងគោលបំណងដើម្បី ពញ្ញាក់ស្មារតី ដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ជាពិសេសអ្នកប្រើប្រាស់ទោចក្រយានយន្ត ឱ្យយកចិត្តទុកដាក់ខ្ពស់ និងចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សំដៅចូលរួមទប់ស្កាត់ កាត់បន្ថយចំនួនគ្រោះថ្នាក់ និង ចំនួនអ្នកស្លាប់ដែលបង្កដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យនៅកម្រិតទាបបំផុត។ លោកបន្តថា ទន្ទឹមនឹងការរីកចម្រើននៃប្រទេសជាតិ មធ្យោបាយធ្វើដំណើរតាមយានយន្តគ្រប់ប្រភេទមានការកើនឡើងយ៉ាងគំហុកនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ ទន្ទឹមនេះដែរ គ្រោះថ្នាក់ចរាចរណ៍ក៏មានកំនើនគួរជាទីព្រួយបារម្ភ។ ជាការពិតណាស់ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បានបណ្តាលឱ្យបាត់បង់អាយុជីវិតសមាជិកគ្រួសារ ខូចខាតទ្រព្យសម្បតិ្តរដ្ឋ និងឯកជន បន្សល់នូវកុមារកំព្រា ស្ត្រីមេម៉ាយ ជនពិការ និងជនទុរគត ដែលបានជះឥទ្ធិពលដល់គោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលកម្ពុជា និងការអភិវឌ្ឍជាតិលើគ្រប់វិស័យ។


លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក( គ.ស.ច.គ.) បានសម្តែងនូវក្តីព្រួយបារម្ភចំពោះស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដោយសារចំនួនអ្នកស្លាប់នៅតែមានតួលេខខ្ពស់ ជាពិសេសចំនួនអ្នកស្លាប់ជាអ្នកប្រើប្រាស់ទោចក្រយានយន្ត និងអ្នកមិនពាក់មួកសុវត្ថិភាពនៅពេលមានគ្រោះថ្នាក់នៅតែមានចំនួនច្រើន។ ប្រការនេះ ទាមទារឱ្យអ្នកប្រើប្រាស់ផ្លូវគ្រប់រូប ត្រូវបន្តពង្រឹងស្មារតីប្រុងប្រយ័ត្នក្នុងពេលបើកបរ និងត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកទាំងអស់គ្នា។


លោកជំទាវ ក៏បានអំពាវនាវដល់ អាជ្ញាធរដែនដីភូមិ សង្កាត់ សូមសហការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវតាមភូមិសង្កាត់របស់ខ្លួន ឱ្យចូលរួមគោរព និងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានព្រមៗគ្នា ដើម្បីការពារអាយុជីវិតខ្លួនឯង និងអ្នកដទៃ ប្រកបដោយឆន្ទៈភ្ញាក់រលឹកខ្ពស់ សំដៅលើកស្ទួយកិត្តិយស សេចក្តីថ្លៃថ្នូរ និងសណ្តាប់ធ្នាប់សង្គមនៅក្នុងព្រះរាជាណាចក្រកម្ពុជា។


ក្នុងឱកាសនោះដែរលោកជំទាវក៍បានក្រើនរំលឹកឱ្យអ្នកប្រើប្រាស់ទោចក្រយានយន្តទាំងអស់ ត្រូវពាក់មួកសុវត្ថិភាពរាល់ពេលធ្វើដំណើរមិនថានៅទីជិត ឬឆ្ងាយ ហើយចំពោះអ្នកប្រើប្រាស់រថយន្តគ្រប់ប្រភេទត្រូវពិនិ្យសុវត្ថិភាពលក្ខណៈបច្ចេកទេសយានយន្តមុនពេលចេញដំណើរ ដើម្បីការពារសុវត្ថិភាពរបស់ខ្លួន ជាពិសេសត្រូចូលរួមក្នុងយុទ្ធនាការអំពីវិធានការទប់ស្កាត់ជំងឺ Covid-19 តាមរយៈការរក្សាគម្លាត ការពាក់ម៉ាសការពារ ការថែរក្សាសុខភាព និងអនាម័យខ្លួនប្រាណតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ជំងឺ Covid-19 ផងដែរ៕


dd
Bottom Ad