24/03/22 14:55 PM
សម្រួលផ្សាយ៖SR276
ខេត្តព្រៃវែង៖ នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែមីនា ឆ្នាំ២០២២ ឯកឧត្ដម ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង និងលោកជំទាវបានអញ្ជើញចូលរួមប្រារព្ធពិធីក្រុងពាលីបើកការដ្ឋានសាងសង់រោងទូក “កម្ពោជិកបុត្តាខេមរាតរី” និងពិធីចែកអំណោយជូនប្រជាពលរដ្ឋខ្វះខាតចំនួន ៣០០គ្រួសារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ញ៉ែម សាខន សខេង ដែលប្រព្រឹត្តទៅនៅភូមិលេខ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងគណៈអធិបតីអមដំណើរព្រមទាំងគណៈកម្មការ ធ្វើរោងទូកង ផងដែរ។
លោកជំទាវ ញ៉ែម សាខន ស ខេង ព្រមទាំងក្រុមការងារ បានរៀបចំពិធីសែនក្រុងពាលីសុំម្ចាស់ទឹកម្ចាស់ដីសង់រោងតម្កល់ទូក ង វែងជាងគេលើពិភពលោករបស់ខ្មែរ និងបួងសួងសុំសេចក្តីសុខសេចក្តីចម្រើន ដោយមានការសែនព្រេនថ្វាយសំណែនឧទ្ទិសថ្វាយដល់ទស្សន៍បារមី និងវត្ថុស័ក្ដិសិទ្ធិទាំងអស់ នៅវាលខាងមុខបរិវេណចុងប៉ម និងត្រៀមដាក់តាំងបង្ហាញជូនពុកម៉ែបងប្អូនទស្សនាកំសាន្តផងដែរ។
ក្នុងព្រឹកថ្ងៃដដែលនេះដែរ លោកជំទាវ ក៏បានចែកអំណោយដល់ប្រជាពលរដ្ឋជួបការលំបាកចំនួន ៣០០គ្រួសារ នៅក្រុងព្រៃវែង ដើម្បីចែករំលែកស្បៀងអាហារ និងគ្រឿងសម្ភារៈឧបភោគ បរិភោគដល់ប្រជាពលរដ្ឋជួបការលំបាកនៅក្រុងព្រៃវែង។
ជាថ្មីម្តងទៀត ឯកឧត្តម អភិបាលខេត្តតាងនាមគណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត និងឯកឧត្តមផ្ទាល់ ព្រមទាំងប្រជាពលរដ្ឋក្នុងខេត្តព្រៃវែង សូមបួងសួងដល់វត្ថុស័ក្តសិទ្ធិលើលោក សូមគោរពជូនពរលោកជំទាវ និងសម្តេចក្រឡាហោម ស ខេង ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី និងឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយស បងប្អូនមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ លោកយាយ លោកតា បងប្អូនកូនក្មួយ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សជាទីស្រឡាញ់ និងសហការីទាំងអស់ សូមមានសុខភាពល្អ ចៀសផុតពីជំងឺកូវីដ-១៩ និងសូមប្រកបដោយពុទ្ធពរ និងពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ប្រភព៖ រដ្ឋបាលខេត្តព្រៃវែង