25/03/22 08:44 AM
ព្រៃវែង៖ លោកជំទាវ ញ៉ែម សាខន ស ខេង និងឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានជួបសំណេះសំណាល និងចែកអំណោយមនុស្សធម៌របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ញ៉ែម សាខន ជូនពុកម៉ែ បងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកផ្នែកជីវភាព ចំនួន ៣០០គ្រួសារ ក្នុងក្រុងព្រៃវែង រៀបចំដោយក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង។
អំណោយដែលបានប្រគល់ប្រជាពលរដ្ឋទាំង ៣០០គ្រួសារ នាឱកាសនេះ ទោះបីតិចតួចក្តី ប៉ុន្តែគឺជាការរួមចំណែកសម្រួលដល់ជីវភាពប្រចាំថ្ងៃ ពិសេសក្នុងបរិបទកូវីដ-១៩ ដែលជាបញ្ហាប្រឈម របស់ពិភពលោក ក៏ដូចជាកម្ពុជាយើង ។
ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន មានប្រសាសន៍ថា ដោយសារតែជំងឺកូវីដ-១៩ បានធ្វើឲ្យពិភពលោក ជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ក្នុងនោះបណ្តាលឲ្យមនុស្សស្លាប់រាប់លាននាក់ និងសេដ្ឋកិច្ចសង្គមធ្លាក់ចុះ ប៉ុន្តែយើងក៏អាចនិយាយបានថា ជាភ័ព្វសំណាងខ្ពស់មួយសម្រាប់ប្រជាជនកម្ពុជា ដែលយើងមានរាជរដ្ឋាភិបាល ប្រកបដោយភាពឈា្លសវៃ និងប៉ិនប្រសប់ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានដាក់ចេញជាបន្ទាន់នូវវិធានប្រកបដោយប្រសិទ្ធភាព មានជាអាទិ៍ ការអប់រំផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋគ្រប់មូលដ្ឋាន បានយល់ដឹងអំពីហានិភ័យ និងវិធីបង្ការការឆ្លងរាលដាលជំងឺនេះ ពិសេសវិធានការ ៣កុំ ៣ការពារ ភាពម្ចាស់ការខ្ពស់ និងប្រកបដោយការបត់បែនរហ័សក្នុងការស្រាវជ្រាវរកអ្នកជំងឺ ការព្យាបាល និងការដាក់ឱ្យនៅដោយឡែក សម្រាប់អ្នកពាក់ព័ន្ធ ការខិតខំស្វះស្វែងរកវ៉ាក់សាំង ចាក់ជូនប្រជាពលរដ្ឋ ទាំងការបញ្ជាទិញ និងការស្នើសុំ ការផ្ដល់ជំនួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងផលប៉ះពាល់ខ្លាំង និងវិធានការស្ដារសេដ្ឋកិច្ច និងសង្គមឡើងវិញជាដើម ។
បើទោះបីស្ថានភាពកូវីដ-១៩ បច្ចុប្បន្នមានការធូរស្រាលជាងមុនក្តី ប៉ុន្តែជំងឺនេះមិនទាន់ចប់នៅឡើយទេ ពិសេសមេរោគបម្លែងថ្មី “អូមីក្រុង” ។ ដូច្នេះសូមពុកម៉ែ បងប្អូនប្រជាពលរដ្ឋទាំងអស់ បង្កើនការប្រុងប្រយ័ត្ន និងថែទាំសុខភាពឲ្យបានជាប្រចាំ ព្រមទាំងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ ៣កុំ និងចូលរួមចាក់វ៉ាក់សាំងកូវីដ-១៩ អោយបានគ្រប់ដូស ទៅតាមដំណាក់កាល ដែលរាជរដ្ឋាភិបាលផ្តល់ជូន៕