ប្រធានក្រុមការងាររាជរដ្ឋាភិបាលក្រុងបាត់ដំបង ដាក់ផែនការឱ្យរៀបចំវេទិកាសាធារណៈសំដៅដោះស្រាយឆ្លើយតបឱ្យបានសមស្របនូវបញ្ហាប្រឈមនានាក្នុងមូលដ្ឋាន


ត្រលប់ក្រោយ

25/03/22 14:28 PM

ចំនួនទស្សនា៖

251

ប្រភព៖

បាត់ដំបង

សម្រួលផ្សាយ៖SR276


បាត់ដំបង៖ អភិបាលខេត្តបាត់ដំបង ឯកឧត្ដម សុខ លូ បានដាក់ផែនការដល់ក្រុមការងាររាជរដ្ឋាភិបាលកម្ពុជា គ្រប់ជាន់ថ្នាក់នៅក្នុងក្រុងបាត់ដំបង ឲ្យបន្តការរៀបចំអង្គវេទិកាសាធារណៈនៅតាមបណ្តាមូលដ្ឋាននានាក្នុងក្រុង សំដៅ ធ្វើការដោះស្រាយឆ្លើយតបឱ្យបានសមស្របនូវបញ្ហាប្រឈមនានា ដែលមូលដ្ឋានសហគមន៍ប្រជាពលរដ្ឋចង់បាន ។


ការដាក់ផែនការនេះ ធ្វើឡើងក្នុងពេលដែលក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាចុះមូលដ្ឋានក្រុងបាត់ដំបង បាន បើកកិច្ចប្រជុំរបស់ខ្លួន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលអាណត្តិទី៦ និងការប្រកាសទទួលស្គាល់ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងបាត់ដំបង នៅសាលាខេត្តបាត់ដំបង នាថ្ងៃទី២៤ ខែមិនា ឆ្នាំ២០២២ នេះ ដោយទទួលស្គាល់ ឯកឧត្ដម សុខ លូ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជា ចុះមូលដ្ឋានក្រុងបាត់ដំបង ។

ប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជា ចុះមូលដ្ឋានក្រុងបាត់ដំបង ដែលទើបនឹងតែងតាំងថ្មី បានលើកឡើងថា អាស្រ័យដោយវិធានការប្រកបដោយប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាល ធ្វើឲ្យប្រទេសកម្ពុជាអាចគ្រប់គ្រងឆ្លើយតបបានទាន់ពេលវេលានូវការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងបានបើកដំណើរការឡើងវិញនូវសកម្មភាពសេដ្ឋកិច្ចសង្គមលើគ្រប់វិស័យទៅតាមគន្លងប្រក្រតីភាពថ្មី តាំងពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ រហូតដល់បច្ចុប្បន្ន ដែលស្ថានភាពនេះ បានបង្កលក្ខណៈ អំណោយផលល្អដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងបាត់ដំបង ត្រូវបន្តរៀបចំវេទិកាសាធារណៈជាមួយការអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល ក្នុងការបង្ការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ សំដៅដោះស្រាយឆ្លើយតបឱ្យបានសមស្របនូវបញ្ហាប្រឈមនានានៅមូលដ្ឋាន ។


ឯកឧត្ដម អភិបាលខេត្តបាត់ដំបង បានលើកឡើងថា ការបើកវេទិកាសាធារណៈ ជាមួយប្រជាពលរដ្ឋ មានគោលបំណងដើម្បីលើកកម្ពស់ទំនាក់ទំនងផ្សារភ្ជាប់រវាងប្រជាពលរដ្ឋ ជាមួយរាជរដ្ឋាភិបាល តាមរយៈសកម្មភាពថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរ កងកម្លាំង មានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ធ្វើការដោះស្រាយឆ្លើយតបសេចក្តីត្រូវការនានា ជូនប្រជាពលរដ្ឋ និងដើម្បីផ្សព្វផ្សាយអំពីកម្មវិធីនយោបាយ ព្រមទាំងសមិទ្ធផលនានា ដែលរាជរដ្ឋាភិបាល សម្រេចបានជូនប្រជាពលរដ្ឋ ក្នុងការលើកកម្ពស់ការចូលរួម ការគាំទ្រពីប្រជាពលរដ្ឋ ការអភិវឌ្ឍសង្គមលើគ្រប់វិស័យ ប្រកប ដោយចីរភាព និងស្វែងយល់ដោយផ្ទាល់អំពីស្ថានភាពនៃយុត្តិធម៌សង្គមនៅមូលដ្ឋាន ការដឹងអំពីភាពថ្នាំងថ្នាក់ និងបញ្ហាប្រឈម សំណើ សំណូមពរផ្សេងៗរបស់ប្រជាពលរដ្ឋ ដើម្បីចាត់វិធានការដោះស្រាយឆ្លើយតបឲ្យបានសមស្របនិងទាន់ពេលវេលា ។


ឯកឧត្ដម ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងបាត់ដំបង បានបញ្ជាក់ថា អង្គវេទិកាសាធារណៈនេះនឹងធ្វើឡើងនៅតាមភូមិនីមួយៗ ដោយចាប់ផ្តើមពីសប្តាហ៍ទី៣ ខែមីនា ឆ្នាំ២០២២តទៅ និងខិតខំធ្វើឱ្យបានចប់សព្វគ្រប់នៅគ្រប់ភូមិទូទាំងខេត្ត ត្រឹមថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ខាងមុខនេះ ៕


dd
Bottom Ad