27/03/22 14:52 PM
នៅក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវប៉ុស្តិ៍រដ្ឋបាលមហាខ្ញូង និងប៉ុស្តិ៍រដ្ឋបាលពង្រ នៃអធិការដ្ឋាននគរបាល ស្រុកកោះសូទិន នាព្រឹកថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២២ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម បានជម្រុញឲ្យសមត្ថកិច្ចនគរបាល បន្តខិតខំធ្វើការងារ ឲ្យប្រជាពលរដ្ឋមានទំនុកចិត្ត និងរៀបចំឥរិយាបថ ឱ្យសក្កិសមជាអ្នកបម្រើ ប្រជាពលរដ្ឋ។
ឯកឧត្តម អភិបាលខេត្តបន្តថា បន្ទាប់ពីទទួលបានប៉ុស្តិ៍រដ្ឋបាលថ្មី សូមស្នើដល់សមត្ថកិច្ចនគរបាល ត្រូវខិតខំបន្តធ្វើការងារប្រកបដោយប្រសិទ្ធភាព ធ្វើយ៉ាងណាបម្រើសេវាសន្តិសុខជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ ធ្វើឱ្យប្រជាពលរដ្ឋមានទំនុកចិត្តមកលើសមត្ថកិច្ចយើង ដែលជាមន្ត្រីនគរបាលយុត្តិធម៌ ។ ត្រូវខិតខំសម្របសម្រួល បង្កលក្ខណៈងាយស្រួល ជូនប្រជាពលរដ្ឋ ពេលពួកគាត់មកទទួលសេវាផ្សេងៗ ។និងត្រូវបន្តពង្រឹងសមត្ថភាព ក្នុងការបំពេញការងារប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវ រួមគ្នាដោះស្រាយសំណូមពរ ឬបញ្ហាប្រឈមនានា នៅមូលដ្ឋានប្រកបដោយប្រសិទ្ធភាព ។
ស្ថិតក្នុងឱកាសនោះដែរ ឯកឧត្តម អភិបាលខេត្ត ក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ដល់សមត្ថកិច្ច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ រួមជាមួយនឹងរដ្ឋបាលខេត្ត ទៅបានដោះស្រាយបញ្ហាប្រឈមជាច្រើន ដូចជាការបង្ក្រាបបទល្មើសនានា រួមទាំងបទល្មើសធនធានធម្មជាតិ ល្បែងស៊ីសង និងបានចូលរួមយ៉ាងសកម្មជាមួយក្រុមគ្រូពេទ្យ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ។ លើសពីនេះ សម្រាប់ខេត្តកំពង់ចាម ក្នុងចលនាប្រឡងប្រណាំងភូមិឃុំមានសុវត្ថិភាព ទទួលបានជ័យលាភីលេខ១ នៃប៉ុស្តិ៍រដ្ឋបាលទាំង ១០៩ នៃឃុំ សង្កាត់ ក្នុងខេត្តកំពង់ចាមតែម្តង សម្រាប់ឆ្នាំ២០២១ ។ ឯកឧត្តម បន្តថា ដើម្បី ការពារតំណែងជ័យលាភី លេខ១ នេះ ឱ្យបានតទៅមុខទៀត ដូច្នេះនគរបាលយុត្តិធម៌ អាជ្ញាធរ ភូមិ ឃុំ ត្រូវខិតខំបន្ថែមទៀត ក្នុងការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋកាន់តែមានទំនុកចិត្ត មកលើសមត្ថកិច្ចរបស់យើង៕