28/03/22 10:32 AM
ដោយ៖SR276
សៀមរាប៖ ក្រុមហ៊ុន TotalEnergies បាន សហការជាមួយអាជ្ញាធរជាតិអប្សរា រួមគ្នាដាំដើមឈើចំនួនជាង ១០,០០០ ដើម នៅមុខបរិវេណប្រាសាទបន្ទាយប្រី នៃរមណីយដ្ឋានអង្គរ កាលពីព្រឹក ថ្ងៃទី២៦ ខែ មីនា ឆ្នាំ ២០២២ ដើម្បីថែរក្សាទេសភាពវប្បធម៌ បង្កើតគម្របបៃតងដល់ បរិស្ថាន នៅក្នុងតំបន់អង្គរ ហើយក៏បង្កើតជា ជម្រកសត្វព្រៃ និងជួយដល់ការអភិរក្សប្រាសាទផង។
ពិធីដាំដើមឈើ ស្ថិត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោក ជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋ មន្ត្រី ក្រសួង វប្បធម៌ និងវិចិត្រ សិល្បៈ និង ជា ប្រធាន ក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ដោយមានការចូលរួមពី ឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋ ទូត បារាំង ប្រចាំកម្ពុជា ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលរងខេត្តសៀមរាប និងលោកស្រី Dinah KUMAR ប្រធានគ្រប់គ្រង ក្រុមហ៊ុនតូតាល់ អេនើជី នៅកម្ពុជា ព្រមទាំងព្រះសង្ឃ ថ្នាក់ដឹកនាំ មន្ត្រី-បុគ្គលិក ប្រមាណ ២០០នាក់។
លោកជំទាវបណ្ឌិត សភាចារ្យមានប្រសាសន៍ នៅក្នុងពិធីដាំកូនឈើនោះថា តំបន់អង្គរជាកេរ្តិ៍មត៌កដូនតាខ្មែរ រាប់ជំនាន់មកហើយ ពោលគឺ ប្រាសាទតែងតែនៅជាមួយមនុស្ស នៅជាមួយព្រៃព្រឹក្សា និង ទឹក។ អ្វីដែលយើងធ្វើនៅថ្ងៃនេះ គឺជាផ្នែកមួយក្នុងការថែរក្សា មត៌ក វប្បធម៌ របស់យើង។
លោកជំទាវមានប្រសាសន៍ទៀតថា មិនចំពោះតែប្រាសាទទេសូម្បីតែនៅតាមវត្តអារាមនានា គឺព្រះសង្ឃ តែងមានផ្តល់ឱវាទឱ្យ ពុទ្ធបរិស័ទ្ធ ដាំដើមឈើ ពីព្រោះ ដើមឈើ បានផ្តល់នូវប្រយោជន៍ជាច្រើនដល់មនុស្ស។
បច្ចុប្បន្ននេះនៅតំបន់អង្គរ ក្រៅពីការជួយការពារប្រាសាទ ការដាំកូនឈើ រឹតតែមានសារៈសំខាន់ថែមទៀតចំពោះបរិស្ថាន ដែលជាការចូលរួមឱ្យសម្រេច គោលនយោបាយ “ហ្សេរ៉ូកាបោន” ក្នុងពេលដែលពិភពលោកកំពុងមានបញ្ហា ប្រែប្រួលអាកាសធាតុ។
លោកជំទាវបណ្ឌិតសភាចារ្យក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះ គំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន Total Energies ដែលបាន សហការជាមួយអាជ្ញាធរជាតិអប្សរារួមគ្នាដាំដើមឈើ ធ្វើឱ្យមានភាពស្រស់បំព្រងនៅ រមណីយដ្ឋានអង្គរ ដែលអាចបន្សល់ទុក ស្នាដៃល្អ សម្រាប់កូនចៅជំនាន់ក្រោយ។
សូមបញ្ជាក់ថាក្រុមហ៊ុន Total Energies បានចុះអនុស្សរណៈយោគយល់ គ្នាជាមួយអាជ្ញាធរជាតិ អប្សរា លើគម្រោងដាំ និងថែទាំដើមឈើ (Angkor TotalEnergy Park) សម្រាប់រយៈពេល៥ឆ្នាំ(២០២១-២០២៦)៕ប្រភព៖ អជ្ញាធរជាតិអប្សរា