29/03/22 10:24 AM
ដោយ៖SR276
ទីក្រុងគៀវ៖ អ៊ុយក្រែន បាននិយាយថាគោលបំណងដ៏ធំមួយ នៅឯជំនួបទល់មុខជាលើកដំបូងជាមួយរុស្ស៊ី ក្នុងរយៈពេលជាង ២សប្ដាហ៍មកនេះ គឺផ្ដោតសំខាន់លើបទឈប់បាញ់ បើទោះជាការសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពបញ្ចប់សង្រ្គាមអាចនឹងត្រូវចំណាយពេលយូរក៏ដោយ។ នេះបើ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៩ ខែមីនា ឆ្នាំ២០២២។
ក្រុមប្រតិភូចរចាមកពីភាគីអ៊ុយក្រែន ត្រូវបានគេរាយការណ៍ថាបានធ្វើដំណើរទៅដល់ទីក្រុងអ៊ីស្ដង់ប៊ូល ប្រទេសតួកគីហើយ ដើម្បីចូលរួមក្នុងកិច្ចចរចា ជាមួយភាគីរុស្ស៊ី ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃអង្គារនេះ។ ប៉ុន្តែ មុននឹងជំនួបចាប់ផ្ដើម មន្ត្រីជាន់ខ្ពស់ម្នាក់មកពីក្រសួងការបរទេសអាមេរិក បានប្រាប់ Reuters ថាប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ( Vladimir Putin ) មិនទាន់ត្រៀមខ្លួនដើម្បីផ្ដល់ការសម្រុះសម្រួល ឬក៏ផ្ដល់សម្បទានសំដៅបញ្ចប់សង្រ្គាមនៅឡើយទេ ខណៈក្រុមមន្ត្រីអ៊ុយក្រែនក៏មានការសង្ស័យដូចគ្នានេះដែរ។
គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ លោក ហ្សេលេនស្គី ( Volodymyr Zelensky ) បានឱ្យដឹងថាអ៊ុយក្រែន បានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីពិភាក្សាពីលក្ខន្តិកអព្យាក្រឹត និងការធានាថាអ៊ុយក្រែន មិនមានអាវុធនុយក្លេអ៊ែរ ជាមួយរុស្ស៊ី។ តែលោកក៏បញ្ជាក់ដែរថារាល់កិច្ចព្រមព្រៀងណាមួយជាមួយមូស្គូ នឹងត្រូវឆ្លងកាត់ការបោះឆ្នោតប្រជាមតិជាមុនសិន៕