29/03/22 12:04 PM
ដោយ៖SR276
កែប ៖ រសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប បានរៀបចំកិច្ចប្រជុំបូកសរុប លទ្ធផលការងារសម្រេចបានរយៈពេល១ឆ្នាំ ២០២១ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈ អភិបាលខេត្តកែប និងមានការចូលរួមពីសំណាក់ លោក លោកស្រី អភិបាលរងខេត្ត លោកឧត្ដមសេនីយ៍ វរសេនីយ៍ តំណាងកងកម្លាំងទាំងបី ប្រធាន អនុប្រធាន មន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក លោកមេឃុំ ចៅសង្កាត់ រួមទាំងមន្ត្រីរាជការនៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែបផងដែរ។
លោក ស្រី សាម៉ន ប្រធានមន្ទីរបណ្តុះបណ្តាល និងវិជ្ជាជីវៈខេត្តកែប បានអានរបាយការណ៍រយៈពេល១ឆ្នាំ២០២១នេះថា មន្ទីរសម្រេចបានលទ្ធផលការងារជាច្រើនដូចខាងក្រោម៖
១-មន្ទីរបានចុះផ្សព្វផ្សាយ និងណែនាំនិយោជកឲ្យអនុវត្តសាកល្បងនូវរបបស្វ័យប្រកាសអធិការកិច្ចតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម និងរៀបចំសំណេះសំណាលសួរសុខទុក្ខក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៥ នៃទីវាពលកម្មអន្តរជាតិ ១ឧសភា ឆ្នាំ២០២១ ព្រមទាំងផ្សាព្វផ្សាយវិធានការការពារជំងឺកូវីដ-១៩ ដល់ សាខារោងចក្រ កៃយ៉ាង ស៊ិនស៊ូ និងសាខារោងចក្រ ចូវ អ៊ីស៊ូ ដែលមានកម្មករកម្មការិនី ១៧៣ នាក់ ស្រី១៦៨នាក់។
២-បានចុះអធិការកិច្ចការងារចម្រុះហត្ថពលកម្មជនបរទេស ២៨គោលដៅ មាន៣៦នាក់ ស្រី៦នាក់ ។
៣-បានបើកវគ្គបណ្តុះបណ្តាលស្តីពីការកែលម្អរបៀបធ្វើការនៅតាមការដ្ឋានសំណង់ខ្នាតតូច (WISCON) ដែលមានការសហការជាមួយអង្គការអន្តរជាតិILO/JAPAN OSH ក្នុងវិស័យសំណង់ ។
៤-បើកវគ្គបណ្តុះបណ្តាលស្តីពីមេរោគអេដស៍/ជំងឺអេដស៍ គ្រឿងញៀន លក្ខខ័ណ្ឌការងារ វិធានអនាម័យ និងសន្តិសុខការងារដល់ម្ចាស់សហគ្រាស កម្មករនិយោជិត ផ្នែកសេវាកម្សាន្ត។
៥- បានផ្សព្វផ្សាយទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា ឆ្នាំ២០២១ តាមរយៈការចងបដាពាក្យស្លោកតាមទីសាធារណៈ។
៦-បានបណ្តុះបណ្តាលជំនាញផ្នែកសេវាកម្ម កែសម្ផស្ស កាត់សក់ ព័ត៌មានវិទ្យា រចនាពុម្ព សំណង់ អគ្គិសនី បានចំនួន ៣៨វគ្គ មានសិក្ខាកាម ៩៩៩នាក់ ស្រី ៤០៣នាក់ និងបណ្តុះបណ្តាលផ្នែកកសិកម្ម ផលិតទឹកសណ្តែក កែច្នៃបន្លែ កែច្នៃផ្លែឈើ ផលិតភេសជ្ជៈ បច្ចេកទេសវេចខ្ចប់ មាន៦៧វគ្គ មានសិក្ខាកាម ១,៥៨០នាក់ ស្រី៩៥៥នាក់។
មានប្រសាសន៍ ក្នុងពិធីបិទកិច្ចប្រជុំនោះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលដែលមន្ទីរសម្រេចបាន ក្នុងឆ្នាំ២០២១ និង បានដាក់ចេញនូវអនុសាសន៍ ដើម្បីឲ្យមន្ទីរការងារនិងបណ្តុះបណ្តាល វិជ្ជាជីវៈខេត្ត ខិតខំពង្រឹងរបៀបរបបធ្វើការងារចំពោះមន្ត្រីរាជការក្រោមឱវាទ ដោយអនុវត្តតាមច្បាប់ សហលក្ខន្តិកៈមន្ត្រីរាជការ ស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា និងត្រូវពង្រីកការបណ្តុះបណ្តាលលើជំនាញវិជ្ជាជីវៈដល់ប្រជាពលរដ្ឋឲ្យបានទូលំទូលាយ និងស្របតាមតម្រូវការទីផ្សារការងារ ហើយត្រូវចងចាំជានិច្ចនូវអភិក្រមរបស់សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា គឺ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ និងបាវចនា២គឺ កែទម្រង់ខាងក្នុង និងបង្កើនមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ៕