30/03/22 14:38 PM
ដោយ៖SR276
ខេត្តត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល សាកសួរសុខទុក្ខ និងចែកអំណោយដែលបានមកពីអង្គការ HASENE នៃប្រទេសទួរគី តាមរយៈអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ជូនប្រជាពលរដ្ឋ ចំនួន ៣០០ គ្រួសារមកពី ភូមិបុរីតេជោ ភូមិសាឡង់២ ភូមិស្តួច និងភូមិ៧មករា ឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិករដ្ឋសភាជាតិ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិកា ទីប្រឹក្សារាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានជាច្រើននាក់ផងដែរ។
លោក Melih Ibrahim Kodal តំណាងអង្គការ HASENE តំណាងអង្គការម្ចាស់ជំនួយ បានសម្ដែងនូវក្តីសោមន្សរីករាយ និងថ្លែងអំណគុណ ដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបើកទូលាយលើគោលនយោបាយ សេរីភាព សុខសន្តិភាព សម្រាប់ប្រជាពលរដ្ឋគ្រប់ៗរូប ដោយមិនប្រកាន់ជាតិសាសន៍ និងសាសនា។
ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានថ្លែងអំណរគុណដល់តំណាង អង្គការ HASENE ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ និងផ្តល់ជំនួយជូនប្រជាពលរដ្ឋកម្ពុជាដែលមានភាពខ្វះខាត ដោយមិនប្រកាន់ជាតិសាសន៍ និងសាសនានោះឡើយ ។
កម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្វើឲ្យប្រទេសជាតិ រួចផុតពីសម័យសង្គ្រាម និងធ្វើឲ្យកម្ពុជាមានការរីកចម្រើន មានសុខសុន្តិភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យ។ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋនាំគ្នាបន្តចូលរួមថែរក្សាសន្តិភាព ដោយបន្តការគាំទ្រដល់រាជរដ្ឋាភិបាល ដើម្បីទទួលបានសុខសន្តិភាព និងការអភិវឌ្ប បន្តទៅទៀត។
គួរជម្រាបផងដែរថា អំណោយដែលទទួលបានពីអង្គការ ខាងលើសម្រាប់មួយគ្រួសាររួមមាន អង្ករ២០ គីឡូក្រាម, មី១០ កញ្ចប់, ប្រេងឆា២ លីត្រ, ស្កស២ គីឡូក្រាម, ទឹកដោះគោ ២ កំប៉ុង, អំបិល ១ គីឡូក្រាម, និង ផ្លែល្មើស ០,៥ គីឡូក្រាម៕
ប្រភព៖ក្រសួងព័ត៌មាន