ឯកឧត្ដម ហ៊ុន ណេង និងលោកជំទាវ លាង វួចឆេង បានឧបត្ថម្ភអំណោយជាស្បៀងអាហារ និងថវិកាដល់កម្មករក្រុមហ៊ុន ស៊ីនទ្រី ចំនួន ៥៣នាក់ ដែលកំពុងបំពេញការងារ នៅក្នុងខេត្តកំពង់ចាម


ត្រលប់ក្រោយ

03/04/22 15:54 PM

ចំនួនទស្សនា៖

320

ប្រភព៖

កំពង់ចាម


ដោយទឹកចិត្តសប្បុរស និងការរួមចំណែកសុខទុក្ខ របស់ប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២២ នេះ ឯកឧត្ដម ហ៊ុន ណេង អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាម និងលោកជំទាវ លាង វួចឆេង ហ៊ុន ណេង បានឧបត្ថម្ភអំណោយជាស្បៀងអាហារ និងថវិកាមួយចំនួន ដល់បងប្អូនកម្មករ កម្មការិនី របស់ក្រុមហ៊ុនស៊ីនទ្រី ចំនួន ៥៣នាក់ ដែលកំពុងបំរើសេវាកម្មបោសសម្អាតប្រមូល និងដឹកជញ្ជូនសំណល់រឹង(សម្រាម) នៅតាមគោលដៅនានា នៃខេត្តកំពង់ចាម ។

នាឱកាសនោះដែរ ឯកឧត្ដម ហ៊ុន ណេង អ្នកតំណាងរាស្រ្ត មណ្ឌលកំពង់ចាម បានលើកទឹកចិត្តដល់បងប្អូនកម្មករ កម្មការិនីក្រុមហ៊ុនស៊ីនទ្រី ទាំងអស់ សូមយកចិត្តទុកដាក់ ខិតខំបំពេញតួនាទីរបស់ខ្លួន ជាពិសេស ការខិតខំបំរើសេវាបោសសម្អាតប្រមូល និងដឹកជញ្ជូនសំណល់រឹង(សំរាម) យកទៅទុកដាក់ឲ្យទាន់ពេលវេលា ជៀសវាងការគរចោល ដែលនាំឲ្យប៉ះពាល់ដល់សុខភាព និងបរិស្ថាន ពីព្រោះថា មានតែបងប្អូនទេ ជាអ្នកកម្លាំង ដ៏សកម្ម ក្នុងការរួមចំណែកថែរក្សាអនាម័យបរិស្ថាន និងកម្ពស់សោភណ្ឌភាព នៅក្នុងក្រុងកំពង់ចាម ក៏ដូចជា នៅតាមស្រុកបណ្ដាគោលដៅផ្សេងៗទៀត ផងដែរ ។ ក្រៅពីនោះ ក៏សូមឲ្យបងប្អូន បង្កើនការប្រុងប្រយ័ត្នខ្ពស់ និងចូលរួមថែរក្សាសុខភាពខ្លួនឯង ផងដែរ ជាពិសេស ការរៀបចំខ្លួនប្រាណឲ្យបានត្រឹមត្រូវ មុននឹងចុះបំពេញបេសកកម្ម ក្នុងតួនាទីប្រចាំថ្ងៃ របស់បងប្អូននោះ ។

ដោយឡែក ផ្អែកតាមស្ថានភាព ដែលពិភពលោក ក៏ដូចជា ប្រទេសកម្ពុជាយើង កំពុងទទួលការគម្រាមកំហែងដោយសារជម្ងឺកូវីដ ១៩ ជាពិសេស មេរោគបំប្លែងថ្មី អូមីក្រុង នៅឡើយនោះ អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ចាម បានលើកការក្រើនរំលឹក ទៅដល់បងប្អូនកម្មករ និងក្រុមគ្រួសារ ក៏ដូចជា ប្រជាពលរដ្ឋ ទាំងអស់ ត្រូវបន្តការរស់នៅតាមគន្លងប្រក្រតីភាពថ្មី និងអនុវត្តតាមការណែនាំ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ជាពិសេស ការបន្តការយកចិត្តទុកដាក់ អនុវត្តវិធានការសុខាភិបាល «៣ការពារ និង ៣កុំ» រួមទាំង ការចូលរួមចាក់វ៉ាក់សាំងបង្ការជម្ងឺនេះ ទាំងមូលដ្ឋាន និងដូសជម្រុញ ជាបន្តបន្ទាប់ ឲ្យបានគ្រប់ៗគ្នា ផងដែរ ។

ជាការឆ្លើយតបទៅនឹងអំណោយទាំងអស់នេះដែរ តំណាងក្រុមហ៊ុនស៊ីនទ្រី ក៏បានថ្លែងអំណរគុណ ចំពោះ ឯកឧត្ដម ហ៊ុន ណេង អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាម និងលោកជំទាវ លាង វួចឆេង ហ៊ុន ណេង ដែលបានយកចិត្តទុកដាក់ និងគិតគូអំពីសុខទុក្ខ ដល់កម្មកររបស់គាត់ នាពេលនេះ ក៏ដូចជា ឆ្នាំកន្លងទៅដែរ ។ ដូច្នេះ ក្នុងនាមក្រុមហ៊ុន និងកម្មការ បុគ្គលិក ស៊ីនទ្រីទាំងអស់ សូមគោរបួងសួងដល់វត្ថុស័ក្ដិសិទ្ធិក្នុងលោក មានទេវតារក្សាឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ព្រះនាម កិរិណីទេវី ដែលនឹងយាងមកថែរក្សាព្រះរាជាណាចក្រកម្ពុជា នាពេលឆាប់ៗខាងមុខនេះ សូមជួយប្រោះព្រហ្មពរជ័យ សិរីសួស្តី ជ័យមង្គល អាយុយឺនយូរ និងពរសព្វសាធុការ ជូនចំពោះ ឯកឧត្ដម និងលោកជំទាវ ព្រមទាំង បុត្រា បុត្រី ប្រកដោយសេចក្ដីសុខ សេចក្ដីចម្រើន និងជោគជ័យ គ្រប់ភារកិច្ចការងារ ។

គួរកត់ម្គាល់ ផងដែរថា ជារៀងរាល់ឆ្នាំ ឯកឧត្ដម ហ៊ុន ណេង អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាម និងលោកជំទាវ លាង វួចឆេង ហ៊ុន ណេង តែងតែរៀបចំនូវអំណោយជា ស្បៀងអាហារ និងថវិកា បន្តិចបន្តួច ចែកដល់កម្មករស៊ីនទ្រ ដើម្បី ជាការរួមចំណែក សម្រាលបន្ទុកក្នុងជីវភាព និងផ្ដល់ការលើកទឹកចិត្ត ឲ្យពួកគាត់មានកម្លាំងចិត្ត ក្នុងការបំពេញការងារក្នុងតួនាទីរបស់ខ្លួន ដើម្បី រួមចំណែកថែរក្សាអនាម័យបរិស្ថាន និងលើកកម្ពស់សោភ័ណ្ឌភាព ខេត្តកំពង់ចាម ឲ្យកាន់តែស្រស់បំព្រង ទ្វេរឡើងថែមទៀត ។

សូមបញ្ជាក់ថា អំណោយជាស្បៀងអាហារ និងថវិកា របស់ ឯកឧត្ដម ហ៊ុន ណេង និងលោកជំទាវ ដែលបានឧបត្ថម្ភ ដល់បងប្អូនកម្មករ កម្មការិនី ទាំង ៥៣នាក់ នាពេលនេះ ក្នុងម្នាក់ៗទទួលបាន ៖ អង្ករចំនួន ២៥គ.ក្រ មី ១កេស និងថវិកា ចំនួន ៥ម៉ឺនរៀល ៕ សារ៉ាត


dd
Bottom Ad