សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ ៣៨ខ្សែក្នុងក្រុងសៀមរាប


ត្រលប់ក្រោយ

04/04/22 08:45 AM

ចំនួនទស្សនា៖

349

ប្រភព៖

សៀមរាប

សៀមរាប៖ នៅព្រឹកថ្ងៃចន្ទ ទី០៤ ខែមេសា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវចំនួន៣៨ខ្សែ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្តមួយចំនួនទៀតក្នុងក្រុងសៀមរាប។


គម្រោងស្ថាបនាផ្លូវទាំង ៣៨ខ្សែ ដែលមានប្រវែងសរុប ១០៨.៧៤គីឡូម៉ែត្រ ត្រូវបានបានសាងសង់ដោយអនុលោមទៅតាមប្រភេទខ្សែផ្លូវនីមួយ៖

- ផ្លូវប្រភេទទី១៖ ជាផ្លូវស្ថិតក្នុងតំបន់ភ្ញៀវទេសចរធ្វើដំណើរច្រើន និងមានកម្រាលផ្លូវល្អ ត្រូវបានជួសជុលឡើងវិញ ដោយអ៊ុតក្រាលបេតុងកៅស៊ូAC កម្រាស់ពី ៥សង់ទីម៉ែត្រទៅ ៧សង់ទីម៉ែត្រ។

- ផ្លូវប្រភេទទី២៖ ជាផ្លូវស្ថិតក្នុងតំបន់ភ្ញៀវទេសចរធ្វើដំណើរច្រើន និងមានកម្រាលផ្លូវមិនល្អ ត្រូវបានសាងសង់ថ្មីឡើងវិញ ដោយចាក់ក្រាលបេតុងសរសៃដែក កម្រាស់២០សង់ទីម៉ែត្រ រួចក្រាលបេតុងកៅស៊ូ AC កម្រាស់ ៧សង់ទីម៉ែត្រពីលើ។

- ផ្លូវប្រភេទទី៣៖ ជាផ្លូវមិនស្ថិតនៅតំបន់មានភ្ញៀវទេសចរធ្វើដំណើរច្រើន ត្រូវបានសាងសង់ថ្មីឡើងវិញ ដោយចាក់ក្រាលបេតុងសរសៃដែកកម្រាស់ ២០សង់ទីម៉ែត្រ។

- ផ្លូវប្រភេទទី៤៖ ជាផ្លូវវាងក្រុង ដោយកំណាត់ផ្លូវដែលមានតួផ្លូវល្អ ត្រូវបានជួសជុលអ៊ុតក្រាលបេតុងកៅស៊ូ AC ឡើងវិញ ចំណែកកំណាត់ផ្លូវដែលមានតួផ្លូវមិនល្អ ត្រូវបានសាងសង់ថ្មីឡើងវិញ ដោយចាក់ក្រាលបេតុងសរសៃដែក កម្រាស់ ២៥សង់ទីម៉ែត្រ។


ការសាងសង់ផ្លូវទាំង៣៨ខ្សែនេះ ត្រូវបានអនុវត្តដោយអង្គភាពរដ្ឋចំនួន ៨ក្រុម រួមមាន៖ កងវិស្វកម្មលេខ១៧៨ ស្ពាន ថ្នល់ នៃនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ, កងវិស្វកម្មសម្តេចតេជោ ខេត្តសៀមរាប, កងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប, អគ្គនាយកដ្ឋានសាធារណការ, អគ្គនាយកដ្ឋានប្រព័ន្ធចម្រុះទឹកកខ្វក់, នាយកដ្ឋានគ្រឿងចក្រ និងស្ថាបនាផ្លូវ, នាយកដ្ឋានជួសជុល និងថែទាំផ្លូវថ្នល់, និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប។

គម្រោងនេះ ត្រូវបានត្រួតពិនិត្យលក្ខណៈបច្ចេកទេស ដោយក្រុមការងារអន្តរក្រសួងសម្រាប់ត្រួតពិនិត្យ និងវាយតម្លៃការងារ និងក្រុមការងារបច្ចេកទេសអន្តរក្រសួងចំនួន៩ក្រុមទៀត ដែលប្រចាំការនៅតាមការដ្ឋានផ្ទាល់។ គម្រោងនេះ បានចំណាយថវិកាអស់ជិត ១៥០លានដុល្លារអាមេរិក ជាកញ្ចប់ថវិកាជាតិ ដែលបានអនុម័តផ្តល់ដោយរាជរដ្ឋាភិបាលកម្ពុជា។



ខ្សែផ្លូវទាំង៣៨ខ្សែនេះ គឺជាខ្សែផ្លូវដែលបានសាងសង់ឡើងដោយគិតគូរយ៉ាងល្អិតល្អន់អំពីបទដ្ឋានលក្ខណៈបច្ចេកទេស និងគំនូសប្លង់នគរូបនីយកម្មផ្លូវ ការបែងចែកខ្សែផ្លូវអាទិភាពស្របទៅតាមរូបសាស្ដ្រទីក្រុង ដែលមានសង្គតិភាពនគរូបនីយកម្ម មានមេត្រីភាពនឹងទឹក ព្រៃឈើនិងប្រាសាទបុរាណ និងស្របជាមួយប្លង់គោលប្រើប្រាស់ដីក្រុងសៀមរាប និងផែនការមេអភិវឌ្ឍទេសចរណ៍ខេត្តសៀមរាបចក្ខុវិស័យឆ្នាំ២០៣៥។ ជាមួយគ្នានេះ គម្រោងស្ថាបនាផ្លូវទាំង ៣៨ខ្សែ ក៏មានការរៀបចំនូវបណ្តាញលូទឹកភ្លៀង លូទឹកកខ្វក់នៅតាមបណ្តោយខ្សែផ្លូវ និងបានតភ្ជាប់ប្រព័ន្ធលូទឹកភ្លៀង និងលូទឹកកខ្វក់ចេញពីលំនៅឋានរបស់បងប្អូនប្រជាពលរដ្ឋចំនួន ១២,២៩៩ទីតាំង មកបណ្តាញលូមេនៃខ្សែផ្លូវទាំង៣៨ខ្សែ រួមជាមួយការងារស្ថាបនាចំណតរថយន្តសងខាងផ្លូវជាតិលេខ៦ ប្រវែង ២១៩០ម៉ែត្រ ដែលបានចំណាយថវិកាបន្ថែមអស់ជិត ៤លានដុល្លារអាមេរិក ជាការផ្ដល់ជូនដោយ សម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីបញ្ចប់គម្រោងនេះ និងជាពិសេស គឺជួយសម្រួលបន្ទុកចំណាយរបស់ប្រជាពលរដ្ឋ នៅក្នុងចន្លោះអន្តរកាលនៃវិបត្តិជំងឺកូវីដ-១៩។



ក្រៅពីនោះ គម្រោងនេះ ក៏បានរៀបចំបន្ថែមនូវប្រព័ន្ធការពារទឹកជំនន់ បញ្ចៀសការជន់លិចទីក្រុង រៀបចំខឿនចិញ្ចើមផ្លូវ បង្គោលភ្លើងបំភ្លឺផ្លូវ ភ្លើងសញ្ញាចរាចរណ៍ បណ្តាញខ្សែកាប ប្រព័ន្ធបញ្ជូនអគ្គិសនី ផ្លូវថ្មើរជើង ផ្លូវសម្រាប់ជនពិការ ផ្លូវជិះកង់ ចំណតរថយន្ត ផ្លាកសញ្ញា គំនូសសញ្ញាចរាចរណ៍ ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព សួនច្បារ និងការដាំដើមឈើលម្អតាមដងផ្លូវ។



dd
Bottom Ad