04/04/22 09:15 AM
ខេត្តត្បូងឃ្មុំ ៖ នៅថ្ងៃអាទិត្យ ទី០៣ ខែមេសា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណ:កម្មាធិការសាខា និងលោកជំទាវ បានដឹកនាំឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកសមាជិកា គណៈកម្មាធិការសាខា និងអនុសាខាស្រុក ជាមួយក្រុមប្រតិបត្តិសាខា និងក្រុមកាកបាទក្រហមកម្ពុជាឃុំរកាខ្នុរ យុវជនកាកបាទក្រហមកម្ពុជា ព្រមទាំងសហការី ចុះទៅសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ ទៅជូនដល់គ្រួសារប្រជាពលរដ្ឋមានជីវភាពខ្វះខាតជួបការលំបាកចំនួន៣៣០គ្រួសារ មានទីលំនៅបច្ចុប្បន្ននៅក្នុងមូលដ្ឋាននៃឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
នាឱកាសនោះ ឯកឧត្តមបណ្ឌិតប្រធានបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម ជា សុផារ៉ា ប្រធានកិត្តិយសសាខា និងជាពិសេសពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដែលកំពុងជួបការ លំបាក ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ ឯកឧត្តមបណ្ឌិតក៏បានបន្តថា សូមបងប្អូនទាំងអស់គ្នាត្រូវអនុវត្តនូវវិធានការបង្ការតាមសារគន្លឹះរបស់ក្រសួងសុខាភិបាល ៣ការពារ ៣កុំ ដើម្បីទប់ស្កាត់នៃការឆ្លងរីករាលដាលរបស់ជំងឺកូវីដ១៩ឱ្យបានគ្រប់ៗគ្នា ថែមទាំងបានជូនពរឱ្យអ្នកទាំងអស់គ្នាបានជួបប្រទះនូវសេចក្ដីសុខចម្រើនក្នុងការងារប្រចាំថ្ងៃ និងជៀសចាកផុតពីរោគាព្យាធិទាំងឡាយ។
អំណោយមនុស្សធម៌ដែលបានផ្តល់ជូនដល់គ្រួសារនីមួយៗរួមមាន÷ អង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកស៊ីអុីវ១យួរ ត្រីខ១០កំប៉ុង និងថវិកាមួយចំនួនផងដែរ៕