06/04/22 10:30 AM
មណ្ឌលគិរី៖ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី និងស្នងការដ្ឋាននគរបាលខេត្តដាក់ឡាក់ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានបើកកិច្ចប្រជុំបូកសរុបសហភាពការណ៍ និងលទ្ធផលកិច្ចសហប្រតិបត្តិការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនៅតាមព្រំដែន។ នេះបើយោងតាមរដ្ឋបាលខេត្តមណ្ឌលគីរីដែលយើងទទួលបាននាថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០២២ ហើយកិច្ចប្រជុំនេះ ធ្វើឡើងនៅស្នងការដ្ឋាននគរបាលខេត្ដមណ្ឌលគិរី។
នៅក្នុងកិច្ចប្រជុំនោះផងដែរ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី តំណាងនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងភាគីវៀតណាម ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ឡេ វិញគ្វី ស្នងការនគរបាលខេត្តដាក់ឡាក់ បានថ្លែងបើកកិច្ចប្រជុំ និងបានអនុញ្ញាតឲ្យលោកវរសេនីយ៍ឯក មុំ អ៊ីន នាយការិយាល័យសរុប និងវិភាគ ឡើងអានរបាយការណ៍សង្ខេប ស្តីពីកិច្ចសហប្រត្តិបត្តិការបង្ការបង្រ្កាបបទល្មើស នៅតាមខ្សែបន្ទាត់ព្រំដែនរវាងខេត្តទាំងពីរ មណ្ឌលគិរី និងខេត្តដាក់ឡាក់ សាធារណ:រដ្ឋសង្គមនិយមវៀតណាម។ នៅក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១កន្លងមកនេះ ដោយសភាពការណ៍ជំងឺកូវីដ-១៩ បានផ្ទុះឡើងវិវឌ្ឍន៍ខ្លួនយ៉ាងឆាប់រហ័ស និងយ៉ាងស្មុគស្មាញលើពិភពលោកទាំងមូល ដែលជាផ្នែកមួយបានជះឥទ្ធិពលយ៉ាងខ្លាំង ដល់កិច្ចសហប្រតិបត្តិការ បង្ការទប់ស្កាត់បទល្មើសរវាងស្នងការនគរបាលខេត្តមណ្ឌលគិរី និងស្នងការដ្ឋាននគរបាលខេត្តដាក់ឡាក់។ ភាគីយើងទាំងពីរនៅតែរក្សាការជូនដំណឹងគ្នាទៅវិញទៅមក និងបានផ្ដល់ព័ត៌មានឲ្យគ្នាទៅវិញទៅមកទៅ តាមបណ្តាញទំនាក់ទំនងជំនួបនៅលើខ្សែបន្ទាត់ព្រំដែន និងបានអនុវត្តយ៉ាងម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួនទៅតាមវិធានការរបស់ក្រសួងសុខាភិបាលរបស់ភាគី នៃប្រទសទាំងពីរ។ ក្នុងកិច្ចប្រជុំក្នុងថ្ងៃនេះភាគីទាំងពីរ បានឯកភាពខ្ពស់ចំពោះលទ្ធផល ដែលសម្រេចបាន និងបញ្ហាដែលនៅសេសសល់មួយចំនួន នៃកិច្ចសហប្រតិបត្តិការស្កាត់បទល្មើសរវាងភាគីទាំងពីរ រយៈពេលពីរឆ្នាំកន្លងមនេះ (ឆ្នាំ២០២០-២០២១)។
លោកក៏បានបញ្ជាក់បន្ថែមទៀតថា កម្ពុជានិងវៀតណាម នៅតែបន្តកិច្ចប្រតិបត្តិការប្ដូរព័ត៌មាន អំពីសភាពការណ៍សន្តិសុខសណ្ដាប់ធ្នាប់ព្រំដែន ដូចជាសកម្មភាពអានុភាព និងអង្កាចាត់តាំងជីវកម្មអន្តរជាតិ ព្រមទាំងមុខសញ្ញាធ្វើសកម្មភាពបំពានច្បាប់របស់ប្រទេសនីមួយៗ។ មិនតែប៉ុណ្ណោះភាគីកម្ពុជា បានស្នើសុំឲ្យភាគីវៀតណាម នៃខេត្តដាក់ឡាក់ បន្ត និងសហការណ៍ជួយទប់ស្កាត់បទល្មេីសឆ្លងដែនខុសច្បាប់ បទល្មើសសេដ្ឋកិច្ច ការជួញដូរស្រ្តី និងកុមារ និងបទល្មើសការជួញដូរគ្រឿងញៀនឆ្លងដែនខុសច្បាប់រយៈពេលកន្លងមកនេះ។
គួរបញ្ជាក់ផងដែរថា លោកឧត្តសេនីយ៍ត្រី ឡេ វិញគ្វី បានឯកភាពទៅតាមសំណើស្នើសុំរបស់ភាគីកម្ពុជា និងបានលើកឡើងពីចំណងសាមគ្គីភាព និងកិច្ចសហប្រត្តិបត្តិការរវាងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី និងមន្ត្រីនគរបាល នៃខេត្តដាក់ឡាក់ (សាធារណៈរដ្ឋសង្គមនិយមវៀតណាម) ជានិច្ចជាកាលភាគីទាំងពីរ តែងតែមានទំនាក់ទំនង និងគ្នាបានល្អប្រសើរ ក្នុងការទប់ស្កាត់បទល្មើសនៅតាមខ្សែបន្ទាត់ព្រំដែនរវាងខេត្តទាំងពីរ ដែលជាអ្នកភូមិផងរបងតែមួយ។ និងបានឯកភាព ចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំរវាងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី និងមន្ទីរនគរបាល នៃខេត្តដាក់ឡាក់សាធារណៈរដ្ឋសង្គមនិយមវៀតណាមផងដែរ៕ អត្ថបទ: ប្រសិទ្ធ