07/04/22 14:07 PM
ព្រះសីហនុ៖ សិក្ខាសាលាស្ដីពីថវិកាកម្មវិធី និងការត្រៀមរៀបចំថវិកាសមិទ្ធកម្ម ដែលរៀបចំដោយក្រុមការងារ កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈក្រសួងមហាផ្ទៃ ផ្នែកសន្តិសុខសាធារណៈឧបត្ថម្ភដោយកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានប្រារព្ធធ្វើឡើងរយៈពេលពីរថ្ងៃ (ថ្ងៃទី០៧ និងថ្ងៃទី០៨ ខែមេសាឆ្នាំ២០២២) នៅសណ្ឋាគារឆ្នេរសុខា នាក្រុងព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយកនៃអគ្គនាយកដ្ឋានភ័ស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ដោយមានសិក្ខាកាមអញ្ជើញមកពីបណ្ដាអង្គភាពពាក់ព័ន្ធសរុបចំនួន ១៦១នាក់ ។
អញ្ជើញថ្លែងសុន្ទរកថាបើក ក្នុងអង្គសិក្ខាសាលានេះ ឯកឧត្តមនាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយកនៃអគ្គនាយកដ្ឋានភ័ស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ថវិកាសមិទ្ធកម្មមិនមែនជាការងារថ្មីសន្លាង និងមានភាពខុសគ្នាខ្លាំងជាមួយនឹងថវិកាកម្មវិធី ដែលក្រសួងមហាផ្ទៃកំពុងនឹងអនុវត្តនាពេលបច្ចុប្បន្ននោះទេ។ ថវិកាសមិទ្ធកម្ម គឺជាការរៀបចំកញ្ចប់ថវិកាមានការផ្សារភ្ជាប់ជាមួយនឹងព័ត៌មានសមិទ្ធកម្មដែលគ្រោងនឹងសម្រេច ឬដែលសម្រេចបាននាពេលកន្លងមក។ ក្នុងន័យនេះ ព័ត៌មានសមិទ្ធកម្ម មានតួនាទីសំខាន់ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក៏មិនទាន់ជាកត្តាកំណត់ដាច់ខាត សម្រាប់ធ្វើការសម្រេចក្នុងវិភាជថវិកាទាំងស្រុងនោះទេ ពោលគឺព័ត៌មានសមិទ្ធកម្មជាសមាសធាតុមូលដ្ឋានមួយដែលត្រូវប្រើគួបផ្សំជាមួយ ព័ត៌មានផ្សេងៗទៀតពាក់ព័ន្ធនឹងគោលនយោបាយរបស់ក្រសួងមហាផ្ទៃ ។ លើសពីនេះចំណុចដែលខុសគ្នាមួយទៀតគឺ ថវិកាសមិទ្ធកម្មដែលត្រូវរៀបចំ និងមានកំណត់កាន់តែច្បាស់លាស់ជាងមុនអំពីសូចនាករសមិទ្ធកម្មទៅតាមកម្រិតរចនាសម្ព័ន្ធកម្មវិធីទាំងការកំណត់សូចនាករ លទ្ធផលក្នុងឆ្នាំ និងទាំងសូចនាករលទ្ធផលចុងក្រោយដែលក្រសួងគ្រោងនឹងសម្រេច ។
ឯឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយកនៃអគ្គនាយកដ្ឋានភ័ស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ក៍បានរំលេចបន្ថែមថា ថវិកាសមិទ្ធកម្មនេះអាចផ្តល់ភាពបត់បែនក្នុងការបង្កើតរចនាសម្ព័ន្ធកម្មវិធីដោយផ្អែក ឬមិនផ្អែកទាំងស្រុងលើរចនាសម្ព័ន្ធរដ្ឋបាល ប៉ុន្តែតម្រូវឲ្យមានការវាស់វែងប្រសិទ្ធភាព និងសក្តិសិទ្ធភាពនៃកម្មវិធី តាមរយៈសូចនាករសមិទ្ធកម្ម ដោយផ្សារភ្ជាប់រវាងលទ្ធផលក្នុងឆ្នាំ និងលទ្ធផលចុងក្រោយឲ្យបានច្បាស់លាស់ ។
លើសពីនេះ ដំណើរការនៃការតាមដាននិងការវាយតម្លៃក៏ជាផ្នែកមួយដ៏សំខាន់មួយទៀតនៃការអនុវត្តថវិកាសមិទ្ធកម្ម។ ការរៀបចំផែនការសម្រាប់ការតាមដាននិងវាយតម្លៃមានភាពចាំបាច់ ដើម្បីប្រមូលទិន្នន័យ និងព័ត៌មានដែលពាក់ព័ន្ធក្នុងការ ផ្សារភ្ជាប់ នឹងកិច្ចអន្តរាគមន៍នីមួយៗ។ ការតាមដាន និងការវាយតម្លៃ គឺជាឧបករណ៍ដ៍សំខាន់សម្រាប់ការផ្ដល់ព័ត៌មានត្រឡប់វិញដល់អ្នករៀបចំគោលនយោបាយ និងអ្នករៀបចំផែនការ និងអ្នកគ្រប់គ្រងថវិកា សម្រាប់ធ្វើការសម្រេចឲ្យបានត្រឹមត្រូវ តាមរយៈការប្រមូលពត៌មាន យកមកធ្វើជាមូលដ្ឋាន ក្នុងការកែសម្រួល និងកែលម្អចំណុចទាំងឡាយណាដែលមានការខ្វះខាត ។ ដូច្នេះសូមឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងអង្គពិធីទាំងមូល ដោយតាមរយៈសិក្ខាសាលានេះ យើងនឹងរំពឹងថា អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋាន នាយកដ្ឋាន អង្គភាពពាក់ព័ន្ធ និងស្នងការដ្ឋានរាជធានីខេត្តដែលជាអង្គភាពថវិកា និងអាចដកស្រង់បទពិសោធន៍ ហើយនិងយកបទពិសោធន៍ទាំងនេះដើម្បីធ្វើការកែទម្រង់ លើសមាសធាតុជាគន្លឹះសំខាន់ៗនៃការអនុវត្ដថវិកាកម្មវិធីដែលរួមមានដូចជា៖ ការពង្រឹងនិងពន្លឿនការអនុវត្តថវិកាក្នុងឆ្នាំ២០២២ ឲ្យស្របតាមលិខិតបទដ្ឋានគតិយុតិនៃការអនុវត្តថវិកាកម្មវិធី។ ពង្រឹងយន្ដការស្ថាប័នតាមរយៈការបង្កើនការសម្របសម្រួលរវាងអង្គភាព ទទួលបន្ទុកហិរញ្ញវត្ថុ និងអង្គភាពថវិកា និងយន្តការត្រួតពិនិត្យតាមដានវាយតម្លៃថវិកាកម្មវិធី។ ពង្រឹងគុណភាពផែនការយុទ្ធសាស្ត្រថវិកា និងថវិកាកម្មវិធីក្របខ័ណ្ឌសមិទ្ធកម្មដោយកំណត់ចំនួនសូចនាករសមិទ្ធកម្ម បញ្ជាក់ពីលទ្ធផលមូលដ្ឋាន វិធីសាស្ត្រគណនាមធ្យោបាយសម្រាប់ការផ្ទៀងផ្ទាត់ និងគោលដៅក្នុងឆ្នាំ N+2 និងN+3។ បង្កើនការផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ នឹងពង្រឹងសមត្ថភាពមន្ត្រីពាក់ព័ន្ធការអនុវត្តថវិកាកម្មវិធី សំដៅឲ្យកម្រិតនៃការផ្សារភ្ជាប់ថវិកា ទៅនឹងគោលនយោបាយអោយកាន់តែមានប្រសិទ្ធភាពឡើងថែមទៀត៕