07/04/22 14:44 PM
(បាត់ដំបង)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងទ័ពជើងគោក បានថ្លែងថា កងទ័ពជើងគោកពិតជាមានការទទួលខុសត្រូវខ្ពស់ ដោយសារត្រូវបំពេញទាំង ការងារស្នូលជាប្រចាំផង និងភារកិច្ចបន្តប្រយុទ្ធនឹងជំងឺរាតត្បាតផង។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ការប្រយុទ្ធនឹងជំងឺកូវីដ១៩ នៅតែបន្ត និងមិនទាន់បញ្ចប់ ប៉ុន្តែអ្វីៗស្ថិតក្នុងស្ថានភាពដែលអាចគ្រប់គ្រងបាន ដោយសារជោគជ័យនៃយុទ្ធនាការជាតិចាក់វ៉ាក់សាំង (សម្រេចបានប្រមាណជិត៩៣% ធៀបនឹងចំនួនប្រជាជនសរុប១៦លាននាក់)។ ចំពោះមុខនេះ ភារកិច្ចរបស់កងទ័ពក្នុងការថែរក្សាបរិយាកាសសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខជាតិ ក៏កាន់តែឈាន មកដល់ដំណាក់កាលកាន់តែស្រួចស្រាល់ក្នុងឆ្នាំ២០២២នេះ ដែលជាឆ្នាំដ៏សំខាន់ពោរពេញដោយភារកិច្ចយ៉ាងមមាញឹក ពីព្រោះទន្ទឹមនឹងការណ៍ដែលកម្ពុជាត្រូវបំពេញភារកិច្ចក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ គឺកម្ពុជាក៏ត្រូវរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ជាមួយនឹងការធានាថា ដំណើរការប្រជាធិបតេយ្យនៅមូលដ្ឋានដ៏សំខាន់មួយនេះ អាចប្រព្រឹត្តទៅបានក្នុងបរិយាកាសសន្តិភាព និងស្ថិរភាព ដូចដែលបានដំណើរការយ៉ាងទៀងទាត់រួចមកហើយ រាប់ចាត់តាំងពីអាណត្តិទី១ ក្នុងឆ្នាំ២០០២ មក។ ដូច្នេះសូមបន្តប្រុងប្រៀបត្រៀមលក្ខណៈធានាអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និងបញ្ជាការដ្ឋានកងទ័ពជើងគោក ដែលបានដាក់ចេញ»។
ការថ្លែងនេះ ពេលឧត្តមសេនីយ៍អញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញភស្តុភារ, យន្តយុទ្ធថ្នាក់កងវរសេនាតូច កងអនុសេនាធំ និងបណ្តុះបណ្តាលជំនាញបើកបររថយន្តធុនធ្ងន់ របស់យោធភូមិភាគទី៥ នៅខេត្តបាត់ដំបង នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២។
ជាការចាប់ផ្តើម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សូមអបអរសាទរចំពោះលទ្ធផលនៃវគ្គហ្វឹកហ្វឺន បំប៉នជំនាញភស្តុភារ, យន្តយុទ្ធថ្នាក់កងវរសេនាតូច-កងអនុ សេនាធំ និងបណ្តុះបណ្តាលជំនាញបើកបររថយន្តធុនធ្ងន់នេះ ដែលបានដំណើរការអស់រយៈពេលជាច្រើនខែមក។ វគ្គហ្វឹក ហ្វឺនទាំងនេះពិតជាបានឆ្លើយតបចំពោះសេចក្តីត្រូវការ ផ្ទាល់របស់យោធភូមិភាគទី៥ ក្នុងការពង្រឹង និងពង្រីកសមត្ថភាពជំនាញរបស់យោធិន ដើម្បីធានាបាននូវនិរន្តរភាព នៃការអនុវត្តភារកិច្ចលើការងារធានាឱ្យការត្រៀមប្រយុទ្ធ បម្រើប្រយុទ្ធ និងប្រយុទ្ធ ក៏ដូចជាសកម្មភាពការងារប្រចាំថ្ងៃ និងភារកិច្ចផ្សេងៗទៀតរបស់កងឯកភាព ដូចជាប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយ ជាដើម និងសូមកោតសរសើរចំពោះសិក្ខាកាមទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ត្រងត្រាប់រៀនសូត្រ រហូតទទួលបានជោគជ័យបញ្ចប់វគ្គក្នុងពេលនេះ។
«ជោគជ័យនេះ កើតចេញពីការពុះពារជម្នះនូវឧបសគ្គ និងការលំបាកគ្រប់បែបយ៉ាង ដែលនេះហើយ គឺជាមោទនភាពសម្រាប់សិក្ខាកាមបញ្ចប់វគ្គគ្រប់ៗរូប ហើយខ្ញុំក៏សង្ឃឹមយ៉ាងមុតមាំថា សិក្ខាកាមទាំង អស់នឹងប្រើប្រាស់ជំនាញ ចំណេះដឹង និងបទពិសោធន៍ទទួលបានពីវគ្គ ហ្វឹកហ្វឺននេះ សម្រាប់យកទៅអនុវត្តបំពេញរាល់ភារកិច្ច នៅតាមបណ្តាកងឯកភាពឱ្យទទួលបានជោគជ័យ និងកាន់តែមានប្រសិទ្ធភាពខ្ពស់ ក៏ដូចជាសម្រាប់កសាង និងអភិវឌ្ឍខ្លួនឱ្យមានសមត្ថភាពគ្រប់គ្រាន់ដើម្បីទទួលរ៉ាប់រង រាល់ភារកិច្ចរបស់អង្គភាពនាពេលចំពោះមុខ និងតទៅអនាគត»។ នេះជាការបញ្ជាក់ថែមរបស់លោកមេបញ្ជាការ។
ជាមួយគ្នានេះ លោកសូមថ្លែងអំណរគុណចំពោះគណៈកម្មការហ្វឹកហ្វឺនបំប៉នជំនាញ, ក្រុមការងារ កសាង ឯកសារភស្តុភារ និងក្រុមគ្រូឧទ្ទេស, គណៈគ្រប់គ្រងវគ្គ និងយោធភូមិ ភាគទី៥ ព្រមទាំងបណ្តាស្ថាប័ន-កងឯកភាពពាក់ព័ន្ធ ដែលបានយកចិត្តទុកដាក់បង្កលក្ខណៈ និងរៀបចំដំណើរ ការវគ្គហ្វឹកហ្វឺន ទាំងនេះប្រកប ដោយ ស្មារតី ទទួលខុសត្រូវខ្ពស់ និងបានសហការយ៉ាងល្អ រហូតសម្រេច បានលទ្ធផលការងារតាមផែនការកំណត់ ទោះបីជាមាន បញ្ហាប្រឈមមួយចំនួនដោយសារការរាតត្បាតនៃជំងឺកូវីដ១៩ក៏ដោយ។ ទាំងអស់នេះ គឺពិតជាបានស្តែងឱ្យឃើញអំពីការប្តេជ្ញាចិត្ត ការទទួលខុសត្រូវ និងសាមគ្គីភាពសហការ ជាធ្លុងមួយរបស់ថ្នាក់ដឹកនាំមេបញ្ជាការ មេបញ្ជាការរងគ្រប់លំដាប់ថ្នាក់ យោធាចារ្យ និងយោធិនទាំងអស់ក្នុងបុព្វហេតុ កសាងបណ្តុះបណ្តាលធនធានមនុស្សក្នុងជួរកងយោធពលខេមរភូមិន្ទ ឱ្យមានសមត្ថភាពពេញលេញ និងប្រកប ដោយ វិជ្ជាជីវៈ សំដៅធានាបាននូវប្រសិទ្ធភាព នៃកិច្ចការពារជាតិ៕ ប្រភព៖ Fresh News