សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធីប្រារព្ធទិវាសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកទី១៣


ត្រលប់ក្រោយ

12/04/22 15:15 PM

ចំនួនទស្សនា៖

230

ប្រភព៖

បាត់ដំបង

បាត់ដំបង៖ នាព្រឹកថ្ងៃអង្គារ ទី១២ ខែមេសា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងកម្មវិធីប្រារព្ធទិវាសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកទី១៣ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ក្រុមប្រឹក្សាខេត្ត អភិបាលខេត្តបាត់ដំបង ឯកឧត្តម-លោកជំទាវ សមាជិក សមាជិកា គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ភ្ញៀវជាតិ-អន្ដរជាតិ លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស យុវជន ព្រមទាំងប្រជាពលរដ្ឋ ផងដែរ។ គួរបញ្ជាក់ថា ទិវាសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកទី១៣ នាពេលនេះ ប្រារព្ធធ្វើឡើង នៅមណ្ឌលកីឡាដ្ឋានបាល់បាត់វាលបែកចាន ស្ថិតនៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ 


ជាកិច្ចចាប់ផ្ដើម ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង បានថ្លែងថា ទិវាសប្ដាហ៍ជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោកនេះ គឺជាព្រឹត្តិការណ៍ផ្តួចផ្តើមឡើងដោយ គណៈកម្មាធិការសេដ្ឋកិច្ច និងសង្គមសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UNESCAP) ដែលតម្រូវឱ្យប្រទេសជាសមាជិករៀបចំ នៅក្នុងអំឡុងខែឧសភា ជារៀងរាល់ឆ្នាំ ដើម្បីជាការក្រើនរំលឹកដល់ ប្រជាពលរដ្ឋនៅទូទាំងពិភពលោក ជាពិសេសប្រទេសនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលរួមមានប្រទេសកម្ពុជាផងដែរ ចូលរួមបង្កើនស្មារតី យកចិត្តទុកដាក់ទប់ស្កាត់ ឱ្យបាននូវគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឱ្យមានការបាត់បង់អាយុជីវិតមនុស្ស ទ្រព្យសម្បត្តិរដ្ឋ និងឯកជនយ៉ាងច្រើន។


ឯកឧត្តម បានបន្ដថា ការរៀបចំពិធីនាពេលនេះ ក៏ជាចំណែកនៃឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគាំទ្រដល់ទិវាសប្ដាហ៍ជាតិសុវត្ថិភាព ចរាចរណ៍ផ្លូវគោកលើសកលលោក។ ដោយឡែកសម្រាប់កម្ពុជា ការប្រារព្ធទិវានេះ គឺជាឱកាសដ៏ប្រពៃថ្លៃថ្លាសម្រាប់ប្រជាពលរដ្ឋខ្មែរ ស្របទៅនឹងស្ថានភាពបច្ចុប្បន្ន ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ធ្វើឱ្យសង្គមជាតិមានសុខសន្តិភាពពេញលេញ មានការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសមានផ្លូវស្ពានតភ្ជាប់ ជាក្រឡាចត្រង្គទៅគ្រប់ទិសតំបន់ ក្នុងប្រទេស និងភ្ជាប់ជាមួយប្រទេសជិតខាង និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា កាន់តែមានលក្ខណៈល្អប្រសើរជាបន្តបន្ទាប់ ដែលអាចមានលទ្ធភាពទិញនូវយានយន្តសម្រាប់ ប្រើប្រាស់ និងធ្វើដំណើរ ការប្រកបរបរចិញ្ចឹមជីវភាពប្រចាំថ្ងៃ ព្រមទាំងដំណើរទេសចរណ៍ ការធ្វើពាណិជ្ជកម្ម ផ្លាស់ប្តូរផលិតផលនៅក្នុងផ្ទៃប្រទេស ជាមួយប្រទេសជិតខាងយ៉ាងមមាញឹក។



លើសពីនេះ ឯកឧត្តម សុខ លូ បានលើកឡើងទៀតថា ផ្អែកតាមរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបង្ហាញថា នៅក្នុងឆ្នាំ២០២១ កន្លងមកនេះ ខេត្តបាត់ដំបង មានគ្រោះថ្នាក់ចរាចរណ៍ចំនួន ១២៧ករណី ចំនួនអ្នកស្លាប់ ៧៤នាក់ និងអ្នករបួស ២១៤នាក់ បើធៀបនឹងឆ្នាំ២០២០ ថយចុះ ៦២ករណី ក្នុងនោះ ចំនួនអ្នកស្លាប់ថយចុះ ១២នាក់ និងអ្នករបួសថយចុះ ១០៩នាក់។


សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក មានប្រសាសន៍គូសបញ្ជាក់ថា ឆ្នាំនេះជាឆ្នាំទី១៣ហើយ ដែលកម្ពុជា និងបណ្ដាប្រទេសផ្សេងទៀតបានរៀបចំទិវានេះ ក្រោមការលើកទឹកចិត្ត និងឧបត្ថម្ភគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កមហន្តរាយអាយុវជីវិតមនុស្ស ការបាត់បង់កាយសម្បទា ខូចខាតទ្រព្យសម្បត្តិ ព្រមទាំងបំផុសស្មារតីបង្កើនការប្រុងប្រយ័តចំពោះគ្រោះថ្នាក់ចរាចរណ៍។


សម្ដេចក្រឡាហោម មានប្រសាសន៍ទៀតថា ជារៀងរាល់ឆ្នាំ ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា តែងតែកើតមានឡើងច្រើន ក្នុងឱកាសបុណ្យប្រពៃណីជាតិធំៗ ពិសេសបុណ្យចូលឆ្នាំខ្មែរ និងបុណ្យភ្ជុំបិណ្ឌ ដូច្នេះហើយទើបរាជរដ្ឋាភិបាលកម្ពុជាបានកំណត់ជាផ្លូវការ និងបានជំរុញលើកទឹកចិត្តឱ្យគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកយកកាលបរិច្ឆេទថ្ងៃទី៧ ដល់ថ្ងៃទី១៤ ខែមេសា ជារៀងរាល់ឆ្នាំដើម្បីប្រារព្ធទិវាសប្ដាហ៍សុវត្ថិភាពចរាចណ៍ផ្លូវគោក។


ជាមួយគ្នានេះ សម្ដេចក្រឡាហោម ក៏បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការធ្វើពលីកម្មគ្រប់បែបយ៉ាងរបស់មន្រ្តីនគរបាលចរាចរណ៍ផ្លូវគោក មន្រ្តីសាធារណការ និងដឹកជញ្ជូន ដែលបានតស៊ូលះបង់យ៉ាងស្វិតស្វាញ បំពេញតួនាទី ភារកិច្ចរក្សាសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រកបដោយស្មារតីទទួលខុសត្រូវ និងមនសិការខ្ពស់ ធ្វើឱ្យចំនួនគ្រោះថ្នាក់ អ្នកស្លាប់ និងអ្នករងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឆ្នាំ២០២០ និងឆ្នាំ២០២១ បានថយចុះគួរឱ្យមោទកភាព។


សូមជម្រាបជូនដែរថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏បានអញ្ជើញទទួលមួកសុវត្ថិភាពីម្ចាស់ជំនួយក្រុមហ៊ុន Tri Petch ISUZU Sales Cambodia Co,Ltd.ផងដែរ។ នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ក៏បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បំពាក់មួកសុវត្ថិភាពជានិមិត្តរូបតំណាង ចំនួន ១០រូប និងថតរូបអនុស្សាវរីយ៍ ផងដែរ៕




dd
Bottom Ad