អប់រំផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងជាសាធារណៈពីបណ្តាញលូ និងទឹកកខ្វក់ ទៅដល់បងប្អូនប្រជាពលរដ្ឋប្រមាណជាង ៤០០នាក់


ត្រលប់ក្រោយ

22/04/22 11:26 AM

ចំនួនទស្សនា៖

260

ប្រភព៖

បាត់ដំបង

សម្រួលផ្សាយ៖SR276


បាត់ដំបង៖ ថ្ងៃព្រហស្បតិ៍ ៥រោច ខែចែត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីភាព ក្នុងកម្មវិធីអប់រំផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងជាសាធារណៈ អំពីបណ្តាញលូ និងទឹកកខ្វក់ដែលរៀបចំឡើងដោយ នាយកដ្ឋានសរុប និងព័ត៌មាន នៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមកិច្ចសហការជាមួយរដ្ឋបាលខេត្តបាត់ដំបង និងការចូលរួមសហការពីអង្គការសហប្រជាជាតិសម្រាប់លំនៅដ្ឋានមនុស្សជាតិ (UN-Habitat) នៅទីតាំងបរិវេណមុខសាលាខេត្តបាត់ដំបង។


កម្មវិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង និងលោកស្រី ពិសិដ្ឋ សែនសម្រស់ តំណាងកម្មវិធី UN-Habitat តំណាងអគ្គនាយកដ្ឋានថវិកានៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្ត្រីរាជការមកពីមន្ទីរ អង្គភាពពាក់ព័ន្ធនានាក្នុងខេត្តបាត់ដំបង កងរាជអាវុធហត្ថ រដ្ឋបាលក្រុង សង្កាត់ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត ក្រុមយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) យុវជនស្រលាញ់សន្តិភាព យុវជនកាយរឹទ្ធ យុជនកាកបាទក្រហម សមាគមសិស្សនិស្សិតអាហារូបករណ៍សម្តេចតេជោ តំណាងក្រុមហ៊ុនប្រមូលសំរាម ស៊ីនទ្រី និង លៀបលឹម និងក្រុមអ្នកប្រមូលសំរាម សរុបទាំងអស់ប្រមាណជាង ៤០០ នាក់។


កម្មវិធីអបរំផ្សព្វផ្សាយនេះធ្វើឡើង ក្នុងគោលបំណងបញ្រ្ជាបការយល់ដឹងដល់បងប្អូនប្រជាពលរដ្ឋ អំពីបណ្តាញលូ ប្រព័ន្ធចម្រោះទឹកកខ្វក់ ការចូលរួមថែរក្សាសុខុមាលភាព អនាម័យស្អាត និង សេវាកម្មប្រព័ន្ធចម្រោះទឹកកខ្វក់ ។

ថ្លែងទៅកាន់អង្គពិធីទាំងមូល ឯកឧត្តមអនុរដ្ឋលេខាធិការ បានលើកឡើងថា ដោយសារកម្ពុជាបច្ចុប្បន្នមានសន្តិភាព ទើបធ្វើឱ្យយើងមានការរីកចម្រើនផ្នែកសេដ្ឋកិច្ចក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ។ ទន្ទឹមនឹងសន្ទុះនៃការអភិវឌ្ឍនៅក្នុងខេត្តបាត់ដំបង បញ្ហាទឹកកខ្វក់ដែលបង្កពីសកម្មភាពផ្សេងៗ បានហូរចូលទៅក្នុងតំបន់លំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋ និងសហគមន៍ បង្កផលប៉ះពាល់ដល់សុខុមាលភាពប្រជាជន សោភ័ណភាព ជីវៈចម្រុះ ប្រព័ន្ធអេកូឡូស៊ី និងជះឥទ្ធិពលដល់សេដ្ឋកិច្ចជាតិ ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជា កំពុងយកចិត្តទុកដាក់ជាចម្បង។ ហេតុដូចនេះ ហេដ្ឋារចនាសម្ព័ន្ធសាធារណៈជាច្រើនពិសេស បណ្តាញលូទឹកភ្លៀង បណ្តាញលូទឹកកខ្វក់ ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ ទីលានចាក់សំណល់ភក់ ត្រូវបានសាង់សង់ និងកំពុងសាងសង់នៅតាមបណ្តារាជធានី និងក្រុងសំខាន់ៗ រួមទាំងក្រុងបាត់ដំបង ខេត្តបាត់ដំបងផងដែរ។


ឯកឧត្តម បានបន្ថែមថា ដើម្បីឱ្យសមិទ្ធផលទាំងនោះអាចប្រើប្រាស់បានយូរអង្វែង សូមឱ្យមានការចូលរួមពីប្រជាពលរដ្ឋ និងគ្រប់ភាគីពាក់ព័ន្ធដើម្បីប្រែក្លាយក្រុងបាត់ដំបងទៅជាទីក្រុងដ៏ស្រស់ស្អាត មានសោភ័ណភាព អនាម័យស្អាត បរិស្ថានល្អ និងគួរឱ្យចង់រស់នៅ ក៏ដូចជាទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ តាមរយ:ការលើកកម្ពស់អនាម័យស្អាត និងសុខភាពសាធារណៈ ធ្វើឱ្យសុខុមាលភាពរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង។

តាមរយៈកម្មវិធីអប់រំផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងជាសាធារណៈអំពីបណ្តាញលូ និងទឹកកខ្វក់ ក្នុងក្រុងបាត់ដំបងនាពេលនេះ ជាមធ្យោបាយមួយដ៏ល្អ ក្នុងការជំរុញឱ្យមានការចូលរួមខ្ពស់ពីសំណាក់ប្រជាពលរដ្ឋទូទៅក្នុងការប្រើប្រាស់ និងថែរក្សាការពារហេដ្ឋារចនាសម្ព័ន្ធ ដែលបានសាងសង់រួច ប្រកបដោយ ប្រសិទ្ធភាព និងនិរន្តរភាព។


ការចូលរួមផ្តើមចេញពីយើងទាំងអស់គ្នា ជាប្រជាពលរដ្ឋ ដើម្បីផ្ទះយើងស្អាត ភូមិយើងស្អាត សង្កាត់យើងស្អាត ទីក្រុងយើងស្អាត និងសុខភាពយើងល្អ៕




dd
Bottom Ad