ឯកឧត្តម នាយឧត្តមសេនីយ សេង យូអ៊ាន់ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្ដុភារនិងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសិក្ខាសាលាស្ដីពី «ការរៀបចំថវិកាសមិទ្ធកម្ម»​


ត្រលប់ក្រោយ

25/04/22 13:45 PM

ចំនួនទស្សនា៖

540

ប្រភព៖

សៀមរាប

នាព្រឹកថ្ងៃចន្ទ ៩ រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ នៅសណ្ឋាគារអង្គរប៉ារាឌី ខេត្តសៀមរាប ឯកឧត្តម នាយឧត្តមសេនីយ សេង យូអ៊ាន់ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្ដុភារនិងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសិក្ខាសាលាស្ដីពី «ការរៀបចំថវិកាសមិទ្ធកម្ម» និងអញ្ជើញចូលរួមក្នុងអង្គពិធីនេះផងដែរមាន ឯកឧត្តម មកពីអគ្គលេខាធិការដ្ឋាន, អគ្គាធិការដ្ឋាន, អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម, អគ្គនាយកដ្ឋានសាវនកម្មផ្ទៃក្នុង, អគ្គនាយកដ្ឋានរដ្ឋបាល, អគ្គនាយកដ្ឋានពន្ធនាគារ, ក្រុមប្រឹក្សានីតិកម្ម, លេខាធិការដ្ឋាន គ.ជ.អ.ប, សាលាជាតិរដ្ឋបាលមូលដ្ឋាន និង មកពីបណ្ដារអង្គភាពពាក់ព័ន្ធ សរុបចំនួន ៨១ នាក់។


សិក្ខាសាលាស្ដីពីការរៀបចំថវិកាសមិទ្ធកម្មដែលរៀបចំដោយក្រុមការងារកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈក្រសួងមហាផ្ទៃ ដែលឧបត្ថម្ភដោយកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រសួងមហាផ្ទៃ ផ្នែករដ្ឋបាលទូទៅ បានប្រារព្ធធ្វើឡើងរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២២ ។ ការរៀបចំសិក្ខាសាលានេះ ជាផែនការសកម្មភាពមួយស្ថិតក្នុងផែនការសកម្មភាពលំអិត MAP3 បូក2 សម្រាប់ឆ្នាំ២០២២ ដែលមានលេខសកម្មភាព ៥១.២.១ ។


អញ្ជើញថ្លែងសុន្ទរៈកថាបើក ក្នុងអង្គសិក្ខាសាលានេះ ឯកឧត្តមនាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយកនៃអគ្គនាយកដ្ឋានភ័ស្តុភារនិងហិរញ្ញវត្ថុក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ការរៀបចំសិក្ខាសាលានេះ គឺដើម្បីត្រៀមខ្លួនអនុវត្តការសាកល្បងថវិកាសមិទ្ធកម្មសម្រាប់ការរៀបចំកញ្ចប់ថវិកាឆ្នាំ២០២៣ ខាងមុខ។ រាជរដ្ឋាភិបាលបានចាប់ផ្ដើមអនុវត្តកម្មវិធីកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈនៅឆ្នាំ ២០១៤ ក្នុងគោលបំណងប្រែក្លាយប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជាជាជំហានៗ ឲ្យទៅជាប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈស្របតាមបទដ្ឋាន និង ឧត្ដមានុវត្តជាអន្តរជាតិ។ កម្មវិធីនេះត្រូវបានរៀបចំតាក់តែងជាការកែទម្រង់ក្នុងរយៈពេលវែង និងមានលក្ខណៈគ្រប់ជ្រុងជ្រោយ ដោយបានកំណត់ជា ៤ ដំណាក់កាល។  

បច្ចុប្បន្ន ការងារកំណែទម្រង់ស្ថិតក្នុងដំណាក់កាលទី៣ ត្រូវបានផ្ដោតលើ «ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ» និង ត្រូវបានត្រួសត្រាយផ្លូវសម្រាប់ត្រៀមអនុវត្តជំហានទី៤ ដោយផ្ដោតលើ «គណនេយ្យភាពសមិទ្ធកម្ម»។ 

ក្នុងដំណាក់កាលទី៣នេះ យើងបានខិតខំរៀបចំសិក្ខាសាលាក្នុងគោលបំណងបញ្ជ្រាបការយល់ដឹង ចំណេះជំនាញវិជ្ជាជីវៈស្ដីពីកម្មវិធីកែទម្រង់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលមានយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកាជាស្នូលនៃកម្មវិធី និងជា របត់មួយមានភាពបត់បែន និងស្មុគស្មាញ ជូនបណ្ដាអង្គភាពបានចំនួន ១២ លើករួចមកហើយ។ 

ឯឧត្តម នាយឧត្តមសេនីយ៍ បានគូសបញ្ជាក់ទៀតថា ថវិកាសមិទ្ធកម្ម គឺជាការរៀបចំកញ្ចប់ថវិកា ដោយមានការផ្សារភ្ជាប់ទៅនឹងសមិទ្ធកម្ម ដែលក្រសួង-ស្ថាប័នបានស្នើឡើង ឬ បានសម្រេចកន្លងមក។ ការរៀបចំថវិកាសមិទ្ធកម្ម ត្រូវផ្ដោតជាចាំបាច់លើអាទិភាពគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានចរិតផ្សារភ្ជាប់ជាមួយគោលនយោបាយជាតិ តាមរយៈការរៀបចំផែនការយុទ្ធសាស្ត្ររបស់សាមីក្រសួង ស្ថាប័ន ហើយត្រូវផ្សារភ្ជាប់នឹងការអនុវត្តដើម្បីសម្រេចបាននូវ លទ្ធផលក្នុងឆ្នាំ និង លទ្ធផលចុងក្រោយ ។

  អង្គសិក្ខាសាលារយៈពេលពីរថ្ងៃដ៏មានសារៈសំខាន់នេះ នឹងតាមដានស្តាប់នូវ ទស្សនាទាននិងគោលការណ៍ថវិកាសមទ្ធិកម្ម ការបង្កើតរចនាសម្ព័ន្ធថវិកាសិទ្ធកម្ម ការរៀបចំថវិកាប្រចាំឆ្នាំ ការរៀបចំសេចក្ដីព្រាងច្បាប់ថវិកាប្រចាំឆ្នាំ និងការអនុម័តថវិកា ការអនុវត្តថវិកា ការរៀបចំរបាយការណ៍ និងការតាមដាននិងការវាយតម្លៃ ការអនុវត្តថវិកាការរៀបចំរបាយការណ៍ និងការតាមដាននិងការវាយតម្លៃ និងសេចក្ដីសង្ខេបអំពីចំណុចផ្លាស់ប្តូរនៅក្នុងគោលការណ៍ណែនាំ ។


លើសពីនេះ ដំណើរការនៃការតាមដាននិងការវាយតម្លៃក៏ជាផ្នែកមួយដ៏សំខាន់មួយទៀតនៃការអនុវត្តថវិកាសមិទ្ធកម្ម។ ការរៀបចំផែនការសម្រាប់ការតាមដាននិងវាយតម្លៃមានភាពចាំបាច់ ដើម្បីប្រមូលទិន្នន័យ និងព័ត៌មានដែលពាក់ព័ន្ធក្នុងការ ផ្សារភ្ជាប់ នឹងកិច្ចអន្តរាគមន៍នីមួយៗ ។ ការតាមដាននិងការវាយតម្លៃគឺជាឧបករណ៍ដ៍សំខាន់សម្រាប់ការផ្ដល់ ព័ត៌មានត្រឡប់វិញដល់អ្នករៀបចំគោលនយោបាយ និងអ្នករៀបចំផែនការ អ្នកគ្រប់គ្រងថវិកា សម្រាប់ធ្វើការសម្រេចឲ្យបានត្រឹមត្រូវ តាមរយៈការប្រមូលពត៌មាន យកមកធ្វើជាមូលដ្ឋាន ក្នុងការកែសម្រួល និងកែលម្អចំណុចទាំងឡាយណាដែលមានការខ្វះខាត ។


dd
Bottom Ad