28/04/22 11:28 AM
ក្រុងព្រះសីហនុ៖ មណ្ឌលផ្តល់សេវាសាធារណៈ និងស្ថានីយ បញ្ចូលថាមពលយានយន្តអគ្គិសនី មួយកន្លែងតៀត ត្រូវបានក្រសួងសាធារណការ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
មណ្ឌលផ្តល់សេវាសាធារណៈ និងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីស្ថិតនៅផ្សារទំនើប ហ្វូរី ថាម សឃ្វែរ ម៉ល (FURI Times Square Mall)ក្នុងភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្ត ព្រះសីហនុ ត្រូវបានសម្ពោធបើកឱ្យដំណើរការជាផ្លូវការ ក្រោមវត្តមានឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ឯកឧត្តម ណុប ហេង តំណាងអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ឯកឧត្តម ឈួន វ៉ន់ អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រុមប្រឹក្សាខេត្ត ដៃគូអភិវឌ្ឍ អង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួង មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី គ្រឹះស្ថានហិរញ្ញវត្ថុ អាជ្ញាធរដែនដី និងបងប្អូនប្រជាពលរដ្ឋផងដែរ។
ឯកឧត្តម ឈួន វ៉ន់ អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក មានប្រសាសន៍ថា កម្មវិធីសម្ភោធដាក់ឱ្យដំណើការជាផ្លូវ ការមណ្ឌលផ្តល់សេវាសាធារណៈនិង ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីទី២ក្នុងចំណោមស្ថានីយចំនួនបួន ដែលជាជំនួយរបស់ អង្គការUNDP ជាផ្នែកមួយរបស់ក្រសួង ដើម្បីជំរុញការប្រើប្រាស់យានយន្តអគ្គិសនីក្នុងព្រះរាជាណា ចក្រកម្ពុជាផងដែរ។
ទន្ទឹមជាមួយគ្នានោះដែរ ថ្លែងក្នុងមតិសំណេះសំណាលទៅកាន់អង្គពិធីទាំងមូល ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ពីសារសំខាន់នៃការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល សម្រួលដល់ការផ្តល់សេវា សាធារណៈ ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងគណនេយ្យភាពក្នុងការធ្វើកំណែទម្រង់ និងការ អភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ និងជំរុញការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរ កាន់តែទូលាយ និងកាន់តែជិតស្របតាមតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ទាក់ទងនឹងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនអំពី គម្រោងដំឡើងស្ថានីយបញ្ចូលថាមពលរថយន្តអគ្គិសនីនៅទីតាំងមួយចំនួនតាមបណ្តារាជធានីខេត្ត ដើម្បីជំរុញលើកទឹកចិត្ត និងទាក់ទាញការចាប់អារម្មណ៍ឱ្យមានការប្រើប្រាស់យានយន្តអគ្គសនីពីសំណាក់ សាធារណៈទូទៅ និងកិច្ចសហការជាមួយក្រុមហ៊ុននានាដើម្បីជំរុញការដំឡើងស្ថានីយបញ្ចូលថាមពល អគ្គិសនីឱ្យបានច្រើនថែមទៀត។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គណៈគ្រប់គ្រង ផ្សារ FURI TIMES SQUARE MALL ដែលបានផ្តល់ទីតាំងសម្រាប់ការផ្តល់សេវាសាធារណៈ ដោយ ឥតគិតថ្លៃរយៈពេល៥ឆ្នាំក្នុងការជំរុញការផ្តល់សេវាសាធារណៈក្នុងវិស័យដឹកជញ្ជូនផ្លូវគោក និងការប្រមូលចំណូលពន្ធ និងអង្គការUNDP ដែលបានផ្តល់ការគំាទ្រក្នុងយុទ្ធនាការជំរុញការប្រើប្រាស់យានយន្តអគ្គិសនី រួមទំាង ស្ថានីយបញ្ចូលថាមពលអគ្គិសនី និងក្រុមហ៊ុនKTS ដែលបានសហការ និងគាំទ្ររាល់គំនិតផ្តួចផ្តើម របស់ក្រសួង។
សូមជម្រាបជូនថា៖ មណ្ឌលផ្តល់សេវាសាធារណៈថ្មីនេះជាមណ្ឌលទី៦ បង្កើតឡើងក្នុងគោលបំណង ដើម្បីជួយសម្រួលដល់ការផ្តល់សេវាសាធារណៈ កាត់បន្ថយពេលវេលាទទួលសេវា កាត់បន្ថយចំណាយ ក្រៅផ្លូវការ លុបបំបាត់ នីតិវិធីស្មុគស្មាញ បង្ខិតសេវាឱ្យទៅជិតប្រជាពលរដ្ឋ ព្រមទាំងអាចគ្រប់គ្រងតាម ដានពង្រឹងប្រសិទ្ធភាព និងតម្លាភាពនៃការផ្តល់សេវាឱ្យកាន់តែមានភាពប្រសើរឡើង។
មណ្ឌលនេះមានទទឹង៩,៣ ម៉ែត្រ និងបណ្តោយ ១១,៨ ម៉ែត្រ ទំហំសរុប ១០៩ ម៉ែត្រការ៉េ រៀបចំឡើង ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធពីសំណាក់អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ ក្រុមហ៊ុនកាំត្រង់ស៊ីប និងផ្សារទំនើប FURI Times Square Mall។ មណ្ឌលនេះមានបំពាក់ដោយ ឧបករណ៍ និងសម្ភារបរិក្ខារចាំបាច់ដូចជា៖ សម្ភារការិយាល័យ កុំព្យូទ័រ ម៉ាស៊ីនថតរូប ម៉ាស៊ីនបោះពុម្ភបណ្ណ ម៉ាស៊ីនហ្វូតូកូពី ប្រព័ន្ធInternet និងសម្ភារផ្សេងៗទៀតសម្រាប់ដំណើរការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ មានកិច្ច សហការជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដៃគូ ដើម្បីធ្វើការទូទាត់បានឆាប់រហ័សប្រកបដោយ តម្លាភាព នៅពេលប្រជាពលរដ្ឋមកស្នើសុំសេវានៅក្នុងមណ្ឌល៕